សកម្មជនគណបក្សប្រឆាំងមួយគ្រួសារបានភៀសខ្លួនទៅស្នាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តបន្ទាយមានជ័យ លាយឡំនឹងការភិតភ័យ ដោយសារតែជនមិនស្គាល់មុខបានទូរស័ព្ទគំរាមសម្លាប់ និងធ្វើសកម្មភាពលួចដុតបំផ្លាញលំនៅឋានរបស់គាត់នៅភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅថ្មីៗនេះ។
លោក ឆួរ ចិន អាយុ ៥៧ឆ្នាំ ជាលេខាគណបក្សសង្គ្រោះជាតិប្រចាំស្រុកព្រះនេត្រព្រះ និងជាម្ចាស់ផ្ទះថ្លែងនៅថ្ងៃទី២១ កក្កដា ថា រូបលោក និងក្រុមគ្រួសារកំពុងព្រួយបារម្ភពីសន្តិសុខផ្ទាល់ខ្លួន ហើយកំពុងសម្ងំស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោយពីមានជនមិនស្គាល់មុខគំរាមសម្លាប់រួចមក។
លំនៅឋានរបស់លោក ឆួរ ចិន ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ត្រូវគេលួចដុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា បណ្ដាលឲ្យឆេះរាបដល់ដី ខណៈដែលរូបលោក និងក្រុមគ្រួសារគេចខ្លួនមកស្នាក់នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅទីរួមខេត្តបន្ទាយមានជ័យ។
ផ្ទះសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ស្ថិតនៅភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយការឆេះលំនៅឋាននេះ កើតមានឡើងក្រោយពីសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ រងការគំរាមសម្លាប់មួយពូជតាមទូរស័ព្ទរួចមក កាលពីថ្ងៃទី៣ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា អំពើហិង្សាលួចដុតបំផ្លាញលំនៅឋាននេះ សកម្មជនរបស់ខ្លួនមានជាប់ពាក់ព័ន្ធទៅនឹងរឿងនយោបាយ។
លោក កែ សម្ផស្ស ជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំពាក្យបណ្ដឹងដាក់តុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃច័ន្ទ ទី២២ ខែកក្កដា។ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការដុតបំផ្លាញលំនៅឋានអាចមានជាប់ពាក់ព័ន្ធទៅករណីជនមិនស្គាល់មុខ ដែលបានគំរាមគ្រួសាររបស់លោក ឆួរ ចិន កាលពីពេលកន្លងទៅថ្មីនេះ។
ទោះយ៉ាងណា សមត្ថកិច្ចប៉ូលិសនិងមន្ត្រីជំនាញពាក់ព័ន្ធដែលបានចុះទៅដល់កន្លែងកើតហេតុនោះ ពុំបានធ្វើការសន្និដ្ឋានថា ករណីនេះមានជាប់ពាក់ព័ន្ធរឿងនយោបាយ ឬជារឿងគំនុំនោះទេ។ ប៉ុន្តែកាលពីថ្ងៃទី១៩ កក្កដា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុំ សន្និដ្ឋានថា អគ្គិភ័យឆេះបំផ្លាញលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិនោះ ទំនងកើតមានឡើងដោយសារការឆ្លងចរន្តអគ្គិសនី នៅពេលពុំមានមនុស្សនៅផ្ទះ ហើយលោកបដិសេធថា ហេតុការណ៍នេះពុំមានជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ។
តែការសន្និដ្ឋានបែបនេះ ត្រូវមន្ត្រីគណបក្សប្រឆាំងច្រានចោល។ នៅកន្លែងកើតហេតុ ពួកគេរកឃើញសាច់មាន់ និងសាច់ក្រក ដែលជនសង្ស័យប្រើប្រាស់សម្រាប់បំពុលសត្វឆ្កែ។ លោក ឆួរ ចិន អះអាងថា សាច់មាន់និងសាច់ក្រកទាំងនោះ ត្រូវបានគេប្រមូលដាក់ទុកក្នុងថង់ ហើយសមត្ថកិច្ច ប៉ូលិសពុំបានយកទៅធ្វើកោសលវិច័យនោះទេ ហើយនៅថ្ងៃបន្ទាប់មានសត្វឆ្មារពីរក្បាល និងសត្វឆ្កែបីក្បាល ទៅស៊ីសាច់នោះ ក៏ត្រូវពុលងាប់ថែមទៀត។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក គី គឹមសេង នៅពុំហ៊ានធ្វើអត្ថាធិប្បាយបែបណាទេជុំវិញករណីឆេះផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិនេះ ប៉ុន្តែលោកអះអាងថា សកម្មជនគណបក្សសង្គ្រោះជាតិ លោក ឆួរ ចិន កន្លងទៅនេះទទួលរងការគំរាមសម្លាប់តាមទូរស័ព្ទពិតមែន។
ទោះយ៉ាងនេះក្ដី ក្រុមមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) និងមន្ត្រីសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ សុទ្ធតែអះអាងថា ភ្លើងឆេះលំនៅឋានសកម្មជនគណបក្សសង្គ្រោះជាតិ កើតឡើងដោយសារមានគេលួចដុតបំផ្លាញ ហើយករណីនេះមានជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយថែមទៀត។
កញ្ញា ផាត់ ម៉ារ៉ាឌី ជាមន្ត្រីឃ្លាំមើលគាររំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បញ្ជាក់ថា កន្លងទៅនេះ លោក ឆួរ ចិន ធ្លាប់រងការគំរាមសម្លាប់តាមទូរស័ព្ទចំនួនពីរលើកផ្ទួនៗគ្នា ដោយសារតែគាត់មិនព្រមលាឈប់ពីគណបក្សសង្គ្រោះជាតិ។ បន្ថែមលើនេះ លោក ស៊ុំ ច័ន្ទគា ជាអ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ បានអំពាវនាវសុំសកម្មជនគណបក្សនយោបាយរក្សាភាពចាស់ទុំបញ្ឈប់ការលាបពណ៌ដាក់គ្នាទៅវិញទៅមក ដោយសារការរើសអើងនិន្នាការនយោបាយ។
ទាំងមន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិលស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកការស៊ើបអង្កេតតាមចាប់ជនប្រព្រឹត្តិយកមកផ្ដន្ទាទោសតាមច្បាប់។ ករណីនេះពួកគេអះអាងថា ពុំមែនជាករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យមានភ្លើងឆេះផ្ទះនោះទេ ព្រោះម្ចាស់ផ្ទះជាជនរងគ្រោះត្រូវគេគំរាមសម្លាប់ផ្ទួនៗគ្នា រហូតពុំហ៊ានស្នាក់នៅផ្ទះ រត់ទៅស្នាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅឯទីរួមខេត្តបន្ទាយមានជ័យ ហើយក្រោយមកក៏មានភ្លើងឆេះផ្ទះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
