សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចោទប្រកាន់អាជ្ញាធរភូមិថា បានប្រើអំពើហិង្សាមកលើរូបគាត់ ដោយសារតែគាត់បានលើកស្លាកគណបក្សសង្គ្រោះជាតិ មួយផ្ទាំងនៅមុខផ្ទះ។
លោក លីវ ឆេង ជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ នៅភូមិស្ទឹងថ្មី ឃុំប្រមោយ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៣ មិថុនា ថា លោក សុត អេត ជាគ្រូពេទ្យ និងជាភ្នាក់ងារប្រចាំការរបស់ភូមិស្ទឹងថ្មី ប្រចាំចំណុចទួលគ្រួស បានស្ទាក់ផ្លូវនៅពេលដែលគាត់ចេញពីចម្ការ ហើយសួរគាត់ថា តើគាត់លើកស្លាកគណបក្សមានការអនុញ្ញាតពីលោក (សុត អេត) ឬទេ។
លោក លីវ ឆេង បន្តថា ពេលនោះគាត់ក៏បានឆ្លើយទៅវិញថា ម៉េចបានចាំបាច់សុំច្បាប់ពីលោក ក៏ស្រាប់តែលោក សុត អេត វាយគាត់តែម្ដង៖ «ឈ្មោះ អេត ហ្នឹង បានឃាត់ខ្ញុំឲ្យឈប់ ហើយរួចគេវាយខ្ញុំបាន ១ដៃត្រូវចំស្មាយ៉ាងខ្លាំង។ រួចគេថា ហ្អែងលើកផ្លាកហ្នឹងហ្អែងសម្អាងអី ហ្អែងដឹងទេថា ក្នុងទឹកដីនេះនរណាមិនស្គាល់អញ។ គាត់ហ្នឹងជាភ្នាក់ងាររបស់ភូមិឃុំ ខ្ញុំអត់ហ៊ានតតាំងអីទេ ហើយគេគំរាមកំហែងថា ហ្អែងប្រយ័ត្នបាត់ខ្លួន»។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក សុត អេត ពន្យល់ថា ដើមហេតុនៃជម្លោះ គឺបញ្ហាព្រំដី មិនមានពាក់ព័ន្ធនឹងរឿងស្លាកគណបក្សនោះទេ។ ហើយលោកក៏ពុំបានវាយតប់លោក លីវ ឆេង នោះដែរ។ លោក សុត អេត បន្តថា គណបក្សសង្គ្រោះជាតិ បានយករឿងជម្លោះបុគ្គលមកប្រើប្រាស់ក្នុងបំណងឲ្យគេជួយផ្សព្វផ្សាយ ដើម្បីឲ្យគេស្គាល់ពីគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ៖ «រឿងផ្លាកគណបក្សអី ខ្ញុំអត់មានប៉ះពាល់ទេបង! សុំទោស ពីព្រោះខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំអត់ត្រូវការរឿងគណបក្សប្រឆាំង ឬមិនប្រឆាំងអីទេ។ ខ្ញុំនិយាយតែពីរឿងដីធ្លីខ្ញុំដែលគេរំលោភបំពាន។ខ្ញុំអត់ដឹងថាគាត់បានលើកផ្លាកគណបក្សអីផង»។
ដូចគ្នានេះដែរ មេឃុំប្រមោយ អ្នកស្រី សេក សំអាត បដិសេធថា ជម្លោះនេះជាជម្លោះបញ្ហាដីធ្លីរវាងបុគ្គល និងបុគ្គល ពុំមានពាក់ព័ន្ធនឹងរឿងគណបក្សនយោបាយ ឬអាជ្ញាធរដែនដីទេ៖ «ខ្ញុំទើបតែដឹងរឿងនេះដែរ ហើយខ្ញុំបានសួរទៅមេភូមិ ហើយគាត់ប្រាប់ថា រឿងជម្លោះដីធ្លីទេ មិនមែនជារឿងគណបក្សនយោបាយ ឬរឿងផ្លាកគណបក្សនោះទេ។ ហើយឥឡូវ ខាងអធិការស្រុកគេហៅទៅដោះស្រាយរួចហើយ។ មិនមែនរឿងផ្លាកគណបក្សទេ គឺរឿងដីធ្លី»។
យ៉ាងនេះក្ដី សមាជិកគណៈកម្មាធិការប្រតិបត្តិខេត្ត និងជាប្រធានប្រតិបត្តិស្រុកវាលវែង នៃគណបក្សសង្គ្រោះជាតិ គឺលោក ឈុំ វណ្ណារិទ្ធ មានប្រសាសន៍ថា លោកកំពុងរៀបចំបណ្ដឹងពីករណីនេះទៅគណៈកម្មការបោះឆ្នោតឃុំ ឬហៅកាត់ថាស៊ិក (CEC) និងទៅអង្គការក្រៅរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីរកយុត្តិធម៌ដល់លោក លីវ ឆេង សមាជិកគណបក្សសង្គ្រោះជាតិ ប្រចាំភូមិដាច់ស្រយាលមួយនេះ។
ទាក់ទិនចំពោះបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សនយោបាយនៅកម្ពុជា មិនថាគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង គួរតែប្រកួតប្រជែងគ្នាដោយសុចរិត ក្នុងដំណើរការបោះឆ្នោតនេះ។ លោកថា ការគំរាមកំហែងអ្នកគាំទ្រគណបក្សនយោបាយណាមួយពីសំណាក់អាជ្ញាធរដែនដី គឺជាសកម្មភាពខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
