នាយ​នគរបាល​ប៉ុស្តិ៍​នៅ​រតនគិរី​រង​ការ​ចោទ​ថា​គំរាម​ស្មារតី​អ្នក​គាំទ្រ​បក្ស​ប្រឆាំង

ដោយ រដ្ឋា វិសាល
2014.07.22

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​លំផាត់ ខេត្ត​រតនគិរី ចោទ​ប្រកាន់​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កាឡែង ថា​បាន​ប្រើ​វិធី​គំរាម​កំហែង​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​មូលដ្ឋាន។ សកម្មជន​ទាំង​នោះ​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​សកម្មភាព​បម្រើ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​អំណាច។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាយ​នគរបាល​ប៉ុស្តិ៍ លោក ថូង ទី នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កក្កដា បាន​សុំ​ឲ្យ​ជំទប់​ទី​ពីរ​ឃុំ​កាឡែង មន្ត្រី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​មក​ប៉ូលិស ដើម្បី​ស្រង់​ស្ថិតិ។

អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​លំផាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស្វិន វ៉េវ រៀបរាប់​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​កាឡែង បាន​បដិសេធ​ទៅ​នឹង​ការ​ទាមទារ​របស់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍។ បន្ទាប់​មក លោក​ក៏​បាន​ទទួល​ទូរស័ព្ទ​ពី​នាយ​នគរបាល​ប៉ុស្តិ៍ ស្នើសុំ​បញ្ជី​ឈ្មោះ​នេះ​ដូច​គ្នា។ លោក​បន្ត​ថា បាន​បដិសេធ​មិន​ប្រគល់​បញ្ជី​ឈ្មោះ​នោះ​ទេ ពីព្រោះ​នេះ​ជា​សកម្មភាព​គំរាម​កំហែង​ផ្នែក​នយោបាយ៖ «ខ្ញុំ​សួរ​ថា​ម៉េច​បាន​យើង​ប៉ូលិស​អព្យាក្រឹត បាន​មក​សួរ​រឿង​សមាជិក​គណបក្ស។ ថ្នាក់​លើ​គេ​ថា​ឲ្យ​មក​ស្រង់ អ៊ីចឹង​ហើយ​គេ​ថា​ទម្លាប់​ប៉ុស្តិ៍​ប៉ូលិស​តែង​តែ​ស្រង់​អ៊ីចឹង ហើយ​គណបក្ស​មួយៗ​អ៊ីចឹង»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​កាឡែង លោក ថូង ទី អះអាង​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ជា​ការ​និយាយ​លលេង​ជាមួយ លោក ស្វិន វ៉េវ ជា​សាច់ញាតិ​តែ​ប៉ុណ្ណោះ។ លោក​បដិសេធ​ថា មិន​បាន​គំរាម​កំហែង ឬ​បម្រើ​នយោបាយ​អ្វី​នោះ​ឡើយ៖ «ហេ! វា​ដល់​ថ្នាក់​ហ្នឹង​ចប់​ហើយ មាន​អ្នក​ក្រៅ​ឯណា​សួរ​វា​មើល ស្វិន វ៉េវ ហើយ​និង ថូង ទី ត្រកូល​អា​ហ្នឹង​មិន​ដឹង​វា​ម៉េច​វាៗ​ចេះ​តែ​អ៊ីចឹង ជួប​គ្នា​ធម្មតា​តើ ខ្ញុំ​សួរ​លេង​ហ្នឹង​មាន​ស្អី»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ជំទប់​ទី​ពីរ​ឃុំ​កាឡែង លោក សូន ណែ និង​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​អះអាង​របស់​នាយ​ប៉ូលិស ថា​ជា​សម្ដី​ភូតភរ​ដោះសា​ក្រឡេចក្រឡុច។ លោក​កត់​សម្គាល់​ថា លោក​បាន​បដិសេធ​សំណើ​របស់​មន្ត្រី​ប៉ូលិស ទើប​មន្ត្រី​ប៉ូលិស​សុំ​លេខ​ទូរស័ព្ទ​ទៅ លោក ស្វិន វ៉េវ ជា​អនុប្រធាន​បក្ស​ស្រុក ដើម្បី​សុំ​បញ្ជី​ឈ្មោះ​នេះ​ជា​ថ្មី​ទៀត៖ «អ៊ីចឹង​មេ​ប៉ុស្តិ៍​ត្រឡប់​ត្រឡិន និយាយ​ផ្ដេសផ្ដាស បាត​ដៃ​ខ្នង​ដៃ។ សួរ​ខ្ញុំ​សួរ​បញ្ជី​ខ្ញុំ​ថា​អត់​មាន​ទេ សួរ​ខ្ញុំ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្មានៗ​នាក់ ខ្ញុំ​ថា​អត់​ដឹង​ទេ ចង់​សួរ​ឲ្យ​សួរ វ៉េវ ទៅ»

ទាក់ទិន​ករណី​នេះ ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ក្រោម​ហេតុផល​ហួស​សមត្ថកិច្ច​របស់​លោក។

យ៉ាង​នេះ​ក្តី លេខា​គណៈកម្មការ​សង្កេតការណ៍​ដើម្បី​ការ​បោះ​ឆ្នោត​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ប្រចាំ​ខេត្ត​រតនគិរី លោក ជួន ភិនដារ៉ា ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​គំរាម​ស្មារតី​សកម្មជន​គណបក្ស​នយោបាយ។ លោក​ថ្លែង​ថា មន្ត្រី​មូលដ្ឋាន​មិន​អាច​សុំ​យក​បញ្ជី​ឈ្មោះ​សមាជិក​គណបក្ស​នយោបាយ ដើម្បី​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​នោះ​ឡើយ៖ «យើង​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ទៅ​ធ្វើ​អ៊ីចឹង​ទេ ទៅ​សុំ​ជា​លក្ខណៈ​បំភិតបំភ័យ​ដល់​បុគ្គល ឬ​តំណាង​គណបក្ស​នយោបាយ​ហ្នឹង​ទេ»

នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ផ្ទុះ​ចេញ​អំពើ​ហិង្សា​រវាង​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ និង​សកម្មជន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា នា​ទីលាន​ប្រជាធិបតេយ្យ រួម​ទាំង​ការ​ចាប់​ខ្លួន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ៧​រូប និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​មក គេ​សង្កេត​ឃើញ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​នគរបាល​ចរាចរណ៍ បាន​ដាក់​របាំង​ត្រួត​ពិនិត្យ​ដង​ផ្លូវ​ជាតិ​លេខ​៧៨​អា ចំណុច​ច្រក​ផ្លូវ​ចេញ​ពី​ទី​រួម​ខេត្ត ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចរាចរណ៍ និង​អាវុធ​ជាតិ​ផ្ទុះ ក៏ប៉ុន្តែ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​សកម្មភាព​នេះ​ថា​ចេតនា​រារាំង មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ធ្វើ​ដំណើរ​ទៅ​តវ៉ា​ពី​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។