គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា ការប្រើប្រាស់វប្បធម៌សន្ទនាជាមួយបក្សកាន់អំណាចនៅតែមិនងាករេនោះទេ។ បើទោះជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចោទប្រកាន់ថា ក្រុមកម្មករអូសរទេះធ្វើបាតុកម្មនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលថ្ងៃទី២៥ ឧសភា កន្លងទៅ ថាគណបក្សសង្គ្រោះជាតិ ប្រើប្រាស់វប្បធម៌សន្ទនាដើម្បីជាការញុះញង់ និងជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈក៏ដោយ។
មន្ត្រីនាំពាក្យគណបក្សប្រឆាំង មានប្រសាសន៍នៅថ្ងៃទី១ មិថុនា ថា លោកមិនខ្វល់នឹងការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលថាមន្ត្រីគណបក្ស សម រង្ស៊ី សង្កាត់ប៉ោយប៉ែត និងបក្សពួកជាអ្នកនៅពីក្រោយខ្នងញុះញង់កម្មករអូសរទេះ ឲ្យធ្វើបាតុកម្មបង្កការខូចទ្រព្យសម្បត្តិនោះឡើយ។
លោក យឹម សុវណ្ណ បញ្ជាក់ថា ការធ្វើបាតុកម្មនៅក្រុងប៉ោយប៉ែត កាលពីចុងខែឧសភា នោះ ពុំមានពាក់ព័ន្ធនឹងមន្ត្រីគណបក្សប្រឆាំងដូចការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី លោក កែ គឹមយ៉ាន ឡើយ។ លោកបន្តថា បើទោះជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ទម្លាក់កំហុសមកលើចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែរក្សាវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ដដែល៖ «តាមខ្ញុំតាមដានមើលពុំមានចំណុចណាមួយដែលថា ចៅសង្កាត់រងទី២សង្កាត់ប៉ោយប៉ែត ទៅញុះញង់ការធ្វើបាតុកម្ម គឺជារឿងដែលផ្ទុះចេញដោយខ្លួនឯងទេ។ ដោយសារតែកម្មករមិនពេញចិត្តនឹងការយកពន្ធគយទេ។ ខាងសមត្ថកិច្ចគួរស្រាវជ្រាវបញ្ហានេះ ប្រសើរជាងងាកមកលាបពណ៌មន្ត្រីគណបក្សប្រឆាំង ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌សន្ទនាគ្នានោះទេ»។
ការលើកឡើងរបស់ លោក យឹម សុវណ្ណ នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងក្នុងពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ មិថុនា ដែលកាសែតក្នុងស្រុកបានស្រង់សម្ដីលោកថា ការធ្វើបាតុកម្មនៅក្រុងប៉ោយប៉ែត របស់កម្មករអូសរទេះនោះ គឺលោកសំដៅលើសមាជិកគណបក្សសង្គ្រោះជាតិ នៅពីក្រោយខ្នង ដែលគណបក្សនេះប្រើប្រាស់វប្បធម៌សន្ទនា ប្រែក្លាយទៅជាវប្បធម៌ញុះញង់ បំផ្លាញទ្រព្យសម្បត្តិរដ្ឋ។ លោកជំរុញឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ត្រូវចាត់ការអ្នកញុះញង់នេះទៅតាមផ្លូវច្បាប់ឲ្យបានឆាប់។
យ៉ាងណា អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់ថា លោកពុំបានដឹងជុំវិញការប្ដឹងផ្ដល់មន្ត្រីគណបក្ស សម រង្ស៊ី សង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករអូសរទេះនៅមុខស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត នោះនៅឡើយទេ៖ «រឿងចាត់ការផ្លូវអីយ៉ាងណានោះ ខ្ញុំអត់បានដឹងទេ។ ខ្ញុំគ្រាន់តែទៅការពារសន្តិសុខសណ្ដាប់ធ្នាប់ជុំវិញនឹងការធ្វើបាតុកម្មនោះទេ»។
ចំណែកចៅសង្កាត់រងទី២ មកពីគណបក្ស សម រង្ស៊ី សង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា មានប្រសាសន៍ថា លោកពុំមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់ក្រុមកម្មករអូសរទេះនៅក្រុងប៉ោយប៉ែត កាលពីចុងខែឧសភា នោះទេ។ លោកបន្តថា លោកមិនបារម្ភនឹងការចោទប្រកាន់លោកទៅតុលាការពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែត នោះឡើយ៖ «លោកអភិបាលក្រុងប៉ោយប៉ែត បានចោទប្រកាន់មកលើរូបខ្ញុំនេះជាច្រើនដងមកហើយ ប៉ុន្តែខ្ញុំគ្មានអារម្មណ៍គិតថាភ័យខ្លាច ឬតក់ស្លុតទេ ព្រោះអីខ្ញុំមិនបានធ្វើអីខុសផង»។
របាយការណ៍របស់អភិបាលក្រុងប៉ោយប៉ែត បង្ហាញថា ការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករអូសរទេះ ដែលពួកគេតវ៉ាកាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ បង្កការខូចខាតរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារបង្អួចស្នាក់ការគយខូចខាតមួយចំនួនទៀត និងរងរបួសស្រាលមន្ត្រីសន្តិសុខគយម្នាក់ និងរបួសធ្ងន់កម្មករអូសរទេះម្នាក់។ តែយ៉ាងណា ខាងសមត្ថកិច្ចពុំទាន់កំណត់ជាក់លាក់លើការខូចខាត រួមទាំងការកកស្ទះរថយន្តនាំទំនិញចេញចូលរវាងកម្ពុជា និងថៃ នៅពេលកម្មករតវ៉ានោះនៅឡើយ។ ការតវ៉ានោះ សមត្ថកិច្ចពុំទាន់មានការដោះស្រាយតាមការទាមទារពីសំណាក់កម្មករអូសរទេះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
