បក្ស​ប្រឆាំង​និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​គ្រោង​ប្រារព្ធ​ពិធី​រំឭក​ខួប​ថ្ងៃ​ទី​១៧​មេសា

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជើង​ឯក នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ពិធី​នេះ​គណបក្ស​របស់​លោក​បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​ដាក់​បាត្រ។ លោក​បន្ត​ថា ក្រៅ​ពី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ពិធី​នេះ​ជា​ការ​ដាស់​តឿន​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​ចងចាំ​ពី​ការ​បែក​បាក់​ក្នុង​សង្គម​ខ្មែរ និង​ការ​កាប់​សម្លាប់​គ្នា ដែល​គួរ​ចៀសវាង៖ «យើង​ធ្វើ​ការ​រំឭក​ហ្នឹង ដើម្បី​ឲ្យ​ខ្មែរៗ​គ្រប់ៗ​រូប ជាពិសេស​អ្នក​នយោបាយ​ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ខ្ទេចខ្ទាំ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែក​បាក់ ខូចខាត​ទ្រព្យ​សម្បត្តិ​ជាតិ តាំង​ធនធាន​មនុស្ស។ ទី​២ គឺ​ចង់​ឲ្យ​តុលាការ​ដែល​កំពុង​ដំណើរ​ការ​កាត់​សេចក្តី កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ធ្វើ​ម៉េច​ដំណើរ​ការ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ»

ចំពោះ​ចំនួន​អ្នក​ចូលរួម​ក្នុង​ពិធី​នេះ លោក យឹម សុវណ្ណ នៅ​មិន​ទាន់​អាច​បញ្ជក់​បាន​នៅ​ឡើយ។ យ៉ាង​ណា​លោក​អះអាង​ថា កាល​ពី​ឆ្នាំ​មុន គឺ​មាន​អ្នក​ចូលរួម​ប្រមាណ​ពី ៥០០​នាក់ ទៅ ១​ពាន់​នាក់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពិធី​បង្សុកូល​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ១១​ព្រឹក។

ទាក់ទង​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ដែរ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក៏​គ្រោង​ថា​នឹង​ធ្វើ​ពិធី​រំឭក​ខួប ៤០​ឆ្នាំ​នៃ​ការ​ដួល​រលំ​នៃ​ទីក្រុង​ភ្នំពេញ ចូល​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ។ ពិធី​នេះ​ធ្វើ​នៅ​បរិវេណ​មាត់​ទន្លេ​ខាង​មុខ​វត្ត​ឧណ្ណាលោម ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ៨​យប់។ មហា​ជន​ដែល​ចូលរួម អាច​រំឭក​ការ​ចងចាំ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ និង​បណ្ដែត​ប្រទីប​លើ​ដង​ទន្លេ​ចតុមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។