គណបក្សសង្គ្រោះជាតិ ចាត់តាំងមន្ត្រីជាន់ខ្ពស់របស់ខ្លួនប្រាំរូប សុំជួបចរចាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជជែកពិភាក្សាករណីក្រសួងចោទប្រកាន់ថា គណបក្សធ្វើសមាជវិសាមញ្ញជ្រើសរើសក្បាលម៉ាស៊ីនបក្ស ខុសលក្ខន្តិកៈ និងសំណើដកចេញពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឆ្លើយតបថា ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនកែប្រែអ្វីដែលខុសឆ្គងនោះទេ មិនបាច់ជួបចរចាក៏បានដែរ។
សំណើសុំជួបចរចានេះ គណបក្សសង្គ្រោះជាតិ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៣ ខែមីនា នេះ ផ្ញើទៅក្រសួងមហាផ្ទៃ ដើម្បីសុំជួបលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឬមន្ត្រីផ្សេងទៀតនៃក្រសួងនេះ ដើម្បីជជែករកដំណោះស្រាយពីខ្លឹមសារលិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ការប្រកាសសុំជួបភាគីក្រសួងមហាផ្ទៃ ពីសំណាក់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ក្រោយពេលក្រសួងមហាផ្ទៃ ផ្ញើលិខិតទៅគណបក្សសង្គ្រោះជាតិ ប្រាប់ថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មីកាលពីដើមខែមីនា ផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៣ និងសំណើរបស់ក្រសួងមហាផ្ទៃ ស្នើឲ្យគណបក្សសង្គ្រោះជាតិ ដកចេញពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ព្រោះពាក្យនេះផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់គណបក្សនយោបាយ និងច្បាប់បោះឆ្នោត។
លិខិតរបស់លោក ស ខេង ចុះថ្ងៃទី២២ ខែមីនា រៀបរាប់ថា អាណត្តិនៅសល់មានរយៈពេលតិចជាង ១៨ខែ គិតត្រឹមកាលបរិច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អាស៊ីសេរីថា គណបក្សដាក់លិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមីនា ដោយស្នើជួបរដ្ឋមន្ត្រី ឬមន្ត្រីក្រសួងនេះ ដើម្បីជជែករឿងនេះឲ្យច្បាស់។ អ្វីលើសពីនេះ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយនោះទេ៖ « គណបក្សបានសរសេរលិខិតទៅជូនសម្ដេចក្រឡាហោម ស្នើសុំជួបសម្ដេច ឬក៏តំណាងក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាពីបញ្ហាដែលបានលើកឡើងពីនៅក្នុងលិខិតហ្នឹង»។
ឆ្លើយតបនឹងសំណើបក្សប្រឆាំង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនព្រមកែប្រែតាមអ្វីដែលក្រសួងមហាផ្ទៃ បានលើកឡើងនេះទេ ការជួបគ្នានេះក៏គ្មានប្រយោជន៍អ្វីឡើយ។ ចំពោះចំណាត់ការយ៉ាងណារបស់ក្រសួងមហាផ្ទៃ មកលើគណបក្សសង្គ្រោះជាតិ លោក ខៀវ សុភ័គ ថាអាស្រ័យលើគណបក្សប្រឆាំងវិញទេ តើយល់ព្រមកែតម្រូវកំហុសឆ្គងរបស់ខ្លួនដែរឬទេ?
ចំណែកសំណើឲ្យគណបក្សសង្គ្រោះជាតិ ដកចេញពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះនិយាយថា នេះគ្រាន់តែស្នើសុំឲ្យដកចេញទេ។ ដកឬមិនដក អាស្រ័យលើគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោកព្រមានថា បើគណបក្សសង្គ្រោះជាតិ មិនដកពាក្យនេះទេ នឹងមានបញ្ហាកើតឡើងជាបន្តទៀត៖ « ការដកមិនដក អាស្រ័យទៅលើអស់លោកប្រកាន់ទៅលើមាគ៌ាតឹងតែង ឬគេហៅថាពាក្យខ្មែរពាក្យសាមញ្ញ ពួកក្បាលរឹងហ្នឹងឯង។ បើមិនដកទេ វាមានវែងឆ្ងាយជាងនេះទៀតមិនចប់ទេ » ។
គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី២ ខែមីនា ដោយកែប្រែប្រការចំនួនពីរនៅក្នុងលក្ខន្តិកៈគណបក្ស និងជ្រើសរើសក្បាលម៉ាស៊ីនថ្មីដឹកនាំបក្ស មានលោក កឹម សុខា ជាប្រធាន និងអនុប្រធានបីរូប។ ភ្លាមៗនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់អបអរលោក កឹម សុខា។ ក្នុងពេលនោះដែរ លោក សម រង្ស៊ី សរសេរលើហ្វេសប៊ុករបស់លោកថា នេះជាការទទួលស្គាល់ភាពស្របច្បាប់នៃថ្នាក់ដឹកនាំថ្មីនៃគណបក្សសង្គ្រោះជាតិ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថា គំនិតខ្វែងគ្នាពីភាពស្របច្បាប់នៃសមាជវិសាមញ្ញរបស់គណបក្ស ផ្ដើមពីលោក ស ខេង និងលោក ហ៊ុន សែន ដូចនេះ ព្រោះតែគណបក្សសង្គ្រោះជាតិ ប្រើពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ លោកយល់ថា ប្រសិនបើការចរចារវាងគណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃ កើតមាន នឹងធ្វើឲ្យស្ថានការណ៍ប្រែស្ងប់ស្ងាត់វិញ៖ «ចឹងបានន័យថាជំហររបស់ក្រសួងមហាផ្ទៃ គាត់ចង់ឲ្យគណបក្សសង្គ្រោះជាតិ ដកសារ ( ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ) ហ្នឹងចេញ ហើយបានជួបចរចារឿងសមាជប្រហែលមិនមានរឿងអីធំទេ។ គណបក្សសង្គ្រោះជាតិ យល់ព្រមដកសារនោះចេញទៅប្រហែលជានិយាយគ្នាបានហើយតាមមើល»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រកាសកាលពីពេលថ្មីៗនេះថា សកម្មជនអាចប្រើពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ លោកថា ពាក្យនេះមិនជាប់ពាក់ព័ន្ធនឹងគោលនយោបាយរបស់ខ្លួនទាំង ៥ចំណុច ដែលសមាជវិសាមញ្ញសម្រេចដាក់ចេញយកទៅប្រើប្រាស់ក្នុងពេលឃោសនាបោះឆ្នោតខាងមុខនោះទេ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមានប្ដឹងគណបក្សសង្គ្រោះជាតិ បើបន្តប្រើពាក្យនេះក្នុងការឃោសនារកសំឡេងឆ្នោតខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
