សាលា​ក្រុង​មិន​ទាន់​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​សមាជ​មាន​អ្នក​ចូល​រួម​២​ម៉ឺន​នាក់

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀប​ចំ​ពិធី​ជួប​ជុំ​មហា​ជន ចំនួន ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ខាង​មុខ​នេះ។ គម្រោង​រៀប​ចំ​ពិធី​សមាជ​មហា​ជន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មក​ជួប​ជុំ​សម្ដែង​មតិ និង​ផ្ដល់​អនុសាសន៍​សំខាន់ៗ​ក្នុង​ការ​ទាមទារ​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត។

0:00 / 0:00

សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​ពិធី​សមាជ​មហា​ជន នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ ប៉ុន្តែ​នៅ​មិន​ទាន់​និយាយ​ត្រូវរ៉ូវ​គ្នា​លើ​ចំនួន​អ្នក​ចូល​រួម​នោះ​ទេ។

នាយក​ទីចាត់ការ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​១ តុលា ថា បន្ទាប់​ពី​ពិភាក្សា​គ្នា​រួច សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ពិធី​សមាជ​នេះ​ឡើង​ទៅ​តាម​កាល​កំណត់។ ប៉ុន្តែ អ្វី​ដែល​នៅ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ចង់​បាន​អ្នក​ចូល​រួម ២​ម៉ឺន​នាក់ ដែល​មិន​សមាមាត្រ​ទៅ​នឹង​ទីធ្លា​នៃ​ទីលាន​ប្រជាធិបតេយ្យ។ បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​សុំ​គោលការណ៍​ពី​ក្រសួង​មហា​ផ្ទៃ ជា​មុន​សិន។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នៅ​តែ​ប្រកាន់​ជំហរ​ថា នៅ​តែ​ធ្វើ​បើ​ទោះ​ជា​ក្រសួង​មហា​ផ្ទៃ មិន​អនុញ្ញាត​ក្ដី ដោយ​គណបក្ស​សង្គ្រោះ​ជាតិ យោង​ទៅ​លើ​បទ​ពិសោធន៍​នៃ​ការ​រៀប​ចំ​មហា​បាតុកម្ម​កន្លង​មក ដែល​ប្រកាន់​គោលការណ៍​អហិង្សា។

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ជា​ហូរហែ បន្ទាប់​ពី​ធ្វើ​មហា​បាតុកម្ម​ពីរ​លើក ដើម្បី​ទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត តែ​ពុំ​បាន​ជោគជ័យ​នោះ។ ជា​ថ្មី​ម្ដង​ទៀត គណបក្ស​នេះ​បាន​ចាប់​ផ្ដើម​កំណត់​ពេល​វេលា​ធ្វើ​សកម្មភាព​បន្ត​បន្ទាប់​ទៀត ដោយ​មាន​ផែន​ការ​ចំនួន​បី​ចំណុច គឺ​ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ចំណុច​ទី​២ គឺ​ធ្វើ​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​ចំណុច​ចុង​ក្រោយ ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​យក​ញត្តិ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាម​រយៈ​តំណាង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ​ថា បក្ស​ប្រជាជន​ឈ្នះ ៦៨​កៅអី។ ចំណែក​បក្ស​សង្គ្រោះ​ជាតិ បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា លទ្ធផល​នេះ​មិន​ត្រឹមត្រូវ ព្រោះ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​ឡើង​វិញ និង​អំពាវនាវ​ឲ្យ​អង្គការ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ចូល​រួម​ដោះស្រាយ តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ប្រជុំ​សភា និង​បង្កើត​រដ្ឋាភិបាល​តែ​ឯក​ឯង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំង​ថា នឹង​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នៃ​កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន ចេញ​ជា​សាធារណៈ អំពី​ការ​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​គណបក្ស​នេះ​ធ្វើ​បាតុកម្ម​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។