លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមក្នុងសិក្ខាសាលាដើម្បីបើកឲ្យសាធារណជន និងអង្គការសង្គមស៊ីវិល ពិភាក្សាសេចក្ដីព្រាងច្បាប់អង្គការ-សមាគម នៅព្រឹកពុធ ទី៨ ខែកក្កដា នេះទេ។
លោក ហូរ វ៉ាន់ ដែលជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដែរនោះ អះអាងថា ការធ្វើពហិការនេះគឺជំរុញឲ្យរដ្ឋសភាបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យកែតម្រូវមាត្រាមួយចំនួនដែលប៉ះពាល់ដល់សិទ្ធិសេរីរបស់អង្គការសង្គមស៊ីវិល ហើយដើម្បីឲ្យអង្គការទាំងនោះមានឱកាសគ្រប់គ្រាន់ចូលរួមផ្ដល់អនុសាសន៍កែលំអលើមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ៖ «មូលហេតុមកពីយើងមើលឃើញថា ច្បាប់នេះមានភាពចម្រូងចម្រាសខ្លាំងពីសង្គមស៊ីវិល ពីមហាជន ពីសមាគមរាប់ម៉ឺនដែលកំពុងបម្រើការនៅកម្ពុជា ហ្នឹង គឺគាត់មិនសុខចិត្តទេ...»។
លោក ហូរ វ៉ាន់ លើកឡើងទៀតថា ប្រសិនបើរដ្ឋសភាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅតែបន្តយកសេចក្ដីព្រាងច្បាប់នេះទៅប្រជុំអនុម័តនៅពេលខាងមុខដោយពុំមានការកែប្រែទេនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាជាថ្មីទៀតថា តើត្រូវចូលរួមប្រជុំ ឬមិនចូល? យ៉ាងនេះក្ដី លោកបន្ថែមថា មកទល់ពេលនេះ លោកមិនទាន់ដឹងថា សភានឹងរៀបចំប្រជុំនៅពេលណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
