គណបក្ស​ប្រឆាំង​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

ដោយ យ៉ង ចាន់តារា
2015-07-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋសភា គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា។ គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​ដៃគូ​សន្ទនា​នោះ បែរ​ជា​ចេញ​សេចក្ដី​ប្រកាស​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទៅ​វិញ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

តើ​មូលហេតុ​អ្វី​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​មិន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ?

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​មួយ ប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ពិភាក្សា ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ដែល​សភា​គ្រោង​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣ កក្កដា។

សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ក្នុង​ការ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​សោកស្ដាយ និង​ខក​ចិត្ត​ចំពោះ​រដ្ឋសភា ដែល​មិន​ទទួល​យក​គំនិត​យោបល់​ស្ទើរ​តែ​ទាំង​ស្រុង​របស់​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​បាន​ប្រញាប់ប្រញាល់​ក្នុង​ការ​ប្រជុំ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ។

ទាក់ទង​នឹង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១៣ កក្កដា មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នឹង​ជួប​ជុំ​គ្នា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា ទម្លាក់​ចោល​ការ​អនុម័ត​ច្បាប់​នេះ។ លោក​បន្ត​ទៀត​ថា តាម​គម្រោង ការ​ប្រមូល​ផ្តុំ​គ្នា​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៧​កន្លះ​ព្រឹក នៅ​មុខ​រដ្ឋសភា តែ​បើ​មាន​ការ​រារាំង នឹង​ត្រូវ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទៀត បើ​សិន​ជា​រដ្ឋសភា​នៅ​តែ​បន្ត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​តាម​ការ​គ្រោង​ទុក​នោះ។

ច្បាប់​អង្គការ សហជីព ៦២០
យុទ្ធនាការ​តវ៉ា​ប្រឆាំង​ច្បាប់​អង្គការ សមាគម និង​ច្បាប់​សហជីព​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១៥។ Photo: RFA

លោក អំ សំអាត ក៏​បាន​បញ្ជាក់​ជំហរ​ថា អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​ការ​ទាមទារ​របស់​ខ្លួន​ត​ទៅ​ទៀត បើ​ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ក៏ដោយ៖ «យើង​នៅ​តែ​បន្ត​ធ្វើ ទោះ​បី​ជា​សភា​អនុម័ត​ក៏ដោយ ក៏​យើង​នៅ​មាន​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៀត។ បើ​សិន​ជា​ច្បាប់​នេះ​វា​ផ្ទុយ​អំពី​រដ្ឋធម្មនុញ្ញ ផ្ទុយ​អំពី​បទដ្ឋាន​អន្តរជាតិ យើង​នឹង​តស៊ូ​មតិ​ត​ទៅ​ទៀត គឺ​សុំ​ឲ្យ​ព្រឹទ្ធសភា ធ្វើ​ការ​ទម្លាក់​ចោល ឬ​ក៏​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បកស្រាយ​អំពី​ធម្មនុញ្ញភាព ដើម្បី​កុំ​ឲ្យ​មាន​ការ​បញ្ជូន​ច្បាប់​នេះ​ទៅ​ថ្វាយ​ព្រះករុណា (ព្រះមហាក្សត្រ) ដើម្បី​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ»

ទាក់ទង​នឹង​ពហិការ​របស់​គណបក្ស​ប្រឆាំង និង​គម្រោង​តវ៉ា​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១២ កក្កដា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​បញ្ជាក់​ថា ជា​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក​របស់​លោក។

កន្លង​មក អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន រួម​ទាំង​គណបក្ស​ប្រឆាំង​ផង បាន​ធ្វើ​ការ​រិះគន់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ថា​មាន​លក្ខណៈ​គាប​សង្កត់ និង​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ម៉ូតូខ្ញុំខូចយកទៅជុសជុលនៅម្តុំទួលសង្កែ ជាងជុសជុលម៉ូតូនិយាយថា
សង្ឃឹមអីទៀតបងអើយ បើសមរង្សីចុះចូលជាមួយ ហុន សែន ហើយនោះ

Jul 13, 2015 03:40 AM

អ្នក​អាន​អនាមិក

ពី បារាំង

ជាជាងនៅទំនេរ ហើយដោយដឹងមុនថា ថ្វើទៅក៏បក្សប្រជាជនគេមិនខ្វល់ តែក្នុងនាមតាំងខ្លួនជាមេបក្សប្រឆាំង
ទៅហើយ ចេះតែបោះសន្ទូចទៅ ក្រែងលោ.....។ កាលណាគេជាអ្នកនយោបាយមិនចោលម្សៀត ស្មារតីចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា ជាអំពើបាចអង្កាមច្រាសខ្យល់។ បើទង្វើនេះ ក្លាយជាទម្លាប់មែននោះ
គួរតែខំប្រឹងនាំចិត្តបំបាត់ចោលឱ្យអស់ ដើម្បីឱ្យពលរដ្ឋខ្មែរត្រឡប់មករកបង្អែកគូរឱ្យទុកចិត្តបានខ្លះ...ព្រោះខ្មែរទាំងអស់កំពុងវិលវល់រកយកបង្គោលច្បស់លាស់មិនទាន់ប្រាកដក្នុងចិត្ត។ ព្រោះអ្នកនយោយ(ដោយសន្មត)ទាំងអម្បាលម៉ានក្នុងស្រុកខ្មែរ សុទ្ធតែជាអ្នកវោហារសាស្រ្ត មិនមែនចេញមកពីចំណេះចេះដឹងជ្រៅជ្រះ
ខាងនយោបាយវិទ្យាដូចប្រទេសគេផ្សេងក្នុងពិភពលោកនេះទេ អ្នកខ្លះពូកែខាងព្រោកប្រាជ្ញបែកជាអូរហូរជាស្ទឹង

Jul 13, 2015 03:24 AM

គេហទំព័រ​ទាំងមូល