អ្នក​វិភាគ​សង្គម​ថា​ការ​បែកបាក់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មែន​ជា​ជម្រើស​ល្អ​ទេ

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) មួយ​ប្រាប់​ឲ្យ​អ្នក​គាំទ្រ​ឲ្យ​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា ស្រប​ពេល​ដែល​កូនស្រី​របស់​លោក​រិះគន់​លោក សម រង្ស៊ី ពី​ការ​មាន​លេស​មិន​ចូល​ស្រុក។ អ្នក​វិភាគ​សង្គម​ថា នៅ​ពេល​នេះ​ការ​បែក​បាក់​គណបក្ស​ប្រឆាំង​មួយ​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ទេ។

សារ​លើ​ហ្វេសប៊ុក មួយ​របស់​លោក កឹម សុខា បង្ហោះ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា សរសេរ​ថា "ជា​ធម្មតា​យើង​ធ្វើ​ដំណើរ​កាត់​ភ្លៀង​តែងតែ​ទទឹក​ហើយ ក៏​ប៉ុន្ដែ​បើ​ពេល​វេលា​ចាំបាច់​តម្រូវ​ឲ្យ​យើង​ទៅ​ឲ្យ​ដល់​គោលដៅ​នោះ យើង​ត្រូវតែ​ធ្វើ! យើង​ត្រូវតែ​ហ៊ាន​ប្រឈម! យើង​មិន​ត្រូវ​គេចវេះ ឬ​ខ្លាចរអា​ឡើយ"

ការ​លើក​ឡើង​បែប​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចំណាប់​អារម្មណ៍​របស់​សាធារណជន​កំពុង​ផ្ដោត​មក​លើ​កូនស្រី​របស់​លោក កឹម សុខា ផ្ទាល់ គឺ​កញ្ញា កឹម មនោវិទ្យា ដែល​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ធ្វីតធឺ (Twitter) ផ្ទួនៗ ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រិះគន់​ទៅ​លើ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ទេ ថា​តើ​សារ​ហ្វេសប៊ុក របស់​លោក កឹម សុខា ជា​ការ​គាំទ្រ​ទៅ​លើ​កូនស្រី​របស់​លោក ហើយ​សំដៅ​ទៅ​លោក សម រង្ស៊ី យ៉ាង​ណា​ទេ។ ប៉ុន្តែ​លោក​បន្ត​ថា ក្នុង​ប្រទេស​កម្ពុជា ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជា​កម្លាំង​ប្រឆាំង​តែ​មួយ​គត់​សម្រាប់​រដ្ឋាភិបាល ការ​បែក​បាក់​គ្នា​នៅ​ក្នុង​បក្ស​ប្រឆាំង​មួយ​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ៖ «បើ​ខ្ញុំ​ជា​កូន​លោក កឹម សុខា ខ្ញុំ​ត្រូវ​ប្រយ័ត្នប្រយែង ព្រោះ​ជាតិ​ត្រូវ​ការ​អ្នក​រួប​រួម​គ្នា មិន​ត្រូវ​ការ​អ្នក​បំបែក​ទេ។ ប្រសិន​សម្ដី​របស់​កូន​លោក កឹម សុខា ក្លាយ​ទៅ​រឿង​មួយ​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​គណបក្ស​សង្គ្រោះ​ជាតិ នាង​នឹង​មាន​វិប្បដិសារី និង​ទទួល​បាន​ការ​ជេរ​ស្ដីពី​សំណាក់​មហាជន»

កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​លើ​បណ្ដាញ​សង្គម ធ្វីតធឺ កញ្ញា កឹម មនោវិទ្យា បង្ហោះ​សារ​មួយ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ត្រឡប់​មក​កម្ពុជា។ កញ្ញា​បាន​សរសេរ​ថា៖ "អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ទី​បំផុត​លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ​អាច​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​និរទេស​របស់​ខ្លួន​ហើយ។ គាត់​ថែម​ទាំង​មាន​ហេតុផល​សមស្រប​សម្រាប់​បន្ត​នៅ​បរទេស​ទៀត"

នេះ​មិន​មែន​ជា​ការ​សរសេរ​សារ​រិះគន់​លើក​ទី​១​របស់​កញ្ញា កឹម មនោវិទ្យា ទេ។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា កញ្ញា​ក៏​ធ្លាប់​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា ចង់​ចូលខ្លួន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ដោះលែង​មន្ត្រី​គណបក្ស​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែរ។ តែ​កញ្ញា មនោវិទ្យា ហៅ​សំណើ​ជា​ថ្នូរ​ដោះដូរ​នេះ​ថា​ជា​ការ​កុហក កើត​ឡើង​ដោយសារ​លោក សម រង្ស៊ី មើល​ភាពយន្ត​ច្រើន​ពេក​នៅ​ពេល​ទំនេរ។

សារ​រិះគន់​ជារឿយៗ ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​កូនស្រី​របស់​ប្រធាន​ស្ដីទី​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បកស្រាយ​ថា ជា​ការ​បញ្ចេញមតិ​របស់​កញ្ញា កឹម មនោវិទ្យា តែប៉ុណ្ណោះ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​បក្ស​ទាំង​មូល​ឡើយ។ អ្នកស្រី​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ ដូច​នេះ​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​បញ្ចេញ​មតិ​របស់​គេ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦ ក៏​បាន​បញ្ចេញមតិ​របស់​ពួកគេ​ដែរ តាម​រយៈ​ការ​ដាក់​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រឆាំង រិះគន់​ទៅ​លើ​សម្ដី​របស់​កញ្ញា កឹម មនោវិទ្យា ថា ជា​ការ​វាយប្រហារ និង​ប្រមាថ​មើល​ងាយ​ទៅ​លើ​លោក សម រង្ស៊ី។ ពួកគេ​ទាមទារ​ឲ្យ​កូន​ប្រធាន​ស្ដីទី​រូប​នេះ ធ្វើ​ការ​កែប្រែ​នូវ​ពាក្យ​សម្ដី​របស់​ខ្លួន។

​លោក សម រង្ស៊ី ត្រូវ​រដ្ឋាភិបាល​កម្ពុជា ហាម​មិន​ឲ្យ​ចូល​ស្រុក ដែល​ជា​រឿង​មួយ​ដែល​គេ​មើល​ឃើញ​ថា បម្រាម​នេះ ជា​ការ​បំពាន​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ។ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​ដែល​ធ្វើ​ការ​ហោះហើរ​មក​កម្ពុជា មិន​ឲ្យ​ទទួល​លោក សម រង្ស៊ី ទេ ហើយ​យន្តហោះ​ណា​មួយ​ដែល​ធ្វើ​ខុស​ពី​បទបញ្ជា​នេះ នឹង​ត្រូវ​បង្វែរ​ឲ្យ​ហោះ​ទៅ​កាន់​អាកាសយានដ្ឋាន​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។