មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​ហែ​ក្បួន​ឃោសនា​បក្ស​សង្គ្រោះ​ជាតិ​នៅ​ភាគ​ពាយ័ព្យ

ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អ្នក​គាំទ្រ​ចូលរួម​ជាច្រើន​ម៉ឺន​នាក់​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​ បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ ពុំ​ហេតុការណ៍ ឬ​មាន​ឧបសគ្គ​អ្វី កើត​ឡើង​នោះ​ទេ។

0:00 / 0:00

អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​ភាគ​ពាយ័ព្យ ដ៏​ច្រើន​លើស​លប់​​នេះ មិន​ធ្លាប់​មាន​ទេ​​​ ចាប់​តាំង​ពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​មក។

មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់ ​បាន​ចូល​រួម​ក្នុង​​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹក​នាំ​ ​ដោយ​លោក សម រង្ស៊ី លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ នៅ​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា។ ក្បួន​ឃោស​នា​នេះ ​ដំបូង​ឡើយ​បាន​ជួបជុំ​គ្នា​នៅ​បរិវេណ​ផ្សារ​ស្រុក​មោងឬស្សី ​ដែល​មាន​អ្នក​ចូល​រួម​ជិត ៥​ពាន់​នាក់។ បន្ទាប់​មក​មាន​ការ​ជួបជុំ​គ្នា​នៅ​ជុំវិញ​បរិវេណ​រូប​សំណាក​លោក​​តា​ដំបង​គ្រញូង ​ដែល​មាន​អ្នក​គាំទ្រ​ជាង ៦​ម៉ឺន​នាក់។ នេះ​បាន​តាម​ការ​អះអាង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រោយ​ និង​នៅ​ជុំវិញ​បរិវេណ​រូប​សំណាក​លោក​តា​​ដំបង​គ្រញូង ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង ៦​ម៉ឺន​នាក់​នោះ បាន​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង។ ទោះ​ជា​យ៉ាង​ណា គេ​សង្កេត​ឃើញ​កង​កម្លាំង​ប៉ូលិស​នៃ​ស្នងការ​ខេត្ត​បាត់ដំបង បាន​ចុះ​ជួយ​ធ្វើ​ចរាចរណ៍​ ទាំង​នៅ​ក្នុង​ស្រុក​មោងឬស្សី និង​នៅ​ក្នុង​ក្រុង​បាត់ដំបង។

ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បាន​តាម​ឃ្លាំ​មើល​ក្បួន​ឃោសនា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។អង្គការ​ខ្លះ​បាន​ដាក់​ពង្រាយ​បុគ្គលិក​របស់​ខ្លួន​បណ្ដាក់​គ្នា​នៅ​តាម​គោលដៅ​ដែល​ពួក​គេ​បាន​គ្រោង​ទុក។ យ៉ាង​ណា​ក៏ដោយ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ប៉ុន្តែ​ពុំ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​កើត​មាន​ឡើង​នោះ​ទេ។

អ្នក​ចូល​រួម​មាន មន្ត្រី​រាជការ​ គ្រូ​បង្រៀន ​និង​ភាគ​ច្រើន​ជា​យុវជន សិស្ស​សាលា​ អ្នក​រត់​តាក់ស៊ី ម៉ូតូ​ឌុប ​ម៉ូតូ​កង់បី ក្រុម​កម្មករ​សំណង់​ និង​ក្រុម​អាជីវករ​លក់​ដូរ​នៅ​តាម​ផ្សារ ​ភាគ​ច្រើន​បាន​បិទ​ទ្វារ​នាំ​គ្នា​មក​ចូល​រួម។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​បន្ទាប់​ពី​ថ្លែង​សារ​នយោបាយ​ទៅ​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​រួច​មក ក៏​ចុះ​ពី​លើ​រថយន្ត​ជិះ​ម៉ូតូ​ដឹក​នាំ​ក្បួន​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​កាត់​តាម​ទី​ប្រជុំជន​មួយ​ចំនួន​ទៀត​ ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង​ មុន​ពេល​លោក​បន្ត​ដឹក​នាំ​ក្បួន​ឃោសនា​ទៅ​កាន់​ស្រុក​ថ្មគោល។ ផុត​ពី​ព្រំ​ប្រទល់​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ៥​ពាន់​នាក់​ទៀត​រង់​ចាំ​ទទួល​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ដឹក​នាំ​ក្បួន​ឃោសនា​ចូល​ទៅ​ទឹក​ដី​ខេត្ត​បន្ទាយមានជ័យ។

ក្បួន​ឃោសនា​ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ លោក សម រង្ស៊ី បាន​ដឹកនាំ​ក្បួន​ឃោសនា​បន្ត​កាត់​ស្រុក​មង្គលបុរី កាត់​តាម​ក្រុង​សិរីសោភ័ណ ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត ហើយ​បន្ទាប់​មក​​នៅ​ថ្ងៃ​ស្អែក​ ថ្ងៃ​ទី​២៤ កក្កដា មេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី និង​លោក កឹម សុខា​ នឹង​បន្ត​ដឹក​នាំ​ក្បួន​ឃោសនា​ នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។