បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​លុប​ចោល​ជំនួប​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រកាស​នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី​២ មករា លុប​ចោល​ជំនួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​គម្រោង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ស្អែក​នេះ។

0:00 / 0:00

លោក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​លុប​ចោល​នេះ ដោយសារ​តែ​កម្លាំង​យោធា​របស់​រដ្ឋាភិបាល បាន​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​ចាប់​ខ្លួន​មេ​សហជីព​នៅ​ថ្ងៃ​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ពី​ទីលាន​ប្រជាធិបតេយ្យ​ដូច​ត​ទៅ៖

​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា​ បានចេញសេចក្តី​ថ្លែងការណ៍​ភ្លាមៗ សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ផ្អាក​កិច្ច​ចរចា​នេះ​ ហើយ​បាន​បង្ហាញ​ពី​ជំហរ​មិន​កែប្រែ​ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​ចរចា​។ ជា​មួយ​គ្នា​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ថ្កោលទោស​ថា​ សកម្មភាព​អុជអាល​ ញុះញង់​ របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ឈាន​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ បិទ​ផ្លូវ​សាធារណៈ​ និង​ការ​រំខាន​នានា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​សង្គម​។

ប៉ុន្តែមន្រ្តីគណបក្ស​សង្គ្រោះជាតិក៏បានសំដែង​ការ​សោកស្តាយ​ និង​ប្រតិកម្ម​ជា​ខ្លាំង​ ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​លើក​ឡើង​ថា​ ការ​ប្រកាស​ផ្អាក​របស់​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ជួប​ចរចា​ជាមួយ​ក្រុម​ការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​សុក្​រ ទី​៣​ ខែ​មករា​នេះ​ គឺ​ជា​ទង្វើ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​តាម​រយៈ​ការ​ចរចា​។

លោក​ យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ហេតុផល​ថា​ ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ មិន​អាច​ជួប​ចរចា​បាន​ទេ​ បន្ទាប់​ពី​មាន​ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​ចំរុះ​បាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ មក​លើ​ក្រុម​បាតុករ​ ដោយ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ ព្រម​ទាំង​ចាប់​ព្រះសង្ឃ​ និង​ចាប់​តំណាង​សហជីព​ និង​កម្មករ​-កម្មការិនី​ មួយ​ចំនួន​ទៀត​។ លោក​ បន្ត​ថា​ ទង្វើ​របស់​អាជ្ញាធរ​ ដែល​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​លើ​ក្រុម​បាតុករ​អហិង្សា​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឯកភាព​គ្នា​ គោរព​ និង​អនុវត្ត​ដោយ​ម៉ត់ចត់​ ជា​ពិសេស​គឺ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​បង្ហាញ​ជំហរ​ថា​ គណបក្ស​ នឹង​ពិនិត្យ​លទ្ធភាព​ឡើង​វិញ​ លើ​គំរោង​ចរចា​ រក​ដំណោះស្រាយ​ ចំពោះ​វិបត្តិ​នយោបាយ​ បច្ចុប្បន្ន​ នៅ​ពេល​ណា​សមត្ថកិច្ច​ ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ មក​លើ​ការ​តវ៉ា​របស់​ព្រះ​សង្ឃ​ ប្រជាពលរដ្ឋ​ និង​កម្មករ​ជាដើម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕