លោក កឹម សុខា អនុប្រធាន ក៏បានដង្ហែក្បួនពលរដ្ឋច្រើនពាន់នាក់ដែរ ចេញពីស្នាក់ការគណបក្ស នៅខណ្ឌទួលគោក។ រីឯ លោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ បានដឹកនាំពលរដ្ឋដើរចេញពីផ្លូវជាតិលេខ៥។ ក្បួនដង្ហែទាំង ៣ នោះ បានមកជុំគ្នាទីលានប្រជាធិបតេយ្យ ដោយមានពលរដ្ឋពីតាមបណ្ដាខេត្តមួយចំនួនចូលរួម សរុបប្រមាណជាង ១ម៉ឺននាក់។
គណបក្សសង្គ្រោះជាតិ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ លើកទី៦៥ ក្រោមប្រធានបទ «សិទ្ធិធ្វើសេចក្តីសម្រេចជ្រើសរើសអ្នកដឹកនាំ»។
ថ្លែងលើវេទិកានៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់សារនយោបាយទៅអ្នកចូលរួម ដោយជំរុញឲ្យពលរដ្ឋជាម្ចាស់ឆ្នោតបន្តប្រើសិទ្ធិទាមទារឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំសព្វថ្ងៃចេញ។
លោកពន្យល់ថា ការបោះឆ្នោត៥អាណត្តិកន្លងមក មានតែការបោះឆ្នោតអាណត្តិទី១ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ទេ ដែលពលរដ្ឋខ្មែរមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីសម្រេច តាមរយៈការបោះឆ្នោតផ្លាស់ប្ដូរអ្នកដឹកនាំ និងជ្រើសរើសអ្នកដឹកនាំថ្មី។ ប៉ុន្តែ ចាប់តាំងពីការបោះឆ្នោតអាណត្តិទី២ ដល់អាណត្តិទី៥ នេះ ពលរដ្ឋច្រើនលាននាក់ គឺបាត់បង់សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចផ្លាស់ប្ដូរអ្នកដឹកនាំ។
«សំឡេង»
លោក កឹម សុខា បន្តថា ពលរដ្ឋបានបាត់សិទ្ធិជ្រើសរើសអ្នកដឹកនាំ ដោយសារតែគណបក្សកាន់អំណាចបានលួចបន្លំសន្លឹកឆ្នោត និងការបាត់ឈ្មោះអ្នកបោះឆ្នោត។ គណបក្សប្រឆាំងបានបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាព ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងឱកាសនោះដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានឡើងថ្លែងដែរថា កម្ពុជា មិនមានការគោរពសិទ្ធិមនុស្សត្រឹមត្រូវទេ និងទទូចឲ្យរដ្ឋាភិបាលមានការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។
«សំឡេង»
ស្របពេលដែលគណបក្សសង្គ្រោះជាតិ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើទី៦៥ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ដែរ។
សេចក្តីថ្លែងការណ៍ចេញថ្ងៃទី១០ ខែធ្នូ របស់គណបក្សកាន់អំណាច បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា បានបាត់បង់នូវសិទ្ធិសេរីភាពតាំងពីដើមទសវត្សឆ្នាំ១៩៧០ ពិសេសបាត់បង់សិទ្ធិសេរីភាពទាំងស្រុង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មិនខុសពីរាល់ដងទេ គណបក្សប្រជាជនកម្ពុជា តែងរំលើកគុណថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលគណបក្សនេះបានផ្ដួលរំលំរបប ប៉ុល ពត និងបាននាំឲ្យប្រជាជននូវសិទ្ធិសេរីភាពឡើងវិញទេ។
សេចក្តីថ្លែងការណ៍ដដែល ពិពណ៌នាបន្តថា គណបក្សប្រជាជនកម្ពុជា កំពុងបន្តអនុវត្តលើកស្ទួយសិទ្ធិមានជីវិតរស់នៅសិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិធ្វើនយោបាយ សិទ្ធិបញ្ចេញមតិជាដើម។ ក្នុងសេចក្តីថ្លែងការណ៍ ក៏បញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ បានប្រព្រឹត្តទៅប្រកបដោយសន្តិភាព លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបានឆ្លុះបញ្ចាំងច្បាស់នូវភាពកាន់តែរឹងមាំនៃដំណើរការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ គណបក្សប្រជាជន ក៏បានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ អង្គការ ស្ថាប័ន និងពលរដ្ឋទាំងអស់ រួមគ្នាពង្រឹង និងពង្រីកនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងសារនៅខេត្តសៀមរាប
ដោយ ជុន ច័ន្ទបុត្រ
លោក សម រង្ស៊ី និងលោក កឹម សុខា បន្ទាប់ពីបានប្រារព្ធទិវាសិទ្ធិមនុស្សនៅក្រុងភ្នំពេញ នៅថ្ងៃនេះ លោកបានធ្វើដំណើរទៅខេត្តសៀមរាប ភ្លាម ហើយអ្នកយកព័ត៌មានរបស់យើង គឺលោក ជុន ច័ន្ទបុត្រ មានសេចក្ដីរាយការណ៍ពីខេត្តសៀមរាប៖
បក្សសង្គ្រោះជាតិប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនៅខេត្តសៀមរាប
ដោយ ហង្ស សាវយុត
នៅពេលដែលរដ្ឋាភិបាល និងក្រុមអង្គការក្រៅរដ្ឋាភិបាល ប្រារព្ធទិវាសិទ្ធិមនុស្សថ្ងៃទី១០ ធ្នូ នៅតាមកន្លែងជាច្រើននោះ នៅឯខេត្តសៀមរាប ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញវិញ ក៏កំពុងធ្វើមិទ្ទិញដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែរ។ បន្ទាប់ពីបញ្ចប់អង្គមិទ្ទិញមហាជន គឺគណបក្សសង្គ្រោះជាតិ ក៏បានដឹកនាំធ្វើកូដកម្មអហិង្សានៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុង។
មនុស្សជាច្រើនពាន់នាក់ បានចូលរួមធ្វើមិទ្ទិញនៃទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅឯបរិវេណតំបន់អង្គរឃ្យុងយូ ក្នុងទីរួមខេត្តសៀមរាប ចាប់តាំងពីវេលាម៉ោងជាង ៩ព្រឹក រហូតមកដល់ពេលនេះ។
«សំឡេង»
ក្រុមមហាជនទាំងនោះបានស្កាត់មកពីច្រើនខេត្ត មាន ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ ព្រមទាំងខេត្តសៀមរាប ដើម្បីបញ្ចេញមតិចង់បានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដ៏ពិតប្រាកដនៅកម្ពុជា ព្រមទាំងសម្ដែងកង្វល់ជុំវិញរំលោភដីធ្លី និងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានជាដើម។
បន្ទាប់ពីមិទ្ទិញនៃទិវាសិទ្ធិមនុស្សនេះ គណបក្សសង្គ្រោះជាតិ បានដឹកនាំដង្ហែក្បួនបាតុកម្មអហិង្សាដ៏ធំមួយនៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងសៀមរាប។
មន្ត្រីរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានបង្ហាញការមិនសប្បាយចិត្តចំពោះការហែក្បួនបាតុកម្មនេះទេ ដោយសារព្រួយបារម្ភខ្លាចក្រែងមានការប៉ះពាល់ដល់ភ្ញៀវទេសចរបរទេសជាច្រើន។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ធ្លាប់មានប្រសាសន៍កាលពី ២-៣ថ្ងៃ មុនព្រឹត្តិការណ៍ដង្ហែក្បួនបាតុកម្មនេះថា អាជ្ញាធរខ្លាចក្រែងបាតុកម្មនោះហែទៅតំបន់អង្គរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេសជាច្រើន៖ «ខ្ញុំសុំថាកុំឱ្យហែក្បួនទៅអង្គរវត្ត យើងខ្ញុំក៏បានតថ្លៃតវ៉ាគ្នាយ៉ាងច្រើន ចំពោះគណបក្សសង្គ្រោះជាតិ ដែលគាត់ប្រុងធ្វើបាតុកម្មថ្ងៃទី១០ ធ្នូ»។

ទោះយ៉ាងណា ក្រុមអ្នកទេសចរជាតិ និងអន្តរជាតិ បានបង្ហាញអារម្មណ៍ថា គេមិនបានគិតថា បាតុកម្មនោះនឹងធ្វើឱ្យពួកគេប៉ះពាល់អ្វីឡើយ។
«សំឡេង»
អ្នកទេសចរជនជាតិ ឆេកស៍ (CZECH) ម្នាក់ គឺលោក ហ្វីលីព ហាន់ (Filip Hanh) បានមានប្រសាសន៍ថា លោកមិនបានដឹងថា មានគណបក្សនយោបាយមកធ្វើបាតុកម្មនៅក្នុងខេត្តសៀមរាប ផងទេ ហើយលោកក៏មិនមានការព្រួយបារម្ភចំពោះបាតុកម្មនោះដែរ៖ «ខ្ញុំគិតថា ភ្ញៀវទេសចរបរទេសជាច្រើនដែលកំពុងទស្សនាអង្គរ មិនបានដឹងអំពីរឿងគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនោះទេ ពីព្រោះតែគេមិនបានមើលទូរទស្សន៍ និងស្ដាប់ការផ្សាយរបស់វិទ្យុក្នុងស្រុកទេ។ ដូច្នេះ ការធ្វើបាតុកម្មនោះមិនបានធ្វើឱ្យពួកខ្ញុំភ្ញាក់ផ្អើលទេ»។
ចំណែក កញ្ញា សួន ផលល័ក្ខ មកខេត្តកំពង់ធំ ដែលកំពុងដើរទស្សនាអង្គរ ក៏បានមានប្រសាសន៍ថា នាងមិនមានការភ័យខ្លាចចំពោះបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប នេះទេ ពីព្រោះនាងដឹងថា បាតុកម្មនេះមិនមកតំបន់អង្គរឡើយ៖ «ខ្ញុំឮដំណឹងថា ទៅខាងឃ្យុងយូ និងផ្លូវ៦០ម៉ែត្រទេ។ ខ្ញុំគិតថា បើគេធ្វើត្រឹមហ្នឹង អត់ប៉ះពាល់ដល់ទេសចរណ៍ទេ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្បួនបាតុកម្មដែលដង្ហែតាមដងផ្លូវក្នុងទីក្រុងសៀមរាប ថ្ងៃនេះ គឺមានមនុស្សចូលរួមប្រមាណជាង ១ម៉ឺននាក់។
នៅថ្ងៃទី១០ ធ្នូ នេះដែរ ចាប់តាំងពីព្រឹកព្រលឹម សមត្ថកិច្ចនៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរារាំងប្រជាពលរដ្ឋមួយចំនួនមិនឱ្យធ្វើដំណើរមកចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅឯខេត្តសៀមរាប ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
