គណបក្សប្រឆាំងប្រកាន់ជំហរថា បាតុកម្មដែលគ្រោងធ្វើដើម្បីទាមទារឲ្យមានដំណោះស្រាយនយោបាយនឹងមិនកែប្រែឡើយ។ ស្របពេលជាមួយគ្នានេះ គណបក្សកាន់អំណាចក៏ប្ដេជ្ញាដែរថា បើបក្សប្រឆាំងធ្វើបាតុកម្មមែន នឹងមិនទុកឲ្យស្ថានការណ៍នយោបាយនេះអាប់អួ តាមការអុកឡុករបស់គណបក្សប្រឆាំងនោះទេ។
ស្ថានភាពនយោបាយមកដល់ពេលនេះ ហាក់ដើរដល់ផ្លូវទាល់ច្រករៀងៗខ្លួនទៅហើយ។ គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួនពុំមានជម្រើសផ្សេងក្រៅពីប្រមូលផ្ដុំកម្លាំងមហាជនសាជាថ្មីទៀតឡើយ ដើម្បីសម្រួលឲ្យស្ថានភាពនេះបានវិលទៅរកព្រឹត្តិការណ៍មុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិញ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងព្រមានថា បើទោះជារដ្ឋាភិបាលប្រើប្រាស់កម្លាំងស្ទើរគ្រប់ទម្រង់ក្នុងបំណងដាក់ការគាបសង្កត់បែបណាក៏ដោយ បញ្ហានេះនឹងមិនធ្វើឲ្យផែនការរៀបចំមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ត្រូវដកថយឡើយ។លោកបន្តថា ប្រសិនបើពីពេលនេះទៅមុខ គណបក្សកាន់អំណាចចាប់ផ្ដើមគិតគូរការចរចាឡើងវិញ ប្រហែលអាចស្តារស្ថានភាពនយោបាយដែលកាន់តែអួអាប់នេះបាន។ ម្យ៉ាងវិញទៀត ការប្រើប្រាស់មធ្យោបាយមហាបាតុកម្មនេះវាពុំមែនជាជម្រើសរបស់គណបក្សប្រឆាំងឡើយ។ ក៏ប៉ុន្តែដោយគ្មានច្រកចេញ ហេតុនេះការប្រើប្រាស់កម្លាំងមហាជនធ្វើបាតុកម្មដោយសន្តិវិធី គឺជាដំណោះស្រាយចុងក្រោយបំផុតរបស់គណបក្សក្រៅរដ្ឋាភិបាលនេះហើយ។ លោកបន្តថា «ចំពោះគម្រោងនៃការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ យើងមិនទាន់មានអីផ្លាស់ប្ដូរទេ។ គណបក្សសង្គ្រោះជាតិ បានរង់ចាំឲ្យមានដំណោះស្រាយនយោបាយតាមការជជែកគ្នា ៤ខែមកហើយ»។
ទាក់ទិនរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី១២ ខែកញ្ញា តាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុក ដោយចេញបម្រាមថា បាតុកម្មណាមួយរបស់គណបក្សប្រឆាំងនឹងមិនឲ្យអាចកើតមានឡើងនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា ការហាមមិនឲ្យធ្វើមហាបាតុកម្មនេះ ដោយលោកចាត់ទុកទង្វើនេះថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ។
ប្រតិកម្មរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលថា នឹងប្រើប្រាស់កម្លាំងយោធាទប់ទល់សភាពការណ៍ក្រោមហេតុផលដើម្បីរក្សាសន្តិសុខនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីប្រមុខដឹកនាំបក្សប្រឆាំង សម្រេចរៀបចំមហាបាតុកម្មអហិង្សានៅពេលខាងមុខ ដើម្បីទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ ជាពិសេសធានាឲ្យមានការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។
ក្នុងថ្ងៃតែមួយបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបិទផ្លូវតវ៉ារបស់គណបក្សប្រឆាំងភ្លាម គេសង្កេតឃើញកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើដំណើរចុះឡើងៗតាមរថយន្តជាច្រើនគ្រឿងកាត់ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រឆាំងទាំងយប់ដែរ។
បន្ថែមពីលើបម្រាមរបស់ប្រមុខដឹកនាំបក្សកាន់អំណាចនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាលនឹងមិនទុកឲ្យសភាពការណ៍ក្រឡាប់ចាក់ព្រោះតែរឿងបុគ្គលរបស់លោក កឹម សុខា ឡើយ។ លោកបន្តថា ការប្រើប្រាស់កម្លាំងមហាជនណាមួយដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលអនុវត្តតាមទាំងបំពានច្បាប់បែបនេះ វាពុំមែនជាជម្រើសរបស់បក្សកាន់អំណាចទេ។ ក្រៅពីនេះ ប្រសិនបើពិតជាមានបាតុកម្មកើតឡើងមែន ការប្រើប្រាស់កម្លាំងដើម្បីទប់សភាពការណ៍ចៀសមិនផុតឡើយ។ លោកបន្តថា «ក្នុងនាមរដ្ឋាភិបាលដែលជាអំណាចរបស់ប្រជាជនហ្នឹង មិនអាចបណ្ដែតបណ្ដោយឲ្យករណីនេះកើតឡើងដែលធ្វើឲ្យមានការចលាចល ធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាសណ្ដាប់ធ្នាប់សាធារណៈសង្គមបានជាដាច់ខាត»។
ក្នុងពេលអ្នកនយោបាយលែងអាចនិយាយគ្នាបាននេះ ក្រសួងការពារជាតិ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយជាន់បន្ថែមទៀតនៅថ្ងៃទី១៣ ខែកញ្ញា ដោយអះអាងថា កងយោធពលខេមរភូមិន្ទប្ដេជ្ញាអនុវត្តបទបញ្ជារបស់លោក ហ៊ុន សែន យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ លើសពីនេះទៀត កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
ដោយឡែក គណបក្សសង្គ្រោះជាតិវិញ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានក្នុងថ្ងៃតែមួយដែរ ដោយថ្កោលទោសការប្រើប្រាស់កម្លាំងប្រដាប់អាវុធលើសលប់មកលើគណបក្សសង្គ្រោះជាតិ ហើយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាមកំហែងបែបនេះ។ កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋាភិបាលបានប្រើប្រាស់កម្លាំងម្ដងរួចមកហើយដែរ ដោយឡោមព័ទ្ធទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង ក្រោមហេតុផលសមយុទ្ធយោធា ដោយប្រើទាំងយន្តហោះ ថ្មើរជើង និងតាមផ្លូវទឹកផង។
មាត្រា៩ នៃច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ កំណត់ថា យោធិនមានសិទ្ធិ និងសេរីភាពដូចពលរដ្ឋដទៃទៀតដែរ។ ក៏ប៉ុន្តែការប្រើសិទ្ធិ និងសេរីភាពខ្លះត្រូវមានកម្រិតដែលស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី និងហាមឃាត់ការប្រើមុខងារ ព្រមទាំងប្រើប្រាស់សម្ភារៈរបស់រដ្ឋដើម្បីបម្រើឲ្យសកម្មភាពនយោបាយណាមួយ។
ជុំវិញភាពតានតឹងផ្នែកនយោបាយនេះ អ្នកវិភាគសង្គម និងនយោបាយលោក គឹម សុខ យល់ឃើញថា ស្ថិតក្នុងកាលៈទេសៈបែបនេះ ប្រាកដណាស់ការបង្ហូរឈាម និងហិង្សាចៀសមិនផុតឡើយ។ សំខាន់ជំហរបក្សកាន់អំណាចយល់ថា មិនមានការប្រែប្រួលនយោបាយទេ។ ក៏ប៉ុន្តែបក្សប្រឆាំងវិញអះអាងហើយថា សភាពការណ៍នយោបាយកាន់តែដុនដាបទៅៗ ដែលតម្រូវឲ្យបក្សទាំងពីរត្រូវជួបពិភាក្សាគ្នាឡើងវិញ។ ស្ថិតក្រោមសម្ពាធបែបនេះហើយដែលព្រឹត្តិការណ៍ខាងមុខនេះ ពិតជាពិបាកទស្សន៍ទាយណាស់ថា អាចបញ្ចៀសគ្រោះកាចនេះបាន។ លោកបន្តថា «វានឹងមានរឿងអាក្រក់ពិបាកស្មាន ពីព្រោះម្នាក់ៗប្រកាន់ជំហរយកឈ្នះរៀងៗខ្លួន ប៉ុន្តែគណបក្សសង្គ្រោះជាតិ បើមើលទៅគណបក្សប្រឆាំងក៏ឥតមានជម្រើសដែរ ក្រៅពីប្រកាន់ជំហរហ្នឹង ព្រោះម្ខាងទៀតគេថាគេឥតចរចាផង។ អ៊ីចឹងមានជម្រើសអី ដូចតែខ្ញុំជ្រាបអ៊ីចឹង មិនដឹងជាមានរឿងអីជាមួយចៅហ្វាយរបស់បរទេសរបស់គាត់ហ្នឹង គាត់រុញទៅមុខរហូតដើម្បីការពារ»។
ស្ថិតក្នុងបរិយាកាសនយោបាយតានតឹងនេះ នៅតាមអង្គភាពយោធាមួយចំនួន ប្រមុខដឹកនាំកងទ័ពបានប្រកាសការពារគ្រួសារលោក ហ៊ុន សែន និងត្រៀមទប់ស្កាត់រាល់ទម្រង់នៃការប្រមូលផ្ដុំណាមួយរបស់គណបក្សប្រឆាំងរួចជាស្រេចទៅហើយ។ ចំណែកច្រកសំខាន់ៗចូលទីក្រុងភ្នំពេញវិញ កងកម្លាំងនៅតែបន្តត្រៀម ប៉ុស្តិ៍ត្រួតពិនិត្យក្រោមរូបភាពរឹតបន្តឹងការនាំចូលអាវុធជាតិផ្ទុះនៅឡើយ៕
វីដេអូ៖ បក្សប្រឆាំងបញ្ជាក់ជំហរធ្វើបាតុកម្មខណៈបក្សកាន់អំណាចថានឹងបង្ក្រាប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
