មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី៣០ ខែឧសភា ដោយថ្កោលទោសសមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា ដែលបានអនុម័តអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើករណីលោក កឹម សុខា នោះថា ជាទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ។
ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងទៅកាន់អ្នកគាំទ្រថា គណបក្សសង្គ្រោះជាតិ មិនអាចឈរមើលការបំពានច្បាប់ដោយសមាជិករដ្ឋសភាបក្សកាន់អំណាចនេះបានទេ។ លោកបន្តថា រដ្ឋសភាគ្មានសិទ្ធិ និងអំណាចផ្លូវច្បាប់ក្នុងការអនុម័តដោយមតិភាគច្រើនដាច់ខាត ឬ ៥០ភាគរយបូក១ ដើម្បីអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនតំណាងរាស្ត្រណាម្នាក់ឡើយ៖ « ការបង្កើតឲ្យមានការបោះឆ្នោតលើកដៃ ៥០ភាគរយបូក១ នេះ ដែលមិនមានចែងទាល់តែសោះនេះ គឺជាបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរណាស់។ ដូច្នេះ គណបក្សសង្គ្រោះជាតិ សូមប្រកាសថា យើងមិនអាចទទួលយកបានជាដាច់ខាតក្នុងការសម្រេចរបស់រដ្ឋសភាកាលពីព្រឹកមិញនេះ » ។
នេះគឺជាប្រតិកម្មភ្លាមៗរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣០ ខែឧសភា ក្រោយពីសមាជិកសភា ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា លើកដៃរួមគ្នាអនុញ្ញាតឲ្យសមត្ថកិច្ចបន្តចំណាត់ការតាមនីតិវិធីរបស់តុលាការក្រុងភ្នំពេញ លើករណីលោក កឹម សុខា ដែលកន្លងមកមិនចូលខ្លួនបំភ្លឺនៅតុលាការតាការកោះហៅ។
ក្រោយពីរដ្ឋសភាយល់ព្រមអោយសមត្ថកិច្ចបន្តនីតិវិធីហើយនោះ រដ្ឋសភាក៏បានធ្វើសន្និសីទសារព័ត៌មានដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួនដែរ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា ការសម្រេចរបស់សមាជិករដ្ឋសភាមកពីគណបក្សប្រជាជននេះ ធ្វើឡើងស្របទៅតាមរដ្ឋធម្មនុញ្ញមាត្រា៨០ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភាមាត្រា៤១។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភានៅតែរក្សាអភ័យឯកសិទ្ធិ និងប្រាក់ខែជូនលោក កឹម សុខា ដដែល។
លោកបញ្ជាក់ថា រដ្ឋសភាត្រូវការតែសំឡេង ៥០ភាគរយបូកមួយតែប៉ុណ្ណោះ សម្រាប់ការសម្រេចឲ្យតុលាការបន្តនីតិវិធីករណីលោក កឹម សុខា នេះ៖ « ប្រការ៤១ថ្មីនៃបទបញ្ជាផ្ទៃក្នុង ការអនុម័តទាំងឡាយណាត្រូវយកតាមមតិភាគច្រើនដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ក្រៅពីនេះ មតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ត្រូវយកជាបានការ វៀរលែងតែមានចែងក្នុងច្បាប់ដោយឡែក។ ដូច្នេះហើយ គណៈកម្មាធិការអចិន្ត្រៃយ៍យល់ថា ដាក់ជូនសេចក្តីសម្រេចនេះ គឺសមស្របតាមរដ្ឋធម្មនុញ្ញ » ។
លោក ឡេង ប៉េងឡុង មិនដឹងថា តើពេលណាទើបសមត្ថកិច្ចចូលចាប់ លោក កឹម សុខា នោះឡើយ នៅក្រោយពីយល់ព្រមពីរដ្ឋសភានោះ។
រឿងអភ័យឯកសិទ្ធិតំណាងរាស្ត្រនៃមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ត្រូវបានគណបក្សទាំងពីរបកស្រាយខុសគ្នា។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញចែងថា ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
អ្នកច្បាប់និយាយថា ប្រសិនបើបទល្មើសជាក់ស្ដែងកំពុងប្រព្រឹត្ត សមត្ថកិច្ចមិនអាចចាប់ខ្លួនបានទេ បើកន្លងផុតមួយរយៈ វៀរលែងក្លាយជាជាក់ស្ដែងហើយ។
កាលពីថ្ងៃទី២៦ ខែឧសភា សាលាដំបូងរាជធានីភ្នំពេញ បានដាក់លិខិតទៅប្រធានរដ្ឋសភា រាយការណ៍អំពីការចោទប្រកាន់ លោក កឹម សុខា ដែលមិនចូលខ្លួនទៅបំភ្លឺតាមការកោះហៅចំនួនពីរលើក។ លោក កឹម សុខា ត្រូវសមត្ថកិច្ចតាមចាប់ខ្លួននៅថ្ងៃដដែលនោះ។ ចាប់ពីពេលនោះមក លោក កឹម សុខា មិនបានចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ។ គណបក្សប្រឆាំងព្រមានថា នឹងធ្វើមហាបាតុកម្មដោយអហិង្សាជាទ្រង់ទ្រាយធំ បើមានការចាប់ខ្លួនលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
