សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ខេត្ត​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បេក្ខភាព​ឈ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស​មាន ១.៦៤១​ឃុំ-សង្កាត់ បាន​រៀបចំ​រួចរាល់​ប្រមាណ ៩៥% ហើយ។ ចំណែក ៥% ឃុំ-សង្កាត់ ស្មើ​ជាង​ ៤០​ឃុំ សង្កាត់ ដែល​មាន​បញ្ហា​កំពុង​ដោះស្រាយ​បញ្ចប់​មុន​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

នៅ​គ្រា​ដែល​សកម្មជន និង​ជំទប់​ឃុំ​របស់​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​ខ្លះ កំពុង​ប្រទាំង​ប្រទើស​គ្នា​ចង់​បាន​ឈ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ ដើម្បី​មាន​ឱកាស​ជាប់​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រកាស​ថា ការ​ជ្រើសរើស​បេក្ខជន​ឈ​ឈ្មោះ គឺ​ផ្អែក​លើ​យន្តការ​ច្បាស់លាស់​បី​ដំណាក់កាល​ដោយ​ពុំ​មាន​ការ​ជ្រៀតជ្រែក​ពី​មន្ត្រី​បក្ស​នៅ​ថ្នាក់​លើ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា ក្នុង​ចំណោម​ឃុំ-​សង្កាត់​ជាង ១.៦០០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ឲ្យ​មាន​បេក្ខជន​ឈ​ឈ្មោះ នៅ​មាន​ឃុំ-​សង្កាត់​ជាង ៤០​ទៀត មាន​បញ្ហា​កំពុង​បន្ត​ដោះស្រាយ។ ប៉ុន្តែ​លោក​ថា ករណី​ប្រទាំង​ប្រទើស​គ្នា​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​តាកែវ លោក​មិន​បាន​ដឹង​ឡើយ៖ «អា​បញ្ហា​ហ្នឹង​ដូច​ថា សាមី​ខ្លួន​ដែល​គាត់​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ព្រមព្រៀង គាត់​មាន​សិទ្ធិ​តវ៉ា​មក​ថ្នាក់​ដឹកនាំ​ខេត្ត​របស់​គាត់ ហើយ​ថ្នាក់​ដឹក​នាំ​ខេត្ដ ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត»

អតីត​សកម្មជន​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិមនុស្ស នៅ​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​នឹង​ការ​រៀបចំ​ដាក់​បេក្ខជន​ឈ​ឈ្មោះ​នៅ​ក្នុង​ឃុំ​របស់​ខ្លួន។ ពួកគេ​ព្រមាន​ដើរ​ចេញ​ពី​គណបក្ស បើ​ថ្នាក់​ដឹកនាំ​ខេត្ត ឬ​ថ្នាក់​ជាតិ មិន​ដាក់​ឈ្មោះ​ពួកគេ​ជា​បេក្ខភាព​លេខ​រៀង​ទី​១ និង​ទី​២ ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នោះ​ទេ។

ជំទប់​ទី​២ ឃុំ​ត្បែងខ្ពស់ លោក ហេង ហុន មាន​ប្រសាសន៍​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មករា ប្រធាន​ក្រុម​សម្របសម្រួល​ថ្នាក់​ខេត្ត គឺ​លោក ដួង ចន្ដ្រា បាន​ធ្វើ​កំណត់​ហេតុ​សម្រុះសម្រួល​បញ្ចប់​ដោយ​ដាក់​ឲ្យ​លោក​ឈ​ឈ្មោះ​នៅ​លេខ​រៀង​ទី​៤ និង​ជំទប់​ទី​១ មក​ពី​គណបក្ស​សិទ្ធិមនុស្ស​ឈរ​នៅ​លេខ​រៀង​ទី​៥ ហើយ​ឈ្មោះ សឿង ស៊ី និង​ឈ្មោះ ឆោម ភី ដែល​ជា​សកម្មជន​ថ្មី​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​លោក​កន្លង​មក​នោះ បែរ​ជា​បាន​ឈ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ និង​លេខ​រៀង​ទី​២ ទៅ​វិញ៖ «យក​មនុស្ស​គាំទ្រ​ពីរ​បី​ដែល​គេ​យក​ទៅ​ហ្នឹង​ឲ្យ​លើក​ដៃ ហើយ​យក​ជា​ផ្លូវ​ការ ខ្ញុំ​ថា ខ្ញុំ​អត់​ទទួល​យក​បាន​ទេ ព្រោះ​ខ្ញុំ​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​គណបក្ស​ឃុំ ហើយ​ជា​លេខា​ថ្នាក់​ស្រុក​ទៀត ហើយ​ខ្ញុំ​មក​ឈ​លេខ​៤ ហើយ​ឲ្យ​ខ្ញុំ​ជា​អ្នក​ផ្ដល់​គំនិត​ផ្ដល់​យោបល់​ឲ្យ​គេ​ទៅ​វិញ ខ្ញុំ​អត់​អាច​ទទួល​យក​បាន​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​កំពង់ឆ្នាំង របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ដ្រា បញ្ជាក់​ថា គណៈកម្មាធិការ ឬ​មន្ត្រី​ថ្នាក់​លើ​មិន​អាច​អារកាត់​យ៉ាង​ណា​បាន​ចំពោះ​ករណី​នេះ​ទេ ព្រោះ​សកម្មជន​នៅ​មូលដ្ឋាន​បាន​បោះឆ្នោត​គាំទ្រ​ដាក់​ឈ្មោះ​ឲ្យ​បេក្ខជន​ទាំង​ពីរ​នាក់​ឋិត​នៅ​លេខ​រៀង​ទី​៤ និង​ទី​៥ រួច​ហើយ។

លោក​សង្កេត​ឃើញ​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ពីរ អសកម្ម​នឹង​ការងារ បាត់​បង់​សមត្ថភាព​ការងារ​ដោយ​វ័យ​ជរា ហើយ​មាន​ពលរដ្ឋ​ខ្លះ​ថ្នាំងថ្នាក់​ចិត្ត​ជាមួយ​លោក ម៉ី វ៉ែន ទៀត​ផង ក្រោយ​ពី​ប្រជាពលរដ្ឋ​មាន​បញ្ហា​រត់​ទៅ​ពឹង​ពាក់​មិន​បាន៖ «ខ្ញុំ​បាន​ព្យាយាម​កិច្ចការ​ហ្នឹង​ដែរ ដោយសារ​គាត់​ជា​ជំទប់​ទី​១ និង​ទី​២ កន្លង ប៉ុន្ដែ​នៅ​មូលដ្ឋាន​អត់​ព្រមព្រៀង។ អ៊ីចឹង​យើង​មិន​អាច​ជម្នះ​នៅ​មូលដ្ឋាន​បាន​ទេ ព្រោះ​សន្លឹក​ឆ្នោត​ចេញ​មក​ពី​មូលដ្ឋាន អ៊ីចឹង​យើង​មិន​អាច​រៀបចំ​ឡើង​វិញ​បាន​ទេ មាន​តែ​ការ​សម្របសម្រួល និង​សុំ​អង្វរ​ចិត្ត​គាត់​តែ​ប៉ុណ្ណឹង​ឯង»

ចំណែក​នៅ​ឯ​ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ វិញ ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​មាន​តំណែង​ជា​ក្រុមប្រឹក្សា ឬ​ជំទប់ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈ​ឈ្មោះ​នៅ​លេខ​រៀង​ក្រោយ​គេ សម្រាប់​ការ​បោះឆ្នោត​នៅ​ខែ​មិថុនា ខាង​មុខ​នេះ។ ពួកគេ​ព្រមាន​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ និង​ដុត​ស្លាក​សញ្ញា​ចោល បើ​ពុំ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខភាព​ឈ​ឈ្មោះ​ឡើង​វិញ​ទេ។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា ថា ការ​ប្រកួត​ប្រជែង​ផ្ទៃ​ក្នុង​តែងតែ​មាន​ទំនាស់ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​ច្បាស់លាស់​បី​ដំណាក់កាល។ ដំណាក់​កាល​ទី​១ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​សុំ​ឈ​ឈ្មោះ​ដោយ​មាន​ការ​ជជែក​គ្នា​នៅ​ថ្នាក់​មូលដ្ឋាន ទី​២ បើ​មាន​បញ្ហា មន្ត្រី​គណបក្ស​ត្រូវ​ចុះ​ណែនាំ និង​សម្របសម្រួល ហើយ​ដំណាក់​កាល​ទី​៣ បើ​នៅ​តែ​មាន​បញ្ហា បេក្ខជន​ត្រូវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់។ លោក​ថា ការ​អនុវត្ត​បែប​នេះ​ទទួល​បាន​ជោគជ័យ​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។