"ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​ស្ថិត​ក្នុង​ដំណាក់កាល​ស្ទាបស្ទង់​ចិត្ត​គ្នា"

0:00 / 0:00

គណបក្ស​ប្រឆាំង​ថា ព័ត៌មាន​នៃ​ការ​ជួប​គ្នា​របស់​គណបក្ស​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្ទាបស្ទង់​ចិត្ត​គ្នា គឺ​មិន​ទាន់​មាន​លិខិត​ណាត់​ជួប​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ចំណែក​គណបក្ស​កាន់​អំណាច​ថា ខ្លួន​នៅ​តែ​ចំហ​ទ្វារ​រង់ចាំ​ចរចា ប៉ុន្តែ​មិន​និយាយ​អ្វី​ដែល​ជា​ការងារ​តុលាការ​កំពុង​ធ្វើ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ជ្រើសរើស​យក​ការ​ចរចា​ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​គណបក្ស​នេះ នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ជួប​គ្នា​ជា​ផ្លូវការ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ទាក់ទង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ផ្លូវ​ការ​នៅ​ឡើយ។ លោក អេង ឆៃអ៊ាង មិន​ទាន់​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ស្ទាបស្ទង់​ចិត្ត​គ្នា​នេះ ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​អ្វី​ខ្លះ​ទេ៖ «គោលបំណង​របស់​គណបក្ស​សង្រ្គោះជាតិ គឺ​យើង​ត្រូវ​ការ​ជជែក ការ​និយាយ​គ្នា​ដើម្បី​រក​ដំណោះស្រាយ គឺ​យើង​មិន​ទាន់​អាច​ថា បាន​នៅ​ពេល​ណា​ទេ គឺ​ត្រូវ​ស្ទាបស្ទង់​គ្នា​សិន»

ចំណែក​មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​កាល​ពី​គ្រា​មុនៗ គឺ​ប្រមុខ​គណបក្ស​ទាំង​២ ជជែក​គ្នា​តាម​ទូរស័ព្ទ ហើយ​បើ​ការ​ជជែក​គ្នា​នោះ​ត្រូវរ៉ូវ​គ្នា នោះ​នឹង​ឈាន​ដល់​ការ​ជួប​សន្ទនា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា គណបក្ស​កាន់​អំណាច​នៅ​តែ​បើក​ចំហ​ការ​ចរចា​ដែល​ជា​ការ​ពង្រឹង​វប្បធម៌​សន្ទនា។ ប៉ុន្តែ​បើ​ការ​ចរចា​នេះ​ដើម្បី​ដោះស្រាយ​ផ្លូវ​ច្បាប់ រំលោភ​ការងារ​តុលាការ គណបក្ស​កាន់​អំណាច​មិន​យល់​ព្រម​ជួប​ឡើយ។ លោក​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ឬ​លិខិត​ផ្លូវ​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ៖ «យើង​ធ្វើ​តាម​ទម្លាប់​របស់​យើង ទូរស័ព្ទ​ទៅ​ថ្នាក់ដឹកនាំ​អី​ទៅ​អាច​នឹង​ចេញ​ជា​លទ្ធផល​ថា បាន​ជួប ឬ​មិន​បាន​ជួប ប៉ុន្តែ​បើ​ឲ្យ​គណបក្ស​ប្រជាជន​បិទ​ទ្វារ​នោះ​គឺ​មិន​បិទ​ទេ»

កាល​ពី​ខែ​កុម្ភៈ គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ម្ដង​ដែរ ខណៈ​លោក សម រង្ស៊ី គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ការ​ជួប​គ្នា​នោះ​គ្រាន់តែ​ជា​ការ​ចរចា​ចែក​លុយ​​ចែក​ឡាន និង​បង្កើត​ការិយាល័យ​ក្រុម​តំណាងរាស្ត្រ​ភាគ​តិច​ភាគ​ច្រើន​នៅ​ក្នុង​សភា។

ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​តែ​ឌឺដង​ដៀមដាម​ដាក់​គ្នា​ទាំង​ផ្ទាល់ ឬ​ប្រយោល​នេះ គេ​ឃើញ​មន្ត្រី​គណបក្ស​នេះ ចាប់​តាំង​ពី​មេ​ឃុំ រហូត​ដល់​តំណាងរាស្ត្រ ដែល​មាន​ចំនួន ១៧​នាក់ កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ ពេល​នេះ​តុលាការ​ក្រុង​ភ្នំពេញ កំពុង​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​សមាគម​អាដហុក (ADHOC) មន្ត្រី គ.ជ.ប និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា លោក ហ៊ុន សែន ស្រែក​ព្រមាន​ពី​ខេត្ត​ព្រះសីហនុ ថា គ្មាន​ការ​ដោះដូរ​ណា​មួយ​ឡើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ណា​សូកប៉ាន់​សាក្សី​ត្រូវ​ទទួល​ទោស​តាមច្បាប់។ ប្រមុខ​គណបក្ស​កាន់​អំណាច​រូប​នេះ​ប្រាប់​ទៅ​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​របស់​កម្ពុជា៖ «កុំ​ ចោទ​រដ្ឋាភិបាល​ឲ្យ​សោះ! ទៅ​ដេក​ព្រៃស សម​មុខ​វា​ហើយ ព្រោះ​ធ្វើ​ខុស​អ្នក​ណា​ទៅ​ជួយ​កើត។ម្សិលមិញ (៣០ មេសា) មាន​ការ​ប្រជុំ​ប៉ុនប៉ង​ចង់​ដោះដូរ។ សូម​អស់​លោក​ជា អិន.ជី.អូ (NGO) ឬ​ជា​អ្នក​ធ្វើការ​នៅ​អង្គការ​សហប្រជាជាតិ កុំ​អាង​អភ័យឯកសិទ្ធិ​ឲ្យ​សោះ»

ទោះ​យ៉ាង​ណា​ក្ដី គេ​ឃើញ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ការ​គំរាមកំហែង​លើ​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស។

កាល​ពី​យប់​ទី​៤ ខែ​ឧសភា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​ប្រមុខ​ទូត​ប្រទេស​ធំៗ បាន​អញ្ជើញ​សាច់ញាតិ​មន្ត្រី​សមាគម​អាដហុក និង​សាច់ញាតិ​របស់​មន្ត្រី គ.ជ.ប ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

ភរិយា​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ដែល​កំពុង​ជាប់​ឃុំ លោកស្រី ភាវ ម៉ី បាន​ឲ្យ​ដឹង​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ឃុំ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក កែម ឡី ផ្ដល់​ការ​វិភាគ​បែប​ប្រៀបធៀប​មួយ​ថា កីឡាករ ម៉ៃ ថៃសាន់ (Mike Tyson) ពី​មុន​ដែល​ធ្លាប់​ខាំ​ស្លឹក​ត្រចៀក​គូប្រកួត​នោះ ពេល​នេះ​បើ​លោត​មក​ខាំ​ស្លឹក​ត្រចៀក​អ្នក​ផ្សេង​នៅ​ក្រៅ​សង្វៀន​ថែម​ទៀត។

ទាក់ទង​រឿង​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​សង្គម​ស៊ីវិល​ដែល​កំពុង​ឃាត់​ខ្លួន។ មុន​នឹង​សហភាព​អឺរ៉ុប​ចេញ​សេចក្ដី​ព័ត៌មាន​នេះ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-​សហភាព​អឺរ៉ុប លើក​ទី​៩ ដោយ​កិច្ច​ប្រជុំ​នោះ​មាន​ការ​ចូលរួម​ពី​ក្រសួង​ការបរទេស និង​អនុ​ប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​សហភាព​អឺរ៉ុប លោក អ៊ុយហ្គោ អាស្ទូតូ។

សហភាព​អឺរ៉ុប លើក​ឡើង​នូវ​ព្រួយ​បារម្ភ​អំពី​ឯករាជភាព​របស់​តុលាការ​កម្ពុជា និង​ភាព​ត្រឹមត្រូវ​នៃ​ការ​អនុវត្ត​ច្បាប់។

ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា មួយ​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​បង្កើត និង​រក្សា​បរិយាកាស​ដែល​គណបក្ស​នយោបាយ​ទាំង​អស់ និង​សង្គម​ស៊ីវិល អាច​ដំណើរការ​ដោយ​សេរី និង​គ្មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។