លទ្ធផល​នៃ​កិច្ច​ប្រជុំ​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត

0:00 / 0:00

ក្រុម​ការងារ​ចម្រុះ​នៃ​គណបក្ស​ទាំង​ពីរ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រង់​មាត្រា​ដែល​ចែង​ពី​តួនាទី​និង​ភារកិច្ច​របស់​គណៈកម្មការ​ឃុំ សង្កាត់ និង​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត។ កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​វិមាន​រដ្ឋ​សភា​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤។

កិច្ចប្រជុំ​នេះ​មិន​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​បណ្ដាញ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ឡើយ។ ប្រជុំ​មួយ​ល្ងាច​ពេញ មាន​អ្នក​កាសែត​តែ​ម្នាក់​គត់​ដែល​ចាំ​យក​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ គឺ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី។ ជា​លទ្ធផល ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​ច្បាប់​ចែង​ពី​តួនាទី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត។ មាត្រា​នោះ​ចែង​ថា គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ជ្រើសតាំង​ដោយ​ក្រុម​ការងារ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​មាន គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ។ នៅ​ពេល​ដែល​មាន​ការ​ដក​ហូត ឬ​បញ្ឈប់​តំណែង​បុគ្គល​នេះ ចាំបាច់​ត្រូវ​មាន​ការ​ព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​ពី គ.ជ.ប។ យន្តការ​នៃ​ការ​ដក​ហូត​តួនាទី​ទាំង​អស់​នេះ ត្រូវ​ស្នើ​ឡើង​ដោយ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត។

ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ពី​សេចក្ដី​ស្នើ​ច្បាប់​នេះ​ត្រឹម​មាត្រា​ដែល​និយាយ​ពី​តួនាទី​របស់​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ភាគី​ទាំងពីរ​នឹង​បញ្ចប់​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប នេះ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

ចំណែក​ប្រធាន​ក្រុម​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន វិញ​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​ជជែក​គ្នា​លំអិត​រួច​ហើយ​ពី​សេចក្ដី​ស្នើ​ច្បាប់​នេះ​ដើម្បី​ធានា​ថា អ្នក​ដែល​កាន់ការ​​ជា​មន្ត្រី​បោះឆ្នោត​តាំង​ពី​ថ្នាក់​លើ​ដល់​ក្រោម​នោះ អាច​បំពេញ​ការងារ​ដោយ​តម្លាភាព។ លោក​បន្ថែម​ថា បក្ស​ទាំង​ពីរ​នឹង​ខិតខំ​ពិនិត្យ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ឲ្យ​ឆាប់​ចប់ នឹង​ឈាន​ទៅ​ពិនិត្យ​​សម្រេច​រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​នៅ​ពេល​បន្ទាប់​ទៀត។

ទោះ​​បី​ភាគី​គណបក្ស​ទាំង​ពីរ​ប្រាប់​ថា ចង់​ពន្លឿន​ការ​រៀបចំ​សេចក្ដី​ស្នើ​ច្បាប់​នេះ​ក៏ដោយ ប៉ុន្តែ​ភាគី​ទាំង​ពីរ​ជួប​ប្រជុំ​គ្នា​លើ​បញ្ហា​នេះ​ក្នុង​១​សប្ដាហ៍​ម្ដង​ប៉ុណ្ណោះ។ នៅ​សប្ដាហ៍​ទី​២ និង​ទី​៣ នៃ​ខែ​កញ្ញា នេះ ក្រុម​ការងារ​ចម្រុះ​នៃ​បក្ស​ទាំង​ពីរ​សម្រេច​ផ្អាក​ការប្រជុំ​សិន ក្រោម​ហេតុផល​ជាប់​រវល់​ការងារ​ផ្សេង​និង​ជាប់​ធ្វើ​បុណ្យ​ភ្ជុំ។

នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ខាង​មុខ ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​ជជែក​គ្នា​ពី​សេចក្ដី​ស្នើ​ច្បាប់​នេះ​ត្រង់​មាត្រា​ដែល​និយាយ​ពី​តួនាទី​និង​ភារកិច្ច​របស់​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត។

មន្ត្រី​ទាំង​ពីរ​បក្ស​បញ្ជាក់​ថា ច្បាប់​ដែល​ចែង​ពី​តួនាទី​របស់​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​នេះ ទាមទារ​ឲ្យ​ពិនិត្យ​ឲ្យ​ហ្មត់ចត់​មែន​ទែន ព្រមទាំង​ថ្លឹងថ្លែង​ឲ្យ​គ្រប់​ជ្រុងជ្រោយ ព្រោះ​មន្ត្រី​​ទាំង​អស់​នេះ​ធ្វើ​ការ​តែ ៤​ថ្ងៃ ហើយ​បាន​កម្រៃ​ក៏​តិចតួច​ទៀត។ បើ​ច្បាប់​តឹង​ពេក​ខ្លាច​រក​មនុស្ស​ធ្វើការ​មិន​បាន តែ​បើ​ធូរ​ពេក​អាច​នឹង​បាត់បង់​ប្រសិទ្ធភាព​ការងារ។

កាល​ពី​ឆ្នាំ​២០១៣ មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​សៀមរាប ខេត្ត​ក្រចេះ ត្រូវ​បាន​ថ្នាក់លើ​បន្ទោស​ថា ធ្វើ​ការងារ​ខុស​នីតិវិធី​ច្បាប់ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឲ្យ គ.ជ.ប ដាក់​ទោស​ទៀត​ផង។ ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី រក​ឃើញ​ថា មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​នៅ​ខេត្ត​ក្រចេះ ដែល​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព​នោះ គឺ​តាម​មន្ត្រី​បោះឆ្នោត​ថ្នាក់​ឃុំ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។