អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​បក្ស​ប្រឆាំង​រំលោភ​លើ​គោលការណ៍​វប្បធម៌​សន្ទនា

0:00 / 0:00

ការ​ខ្វែង​គំនិត​គ្នា​លើ​ផ្លូវ​នយោបាយ បាន​ចាប់​ផ្ដើម​តានតឹង​សា​ជា​ថ្មី​ទៀត​ហើយ​រវាង​បក្ស​ដែល​មាន​អាសនៈ​ទាំង​នៅ​ក្នុង​រដ្ឋ​សភា។ សង្គ្រាម​ពាក្យ​សម្ដី​បាន​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អ្នក​នយោបាយ​កំពូលៗ​ទាំង​ពីរ​បក្ស មក​ដល់​ពេល​នេះ ដើរ​ចេញ​ពី​គ្នា​មួយ​ជំហាន​ម្នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ដ៏​ចាស់​វស្សា​ជាង​គេ​នៅ​កម្ពុជា សម្រេច​លុប​ចោល​គម្រោង​នៃ​ការ​​ចរចា ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​មករា នេះ​ជាមួយ​បក្ស​ប្រឆាំង។ ចំណែក​បក្ស​ប្រឆាំង​វិញ​ថា នឹង​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ជំនួស​អោយ​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។

អ្នក​វិភាគ​ព្រមាន​ថា ការ​ប្រេះស្រាំ​ផ្នែក​នយោបាយ​នេះ នឹង​មិន​នាំ​ឲ្យ​ប្រទេស​ជាតិ​ត្រូវ​រីក​ចំរើន​ និង​អភិវឌ្ឍន៍​ជឿនលឿន​ទេ ផ្ទុយ​ទៅ​វិញ ការ​ខ្វែង​គំនិត​លើ​ផ្លូវ​នយោបាយ​នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​ធ្វើ​សេចក្ដី​សម្រេច​ក្នុង​ការ​បណ្ដាក់​ទុន​នៅ​កម្ពុជា។

ការ​ព្រមាន​របស់​អ្នក​វិភាគ​សង្គម​នៅ​ពេល​នេះ ស្រប​ពេល​បក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ជំហរ​របស់​បក្ស​ប្រឆាំង​ថា លែង​ខ្វល់​ពី​ការ​លុប​គម្រោង​នានា​របស់​បក្ស​ប្រជាជន​កម្ពុជា។ ការ​បិទ​ផ្លូវ​ជួប​ចរចា​តាម​រយៈ​ការ​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដែល​លោក ហ៊ុន សែន បង្ហើប​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ដែល​គ្រប់គ្រង​អំណាច គឺ​លោក ឈឹម ផលវរុណ ចាត់​ទុក​ថា មូលហេតុ​នេះ​គឺ​ដោយសារ​បក្ស​ប្រឆាំង​មាន​ចេតនា​មិន​ស្មោះត្រង់​ក្នុង​ការ​ចរចា និង​ជា​អ្នក​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នាំ​ឲ្យ​ជំនួប​នេះ​ត្រូវ​បរាជ័យ៖ «រឿង​ការ​ចរចា​ដោយសារ​ពួក​គាត់​អត់​ស្មោះ​ត្រង់។ អ៊ីចឹង​យន្តការ​នយោបាយ​នៃ​វប្បធម៌​សន្ទនា​គាត់​ចង់​យក​យន្តការ​នយោបាយ​នៃ​វប្បធម៌​សន្ទនា​មក​បំផ្លាញ​រដ្ឋធម្មនុញ្ញ បំផ្លាញ​ឯករាជ្យ​ភាព​របស់​តុលាការ ហើយ​និង​គោលការណ៍​បែង​ចែក​អំណាច»

បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ចាប់​ផ្ដើម​បែរ​ខ្នង​ដាក់​គ្នា​ម្ដង​ទៀត នៅ​ពេល​ពពក​ខ្មៅ​បាន​រលាយ​បាត់​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ តាម​រយៈ​ការ​សម្របសម្រួល​នយោបាយ​ឈ្នះៗ​ទាំង​សង្ខាង។ ប៉ុន្តែ​ជា​អកុសល វិបត្តិ​នេះ​ត្រូវ​រាំង​ស្ទះ​ជា​ថ្មី​ឡើង​វិញ នៅ​ក្រោយ​លោក ស ខេង ផ្ញើ​លិខិត​លុប​ចោល​ជំនួប​រវាង​បក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា។ ការ​បដិសេធ ជំនួប​ដោយ​បក្ស​កាន់​អំណាច​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នេះ ធ្វើ​ឡើង ១​ថ្ងៃ​ក្រោយ​ពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ណាត់​ជួប​គ្នា ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Sorn Chanratha (RFA/Sorn Chanratha)

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ បដិសេធ​ក្នុង​ការ​បកស្រាយ​ចំពោះ​ជំហរ​របស់​បក្ស​កាន់​អំណាច​នៅ​ពេល​នេះ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​រូប​នេះ​យល់​ឃើញ​ថា អ្នក​ណា​អាក្រក់ អ្នក​ណា​ល្អ ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប្រាកដ​ជា​យល់​ច្បាស់​ជាង​អ្នក​នយោបាយ​ទៅ​ទៀត៖ «ខ្ញុំ​មិន​ឆ្លើយ​ឆ្លង​ទេ។ យើង​រង់ចាំ​មើល​តែ​លទ្ធផល​ចុង​ក្រោយ​ទៅ​ថា ប្រជាពលរដ្ឋ​គាំទ្រ​នូវ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន និង​កំពុង​ធ្វើ។ ដូច្នេះ​យើង​សង្ឃឹម​ថា ប្រជាពលរដ្ឋ​មាន​សុភវិនិច្ឆ័យ​ត្រឹមត្រូវ»

ទាក់ទិន​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ជាប់​គាំង​ផ្នែក​នយោបាយ ទោះ​ក្នុង​រូបភាព​តិច ឬ​ច្រើន​ក្ដី រឿង​នេះ​ចៀស​មិន​ផុត​ឡើយ​ពី​ការ​ប្រឈម​នៃ​ឱនភាព​សេដ្ឋកិច្ច។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ឲ្យ​ដឹង​ថា ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នេះ អាច​មាន​លទ្ធផល​២ ធំៗ ដែល​នាំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ខឿន​សេដ្ឋកិច្ច​ជាតិ។ លោក​បន្ត​ថា ​ទី​១ បើ​បក្ស​នយោបាយ​មួយ​ខ្លាំង​ហើយ​ជិះ​សេះ​លែង​ដៃ​ដោយ​មិន​គិត​ពី​សេដ្ឋកិច្ច វា​នឹង​រុញ​ច្រាន​ឲ្យ​ប្រទេស​ជួប​ផល​អាក្រក់។ ដោយ​ឡែក ទី​២ បក្ស​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា ហើយ​ចង់​ឈ្នះ​រៀងៗ​ខ្លួន នោះ​រឹត​តែ​ជា​បញ្ហា​ដ៏​អាក្រក់​ថែម​ទៀត។

អ្នក​វិភាគ​នយោបាយ​រូប​នេះ មើល​ឃើញ​ថា មធ្យោបាយ​ដែល​ល្អ​នោះ គឺ​បក្ស​នយោបាយ បើ​ទោះ​ជា​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ជា​ច្បាប់​ជា​គោល។ ហេតុផល​នេះ ត្រូវ​បាន​លោក អ៊ូ វីរៈ យល់​ឃើញ​ថា គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ៖ «បើ​សិន​ជា​យើង​ខ្លាំង​ទាំង​ពីរ ហើយ​យើង​មាន​នីតិរដ្ឋ​ជា​យន្តការ​ដោះស្រាយ​ជម្លោះ ឬ​ក៏​បញ្ហា​ផ្លូវ​ច្បាប់​ទុក​ចិត្ត ជា​ពិសេស​ការ​គោរព​ធម្មនុញ្ញ​និយម។ ខ្ញុំ​មើល​ទៅ​ហ្នឹង គឺ​ជា​រូបមន្ត​ដ៏​ល្អ​បំផុត»

ជម្លោះ​នយោបាយ​នេះ ស្រប​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់​ណាស់​ទៅ​ហើយ។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​អាច​នឹង​ស្ដារ​ប្រជាប្រិយភាព បាន​មួយ​កម្រិត​ថែម​ទៀត ស្រប​ពេល​មន្ទិល​សង្ស័យ​ដែល​អាច​ថា បែក​បាក់​ផ្ទៃ​ក្នុង​បក្ស​ប្រឆាំង​ត្រូវ​បញ្ចប់​ដោយ​ការ​បិទ​ទ្វារ​ចរចា​នយោបាយ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។