គណបក្ស​ប្រឆាំង​រិះគន់​គណបក្ស​កាន់​អំណាច​ជុំវិញ​ការ​អនុវត្ត​ច្បាប់

ដោយ ម៉ម មុនីរតន៍
2016.06.19
អ៊ូ ច័ន្ទឫទ្ធិ ២០១៦ ៨៥៥ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ (កណ្ដាល) ថ្លែង​ក្នុង​ពេល​ជួប​ជុំ​ជាមួយ​យុវជន​នា​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

ការ​ខ្វែង​គំនិត​លើ​បញ្ហា​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ពេល​នេះ នៅ​តែ​ជា​ចំណុច​ដ៏​ចម្រូងចម្រាស។ នៅ​ថ្ងៃ​ទី​១៩ មិថុនា នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ប្រតិកម្ម​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​រិះគន់​ស្ទើរ​គ្រប់​ទម្រង់​របស់​បក្ស​ប្រឆាំង ទាំង​ការ​ប្រើប្រាស់​សម្លៀកបំពាក់ និង​ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ​ជាដើម សុទ្ធតែ​ចោទ​ប្រកាន់​ថា គឺ​ជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​រយ​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា សារ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​តែង​ចោទ​ប្រកាន់​រាល់​សកម្មភាព​របស់​បក្ស​ប្រឆាំង ថា​ជា​ការ​បំពាន​ច្បាប់​នោះ ត្រូវ​បាន​បក្ស​ក្រៅ​រដ្ឋាភិបាល​យល់​ឃើញ​ថា នោះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​ខុស​ពី​ការ​ពិត ហើយ​ថែម​ទាំង​ផ្ទុយ​ពី​ច្បាប់​ថែម​ទៀត​ផង។

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​សង្កាត់​ចាក់អង្រែលើ ថា​មិន​ដឹង​មន្ត្រី​រដ្ឋាភិបាល​យក​មាត្រា​នៃ​ច្បាប់​ណា​មួយ ដែល​ចោទ​ប្រកាន់​ថា ការ​ពាក់​អាវ​មាន​ស្លាក​គណបក្ស ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ រឹត​តែ​បញ្ហា​នោះ​ទៀត ការ​ស្នើសុំ​ចូល​គាល់​ព្រះមហាក្សត្រ បែរ​ជា​ចោទ​ថា បក្ស​ប្រឆាំង​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ទៅ​វិញ​ជាដើម។ លោក អ៊ូ ច័ន្ទឫទ្ធិ យល់​ឃើញ​ថា ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ គឺ​ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។ លោក​បន្ត​ថា «សកម្មជន​ដែល​សុំ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏​គេ​ថា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ វា​ប៉ះពាល់​ស្អី​បង​ប្អូន​អើយ វា​ដូចជា​ហួស​ហេតុ​ពេក​ទេ​ហ្អី ឥត​យល់​ធ្វើ​ក៏​ខុស ធ្វើ​អី​ក៏​ខុស? អស់​លោក​មាន​អំណាច អស់​លោក​ថា​អី​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ដឹង​អំណាច​ឥត​គង់វង្ស​ទេ អំណាច​អំណាច​បែប​ហ្នឹង»

បន្ថែម​ពី​លើ​នេះ លោក អ៊ូ ច័ន្ទឫទ្ធិ នៅ​តែ​យល់​ឃើញ​ថា កម្ពុជា កំពុង​ជាប់​គាំង និង​មាន​វិបត្តិ​ខាង​នយោបាយ។ លោក​បន្ត​ថា មាន​សហគមន៍​អន្តរជាតិ និង​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ សុទ្ធតែ​បង្ហាញ​កង្វល់​ចំពោះ​ចរន្ត​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​នេះ។

ផ្ទុយ​ពី​នេះ​វិញ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ដូច​បក្ស​ប្រឆាំង​លើក​ឡើង​ទេ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​បក្ស​ប្រឆាំង​លើក​ឡើង​ថា កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ ដោយ​យោង​លើ​ប្រតិកម្ម​របស់​បរទេស​នោះ វា​គឺ​ជា​ការ​មិន​ស្គាល់​ខ្លួន​ឯង​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ លោក សុខ ឥសាន ចាត់​ទុក​ថា មិន​ដឹង​ជា​ប្រតិកម្ម​របស់​បក្ស​ប្រឆាំង​នេះ​ផ្អែក​លើ​ទឡ្ហីករណ៍​អ្វី​ឲ្យ​ប្រាកដ​នោះ​ឡើយ។ ក្រៅ​ពី​នេះ​វិញ ការ​ស្នើ​សុំ​ចូល​គាល់​ព្រះមហាក្សត្រ គឺ​វា​មិន​ទាស់​ខុស​ទេ ប៉ុន្តែ​ប្រសិន​បើ​បែរ​ជា​យក​ការ​ចូល​គាល់​នោះ ធ្វើ​កិច្ចការ​ទៅ​វិញ គឺ​ជា​ការ​រំលោភ​ច្បាប់​ហើយ ព្រោះ​ច្បាប់​កំណត់​មាន​តែ​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​កិច្ចការ​ជាមួយ​ព្រះមហាក្សត្រ​បាន។ លោក​បន្ត​ថា «បើ​ព្រះករុណា​លោក​សព្វ​ព្រះរាជហឫទ័យ អា​ហ្នឹង​គឺ​គាត់​ទៅ​ធម្មតា​បាន ក៏ប៉ុន្តែ​ថា​ធ្វើ​ការងារ​ជា​ព្រះករុណា ខ្ញុំ​យល់​ថា​ពិត​ជា​ខុស​តាម​រដ្ឋធម្មនុញ្ញ គឺ​ព្រះអង្គ​ធ្វើ​ការ​ជាមួយ​រាជ​រដ្ឋាភិបាល។ នាយក​រដ្ឋមន្ត្រី​មាន​ភារកិច្ច​ឡើង​រាយការណ៍​ជូន​ថ្វាយ​ព្រះករុណា​ក្នុង​មួយ​ខែ ២​ដង មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»

អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ភាព​ប្រេះស្រាំ​ខាង​នយោបាយ​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​ខ្វែង​គំនិត​គ្នា​លើ​ទិដ្ឋភាព និង​ជុំវិញ​និយម​ន័យ​ច្បាប់។ ប្រសិន​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ឥរិយាបថ​បែប​នេះ វា​អាច​នឹង​បង្កើត​ព្រឹត្តិការណ៍​ដូច​ឆ្នាំ​១៩៩៧ យ៉ាង​ដូច្នេះ​ដែរ។

លោក មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម អះអាង​ថា វា​ត្រូវ​តែ​មាន​អ្នក​កំណត់​និយម​ច្បាប់​ឲ្យ​បាន​ប្រាកដ​ឡើង ជា​ជាង​ទុក​ឲ្យ​ភាគី​ម្ខាង​បកស្រាយ​ច្បាប់​យក​ត្រូវ​តែ​រៀង​ខ្លួន​បែប​នេះ​ត​ទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ លោក មាស នី យល់​ឃើញ​ថា ស្ថានភាព​នេះ​អាច​នឹង​រុញ​ច្រាន​ឲ្យ​មាន​ការ​ប្រេះឆា​ផ្ទៃ​ក្នុង​កាន់​តែ​កាន់​ខ្លាំង​ឡើង​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «នាំ​គ្នា​បកស្រាយ​រដ្ឋធម្មនុញ្ញ បកស្រាយ​ច្បាប់​ទៅ​តាម​អ្វី​ដែល​ខ្លួន​ឯង​យល់។ យើង​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ច្បាប់​កំពូល ចេញ​មុខ​មក​ដើម្បី​ធ្វើ​ការ​កំណត់ ឬ​ក៏​សម្រេច​ថា​តើ​ច្បាប់​ហ្នឹង​ត្រូវ​បកស្រាយ​ទៅ​តាម​បែប​ណា​ឲ្យ​វា​ត្រូវ»

ថ្វីបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់​ឃើញ​ថា កម្ពុជា ពុំ​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ធ្លាប់​ស្វាគមន៍​រាល់​ការ​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដែរ ក៏ប៉ុន្តែ​ការ​ចរចា​នោះ​អាច​ធ្វើ​ទៅ​បាន លុះត្រា​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ទិដ្ឋភាព​នយោបាយ ដែល​មិន​មែន​ជា​ការ​ចរចា​ផ្ដោត​លើ​យុត្តាធិការ​តុលាការ និង​អ្នក​ជាប់​ឃុំ​ឡើយ។

ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ធ្លាប់​អះអាង​ពី​ជំហរ​ថា ការ​ចរចា​លើក​នេះ បក្ស​ប្រឆាំង​នឹង​មិន​ទាមទារ​ដាក់​លក្ខខណ្ឌ​អ្វី​ទាំងអស់ ឲ្យ​តែ​បក្ស​កាន់​អំណាច​យល់​ព្រម​ចរចា។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​បញ្ជាក់​ថា លោក​នឹង​មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី នេះ។ លោក ហ៊ុន សែន ថែម​ទាំង​បាន​ព្រលយ​ទៀត​ថា លិខិត​ចំហ​របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ប្រមាថ​ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ស្រី​កំណាន់​របស់​មេ​ដឹក​នាំ​វៀតណាម គឺ​ជា​លិខិត​មិន​ស្មោះ​ត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។