បក្ស​ប្រឆាំង​ទាមទារ​សម្ភារៈ​ដែល​ត្រូវ​បាន​រឹប​អូស​ពី​ទីលាន​ប្រជាធិបតេយ្យ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ​យក​សម្ភារៈ​ផ្សេងៗ របស់​ខ្លួន​ដែល​សមត្ថកិច្ច​ចម្រុះ ឬ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ រឹប​អូស​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៤ ខែ​មករា​ មក​វិញ។ ករណី​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី បាន​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​កំពុង​ពិនិត្យ​លើ​សំណើ​របស់​បក្ស​ប្រឆាំង​នេះ​រួច​​ហើយ។

0:00 / 0:00

លោក ហូរ វ៉ាន់ អនុ​ប្រធាន​ក្រុម​ការងារ​រាជធានី​ភ្នំពេញ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា ថា កាល​ពី​ដើម​សប្ដាហ៍​មុន លោក​បាន​ដាក់​លិខិត​ជូន​លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ស្នើ​​យក​សម្ភារៈ​ផ្សេងៗ ដែល​ត្រូវ​សមត្ថកិច្ច​រាជធានី​រឹប​អូស​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​ដោយ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាំង​អស់​មក​វិញ។ ប៉ុន្តែ​លោក​ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​មករា នេះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​សាលា​​រាជធានី​ចំពោះ​សំណើ​នេះ​​ទេ។

លោក ហូរ វ៉ាន់៖ «លិខិត​នេះ​ឯង​មាន​បញ្ជី​សារពើពន្ធ​ទាំង​អស់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។ មាន​តាំង​ពី​រោង មាន​សម្ភារៈ​បំពង​សំឡេង មាន​កុំព្យូទ័រ ដែល​យើង​ធ្វើការ​នៅ​ទី​នោះ។ មាន​សម្ភារៈ​ធ្វើ​បាតុកម្ម មាន​បដា សម្ភារៈ​សុខាភិបាល ដូចជា​ថ្នាំ​ពេទ្យ និង​អុកស៊ីហ្សែន ព្រម​ទាំង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទៀត។ ក្នុង​នោះ​ក៏​មាន​សម្ភារៈ​សម្រាប់​សម្រាក ដូចជា​ប៉ៅអ៊ី ឬ​តង់ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ជា​ច្រើន»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កម្លាំង​​ចម្រុះ​រដ្ឋាភិបាល​រាប់​រយ​នាក់ ប្រដាប់​ដោយ​អាវុធ ខែល ដំបង​ឆក់ និង​បំពង់​ទីប​ជាដើម បាន​ប្រើ​ហិង្សា​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រមូល​​​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​រឹប​អូស​យក​សម្ភារៈ​ទាំង​អស់។

​ទាក់ទិន​បញ្ហា​នេះ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បាន​ទទួល​លិខិត​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​សម្ភារៈ​របស់​ខ្លួន​ដែល​អាជ្ញាធរ​រឹប​អូស​ពី​ការ​ប្រមូល​ផ្តុំ​ខុស​ច្បាប់​នេះ​ហើយ ហើយ​ថា ករណី​នេះ​ថ្នាក់​ដឹកនាំ​កំពុង​ពិនិត្យ​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «យើង​បាន​ទទួល​សំណើ​របស់​គាត់​ហើយ ហើយ​យើង​បាន​ដាក់​ជូន​គណៈ​អភិបាល​លោក​ពិនិត្យ និង​សម្រេច។ ចាំ​មើល​ថ្ងៃ​ច័ន្ទ នេះ ឬ​ថ្ងៃ​ស្អែក​អី​ចាំ​ខ្ញុំ​នឹង​ពិនិត្យ​ថា​តើ​ថ្នាក់​ដឹកនាំ​លោក​មាន​ការ​សម្រេច​បែប​ណា»

លោក ហូរ វ៉ាន ថ្លែង​ថា សម្ភារៈ​ដែល​អាជ្ញាធរ​រឹប​អូស​ពី​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​មាន​​ការ​ខូចខាត ឬ​បាត់​បង់​សម្ភារៈ​ទាំង​នោះ សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ខុស​ត្រូវ​សង​ការ​ខូចខាត។ ព្រោះ​ព្រឹត្តិការណ៍​បង្ក្រាប​របស់​សមត្ថកិច្ច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ក្រុម​បាតុករ​បក្ស​សង្គ្រោះ​ជាតិ បាន​យល់​​ព្រម​ចាកចេញ​ដោយ​​សន្តិវិធី។

​បញ្ហា​នេះ​ដែរ ​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី និង​​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ប្រគល់​សម្ភារៈ​ទាំង​អស់​ដែល​បាន​រឹប​អូស​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។ ហើយ​ថា បើ​មាន​ការ​បាត់បង់ ឬ​ខូចខាត​នូវ​សម្ភារៈ​ទាំង​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​សង​ការ​ខូចខាត​ទាំង​ស្រុង៖ «កាល​ណា​បើ​យើង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​គេ មិន​បាន​ប្រគល់​ឲ្យ​គេ​វិញ វា​ជា​រឿង​មួយ​ដែល​យើង​មិន​បាន​គោរព​ទៅ​ដល់​សិទ្ធិ​ពលរដ្ឋ និង​គោរព​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ»

បន្ថែម​លើ​នេះ លោក អំ សំអាត​ ក្នុង​នាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា ផ្ដើម​ដោយ​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ទៅ​លើ​ហ្វូង​បាតុករ​អហិង្សា គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ និង​ទាមទារ​បញ្ឈប់​​​ជា​បន្ទាន់។

យ៉ាង​នេះ​ក្តី ថ្នាក់ដឹកនាំ​សាលា​រាជធានី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ថ្លែង​ថា សកម្មភាព​បង្ក្រាប​របស់​កម្លាំង​ចម្រុះ​ទៅ​លើ​ការ​ប្រមូល​ផ្តុំ ឬ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ខុស​ច្បាប់​ទេ ព្រោះ​ការ​ប្រមូល​ផ្ដុំ​គ្នា​នោះ​ធ្វើ​ឡើង​អនាធិបតេយ្យ និង​គ្មាន​ច្បាប់​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។