បក្ស​សង្គ្រោះ​ជាតិ​​ថ្កោលទោស​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី

មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដោយសារ​បង្កើត​ឡើង​នោះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

0:00 / 0:00

ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​នៅ​ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​វិមាន​សន្តិភាព បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១៣។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោក​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​ធ្ងន់ធ្ងរ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទទួល​ស្គាល់ និង​ចូល​រួម​បាន​នោះ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាង​ថា ការ​បង្កើត​រដ្ឋាភិបាល​សភា និង​រដ្ឋាភិបាល​ថ្មី​កាល​ពី​ថ្ងៃ​ទី​២៣ និង​ថ្ងៃ​ទី​២៤ កញ្ញា នេះ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ផ្ទុយ​ទៅ​វិញ​លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទេ ជា​អ្នក​រំលោភ​រដ្ឋធម្មនុញ្ញ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ពន្យល់​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​មិន​ទាន់​មាន​ឯកភាព​ជាតិ ដូច​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមព្រៀង​នៅ​ក្នុង​សន្ធិសញ្ញា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នោះ​ទេ ដូច្នេះ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ចោទ​ប្រកាន់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​នៅ​ឡើយ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ចំនួន​ពីរ​លើក​មក​ហើយ​ក្ដី។ មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បើក​ច្រក​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដដែល ប៉ុន្តែ​គណបក្ស​នេះ​ព្រមាន​ថា បើ​មិន​មាន​ដំណោះស្រាយ​ទេ គណបក្ស​សង្រ្គោះ​ជាតិ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​មាន​បញ្ហា​ជា​ច្រើន ដែល​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​រដ្ឋធម្មនុញ្ញ ក្រៅ​ពី​បង្កើត​រដ្ឋាភិបាល​ដោយ​ឯកបក្ស គឺ​ការ​បោះ​ឆ្នោត​កញ្ចប់​ជ្រើសរើស​នាយករដ្ឋមន្ត្រី។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រសិន​បើ​អ្នក​នយោបាយ​យក​ប្រជារាស្ត្រ​ជា​ធំ​នោះ មិន​មែន​រដ្ឋាភិបាល​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ និង​ជុំវិញ​ព្រះបរមរាជវាំង​នោះ​ទេ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ។ អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​អ្នក​នយោបាយ​គិត​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ និង​ចាត់​ទុក​ប្រជាពលរដ្ឋ​​ជា​ម្ចាស់​ឆ្នោត​នោះ អ្នក​នយោបាយ​គណបក្ស​ទាំង​ពីរ​ត្រូវ​ធ្វើ​ប្រជាមតិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទ័លច្រក​នយោបាយ​នេះ។

លោក សម រង្ស៊ី បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ កញ្ញា ថា គណបក្ស​ប្រឆាំង​ចង់​បែក​ចែង​តួនាទី ពិសេស​ចង់​បាន​ធ្វើ​ជា​ប្រធាន​សភា និង​ទុក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​នោះ ថា​ជា​រឿង​មិន​ពិត។

លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​បាន​តួនាទី​អ្វី​ទេ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន គឺ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។

លោក សម រង្ស៊ី បន្ថែម​ថា បើសិនជា​មិន​ចង់​ឲ្យ​នយោបាយ​ជាប់​គាំង គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​សភា​ជា​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច។ ក្រោយ​មក បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​រក​ការ​ពិត​ជូន​ម្ចាស់​ឆ្នោត​រួម​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។