ការចោទប្រកាន់របស់គណបក្សប្រឆាំងនេះ ធ្វើឡើងនៅខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈរដ្ឋមន្ត្រីប្រជុំលើកដំបូងរបស់ខ្លួននៅវិមានសន្តិភាព បន្ទាប់ពីរដ្ឋាភិបាលថ្មីបានបង្កើតឡើងកាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី២៥ កញ្ញា ថា គណបក្សប្រជាជនកម្ពុជា បានរំលោករដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងធ្ងន់ធ្ងរ ដូច្នេះគណបក្សសង្គ្រោះជាតិមិនអាចទទួលស្គាល់ និងចូលរួមបាននោះឡើយ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ការបង្កើតរដ្ឋាភិបាលសភា និងរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ កញ្ញា នេះ ជារដ្ឋាភិបាលស្របច្បាប់ ផ្ទុយទៅវិញលោក ផៃ ស៊ីផាន ចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិទេ ជាអ្នករំលោភរដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានពន្យល់ថា ការបង្កើតរដ្ឋាភិបាលថ្មីនេះមិនទាន់មានឯកភាពជាតិ ដូចដែលរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងនៅក្នុងសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះទេ ដូច្នេះការបង្កើតរដ្ឋាភិបាលថ្មីនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ ការចោទប្រកាន់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ ទោះបីជាគណបក្សទាំងពីរធ្លាប់បានជួបគ្នាដើម្បីរកដំណោះស្រាយចំនួនពីរលើកមកហើយក្ដី។ មកទល់ពេលនេះ គណបក្សសង្គ្រោះជាតិនៅតែបើកច្រកចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដដែល ប៉ុន្តែគណបក្សនេះព្រមានថា បើមិនមានដំណោះស្រាយទេ គណបក្សសង្រ្គោះជាតិ នឹងដឹកនាំធ្វើមហាបាតុកម្មនៅទូទាំងប្រទេសជាថ្មីម្ដងទៀត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការបង្កើតរដ្ឋាភិបាលថ្មីនេះមានបញ្ហាជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា រំលោភរដ្ឋធម្មនុញ្ញ ក្រៅពីបង្កើតរដ្ឋាភិបាលដោយឯកបក្ស គឺការបោះឆ្នោតកញ្ចប់ជ្រើសរើសនាយករដ្ឋមន្ត្រី។
អ្នកវិភាគបានលើកឡើងថា ប្រសិនបើអ្នកនយោបាយយកប្រជារាស្ត្រជាធំនោះ មិនមែនរដ្ឋាភិបាលបិទផ្លូវមួយចំនួននៅទីក្រុងភ្នំពេញ និងជុំវិញព្រះបរមរាជវាំងនោះទេ ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ អ្នកវិភាគសង្កត់ធ្ងន់ថា បើសិនជាអ្នកនយោបាយគិតប្រយោជន៍ប្រជាពលរដ្ឋជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ អ្នកនយោបាយគណបក្សទាំងពីរត្រូវធ្វើប្រជាមតិប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាទ័លច្រកនយោបាយនេះ។
លោក សម រង្ស៊ី បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ កញ្ញា ដែលថា គណបក្សសង្គ្រោះជាតិ ជួបចរចាកាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ កញ្ញា ថា គណបក្សប្រឆាំងចង់បែកចែងតួនាទី ពិសេសចង់បានធ្វើជាប្រធានសភា និងទុកឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលនោះ ថាជារឿងមិនពិត។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនចង់បានតួនាទីអ្វីទេ អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន គឺយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បន្ថែមថា បើសិនជាមិនចង់ឲ្យនយោបាយជាប់គាំង គឺគណបក្សប្រជាជនកម្ពុជា អាចដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន ហើយគណបក្សសង្គ្រោះជាតិ ដឹកនាំសភាជាបណ្ដោះអាសន្ន ដើម្បីឲ្យមានតុល្យភាពអំណាច។ ក្រោយមក បង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោតរកការពិតជូនម្ចាស់ឆ្នោតរួមគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
