ប្រធានគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់មន្ត្រីរៀបចំការបោះឆ្នោតខេត្ត និងមេឃុំ ប្រធានភូមិរបស់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានរៀបចំឲ្យមានការបោះឆ្នោតជំនួស ដែលជារឿងមិនត្រឹមត្រូវ។
លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី២៧ កក្កដា នៅទីស្នាក់ការគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ អះអាងថា ឯកសារសម្ងាត់ត្រូវបានគេទម្លាយឲ្យដឹងថា ខេត្តចំនួន២ នៅភូមិភាគពាយព្យជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំសង្កាត់មកពីគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបចំមនុស្សរួចជាស្រេច ដើម្បីបោះជំនួសឈ្មោះដែលអវត្តមាន។
លោក សម រង្ស៊ី៖ «មនុស្សដែលឥតមានសិទ្ធិបោះឆ្នោតសោះ មនុស្សគ្រាន់តែឆ្លងកាត់ភូមិហ្នឹង ពេលដែលថ្ងៃបោះឆ្នោត មុនថ្ងៃបោះឆ្នោត ហើយនៅពេលថ្ងៃបោះឆ្នោត ខុសគ្នាមួយថ្ងៃពីរថ្ងៃបន្ទាប់មក។ តែគេយកមនុស្សហ្នឹង គេយកទៅបំពាក់នៅលិខិតបញ្ជាក់អត្តសញ្ញាណ។ ហើយលិខិតបញ្ជាក់អត្តសញ្ញាណហ្នឹង គេរៀបចំមុនហើយ គេយកឈ្មោះអ្នកចំណាកស្រុកនៅបន្ទាយមានជ័យ នៅបាត់ដំបង ហ្នឹង មានប្រជាពលរដ្ឋខ្មែរយើងជនជាតិខ្មែរចេញទៅធ្វើការនៅថៃ ច្រើន»។
ទន្ទឹងនឹងនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែរថា ក្រៅពីចំនួនយុវជនមិនទាន់គ្រប់អាយុត្រូវបានមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ត្រៀមទុកជារួចស្រេចនោះ មន្ត្រីយោធា និងនគរបាល ត្រូវបានគេចល័តពីតំបន់មួយទៅតំបន់មួយផ្សេងទៀត។ បន្ថែមលើនេះ លោក កឹម សុខា បញ្ជាក់ថា មិនត្រឹមតែបញ្ហាការបំប៉ោងឈ្មោះ និងបាត់ឈ្មោះរកពុំឃើញ ក៏ប៉ុន្តែ ឈ្មោះស្ទួន គឺជាបន្ទុកបន្ថែមទៀតសម្រាប់ដំណើរការនៃការបោះឆ្នោតផងដែរ៖ «ឈ្មោះដែលគេតម្រូវឲ្យទៅបោះជំនួសឈ្មោះនៅខេត្តណា គឺមន្ត្រីប៉ូលិសគេឲ្យទៅជួយបោះនៅខេត្តព្រៃវែង។ មន្ត្រីប៉ូលិសមួយចំនួនបានឲ្យព័ត៌មានហើយ គេឲ្យទៅបោះបំពេញឈ្មោះខេត្តព្រៃវែង ដោយគេដឹងថា ខេត្តព្រៃវែង ចាញ់។ មន្ត្រីយោធាមួយចំនួននៅខេត្តព្រះវិហារ គេត្រៀមមកបោះនៅខេត្តកំពង់ចាម ដើម្បីបោះជំនួស»។
សន្និសីទកាសែតដែលមានអ្នកសង្កេតការណ៍អន្តរជាតិជាង ១០ប្រទេសចូលរួមនៅព្រឹកថ្ងៃទី២៧ កក្កដា លោក សម រង្ស៊ី ចាត់ទុកថា ការបោះឆ្នោតដែលមិនបានផ្ដល់សិទ្ធិឲ្យរូបលោកបានចូលរួមបោះឆ្នោត និងឈរឈ្មោះ ហើយនីតិវិធីបោះឆ្នោតមានភាពស្មុគស្មាញដូចមុននោះ គឺជាផ្នែកមួយបង្ហាញថា លទ្ធផលបោះឆ្នោតដ៏ខ្លីខាងមុខនេះពុំប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌នោះឡើយ។
ឆ្លើយតបបញ្ហានេះ លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំរុញឲ្យអ្នកសង្កេតការណ៍ ឬគណបក្សនយោបាយ គួរឃ្លាំមើលឲ្យបានដិតដល់ និងរកភស្តុតាងឲ្យបានជាក់លាក់ រួចប្ដឹងមក គ.ជ.ប៖ «ហើយអាចតាមដានមើលគ្រប់សកម្មភាព បាទ! គ្រប់សកម្មភាពដែលនឹងកើតនៅថ្ងៃអាទិត្យ។ ហើយបើសិនជាមានបញ្ហាដែលមិនប្រក្រតីនៅកន្លែងណាមួយនោះ សូមចាប់ឲ្យបាន ហើយយើងបញ្ជូនទៅឲ្យមន្ត្រីសន្តិសុខនៅតាមការិយាល័យនីមួយៗឃាត់ខ្លួនទុក ដើម្បីធ្វើការស៊ើបអង្កេត»។
កាលពីពេលថ្មីៗនេះ អង្គការ ខុមហ្វ្រែល (Comfrel) បានបង្ហាញតួលេខរកឃើញថា ពលរដ្ឋកម្ពុជា ជាង ១លាន ២សែននាក់ (១.២៥០.០០០នាក់) បាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបជាង ៩លាននាក់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
