មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា បញ្ហានយោបាយនឹងត្រូវបានដោះស្រាយឲ្យចប់សព្វគ្រប់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។
ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៧ កក្កដា នាសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ដែលមានសកម្មជន និងប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម។
មេដឹកនាំគណបក្សប្រឆាំងមួយក៏អះអាងដែរថា បេក្ខជនទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ កក្កដា ក៏ប៉ុន្តែមិនបានបញ្ជាក់ថា បេក្ខជននោះជានរណានៅឡើយ។
សន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិ បានសម្រេចជាឯកច្ឆានថា បើសិនជាបេក្ខជនទី៩ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរើសមិនបានទេនោះ នោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូប នឹងមិនចូលស្បថកាន់តំណែងឡើយ។
ថ្លែងទៅកាន់អ្នកចូលរួមនិងសកម្មជនគាំទ្រគណបក្សរបស់ខ្លួនមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បន្ទាប់ពីសេចក្ដីសម្រេចរបស់សន្និបាតត្រូវបានបោះឆ្នោតគាំទ្រដោយលើកដៃរួច អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឡើងថ្លែងសន្យាថា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងអនុវត្តទៅតាមការចង់បានរបស់អ្នកគាំទ្រនៅក្នុងសេចក្ដីសម្រេចរបស់សន្និបាតនេះ។
លោក កឹម សុខា ក៏ប្រកាសដែរថា គណបក្សសង្គ្រោះជាតិ នឹងយកសេចក្ដីសម្រេចនេះទៅស៊ីសងជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ កក្កដា៖ «សន្និបាតបានបញ្ជាក់ប្រាប់ថា បើរកមិនឃើញជនទី៩ នៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត គឺម្នាក់ដែលត្រូវព្រមព្រៀងគ្នានោះទេ តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនចូលជាន់កៅអីសភាជាដាច់ខាត ហើយយើងក៏ដឹងដែរថា កិច្ចការច្រើនទៀតដែលត្រូវធ្វើ បណ្ដាំរបស់តំណាងតាមខេត្តដែលឡើងថ្លែងអម្បាញ់មិញនេះ មិនត្រឹមតែមួយនាក់ដែលត្រូវឯកភាពគ្នានោះទេ ៤នាក់ទៀតដែលគណបក្សត្រូវរើសនោះ ក៏ត្រូវតែជាមនុស្សមួយដែលទិញមិនលក់ សម្លុតមិនខ្លាច ហើយសម្រេចជោគជ័យជូនជាតិរបស់យើង»។
តែទោះជាយ៉ាងណាក៏ដោយ លោក កឹម សុខា បង្ហើបឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរនឹងបានឃើញនរណាជាបេក្ខជនទី៩ របស់ គ.ជ.ប នៅថ្ងៃទី២៨ កក្កដា។ បើតាមអនុប្រធានបក្សប្រឆាំងនេះដដែល បេក្ខជនទី៩នោះ គឺជាមនុស្សដែលមានកិត្តិយស មានកេរ្តិ៍ឈ្មោះ និងជាអ្នកមានស្នាដៃ ហើយដែលប្រជាពលរដ្ឋខ្មែរទូទៅធ្លាប់បានស្គាល់ពីមុនមក។
លោកបន្តថា គណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចហើយ ដើម្បីផ្ដល់កិត្តិយសដល់បេក្ខជនទី៩ នេះ ដើម្បីឲ្យបុគ្គលម្នាក់នេះជួយស្រោចស្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ ថ្លែងថា លទ្ធផលដែលសម្រេចបានដោយសន្និបាតក្រុមប្រឹក្សាជាតិគណបក្សសង្គ្រោះជាតិនេះ គឺជាការបោះជំហានទៅមុខរបស់បក្សប្រឆាំងមួយជំហានទៀត ដើម្បីសម្រេចបានគោលដៅចុងក្រោយរបស់ខ្លួននោះ គឺការកាន់កាប់អំណាច ព្រោះថា បើគ្មានអំណាចក្នុងដៃនោះទេ គណបក្សប្រឆាំងមួយនេះនឹងមិនអាចសង្គ្រោះជាតិបានឡើយ។
បើតាមលោក សម រង្ស៊ី ដើម្បីអាចឲ្យបក្សសង្គ្រោះជាតិទទួលបានអំណាច លុះណាតែមានការបោះឆ្នោតមួយប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ហើយដើម្បីឲ្យការបោះឆ្នោតយុត្តិធម៌ លុះណាតែមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយយុត្តិធម៌និងឯករាជ្យ។
ស្រដៀងគ្នាទៅនឹងលោក កឹម សុខា លោក សម រង្ស៊ី បញ្ជាក់ដោយមានជំនឿជាក់ថា បេក្ខជនទី៩ របស់ គ.ជ.ប ព្រមទាំងបញ្ហាមួយចំនួនទៀត នឹងត្រូវបានដោះស្រាយចប់សព្វគ្រប់នៅថ្ងៃទី២៨ កក្កដា៖ «មនុស្សកណ្ដាលទី៩ ថ្ងៃស្អែកនេះរកបានហើយ នេះជាជំនឿ ជំនឿខុស ជំនឿត្រូវ មិនដឹងទេ តែសូមបន់ស្រន់ ហើយខ្ញុំជឿជាក់ យើងជឿជាក់ទាំងអស់គ្នា ថានឹងរកបានហើយថ្ងៃស្អែក ដូច្នេះបើកផ្លូវឲ្យយើងចូលទៅក្នុងសភា»។
បើតាមការថ្លែងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា អ្វីៗហាក់បានសម្រេច និងឯកភាពគ្នានៅពីក្រោយឆាករួចហើយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ពិសេសទៅលើបេក្ខជនទី៩ របស់ គ.ជ.ប។ បន្ថែមពីលើនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ឲ្យដឹងដែរថា ក្នុងចំណោមសមាសភាពបេក្ខជន គ.ជ.ប ចំនួន ៤រូប ដែលគណបក្សខ្លួនត្រូវជ្រើសរើស គឺមាន ២រូបនឹងត្រូវរើសចេញពីគណបក្ស ហើយ ២រូបទៀតនឹងជ្រើសរើសចេញពីអង្គការសង្គមស៊ីវិល។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន មានប្រសាសន៍នៅថ្ងៃទី២៧ កក្កដា ថា លោកមិនបានដឹងថា តើមានការឯកភាពគ្នាទៅលើបេក្ខជនទី៩ របស់ គ.ជ.ប ឬក៏យ៉ាងណានោះឡើយ។
ការជ្រើសរើសបេក្ខជនឯករាជ្យទី៩ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការព្រមព្រៀងដោយគណបក្សទាំង២ គឺជាបញ្ហាសំខាន់បំផុតមួយសម្រាប់គណបក្សសង្គ្រោះជាតិ មុននឹងពួកគេចូលសភា ព្រោះថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ ឬឯកភាពគ្នាឲ្យរួចរាល់មុននោះទេ គោលបំណងនៃការកែទម្រង់ការបោះឆ្នោតរបស់បក្សប្រឆាំងអាចនឹងបរាជ័យ ពីព្រោះកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា បានបញ្ជាក់ថា ក្នុងករណីដែលគណបក្សទាំង២ ខកខានមិនបានរៀបចំសមាសភាព គ.ជ.ប ថ្មី សមាសភាព គ.ជ.ប ដែលមានស្រាប់ ត្រូវបន្តការងាររបស់ខ្លួនបន្តទៀត។
សន្និបាតក្រុមប្រឹក្សាជាតិលើកទី១ របស់គណបក្សសង្គ្រោះជាតិនេះ ក្រៅតែពីផ្តោតលើការបោះឆ្នោតគាំទ្រទៅលើកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្កដា សន្និបាតនេះ ក៏ជាឱកាសសម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ បកស្រាយទៅកាន់សកម្មជនអ្នកគាំទ្ររបស់ខ្លួនអំពីគោលជំហរ អំពីយុទ្ធសាស្ត្រ និងពីការសម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយបក្សកាន់អំណាចដើម្បីចូលសភា ព្រមទាំងដើម្បីបង្ហាញទិសដៅរបស់គណបក្សប្រឆាំងមួយនេះទៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។