លោក ហូរ វ៉ាន់ តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា កម្មវិធីឈានចូលថ្ងៃទី៦នេះ បន្ទាប់ពីជួបជុំគ្នាពេលព្រឹករបស់ក្រុមបាតុករ និងអ្នកតំណាងរាស្ត្រលើកពីបញ្ហាប្រឈមនានាក្នុងសង្គម។ នៅរសៀលម៉ោងជាង ៤រសៀលថ្ងៃសុក្រ ទី២០ ធ្នូ នេះ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បាននាំក្បួនហែតាមវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យ ឆ្លងផ្លូវ១០៨ រួចបត់ចូលតាមមហាវិថីព្រះមុនីវង្ស។ បន្ទាប់មក ហួសផ្លូវកម្ពុជាក្រោម បត់ស្ដាំចូលផ្លូវសុកហុក ឆ្លងកាត់ផ្លូវសុកហុក ឆ្ពោះទៅកាន់ផ្លូវទេពផន ហើយឆ្លងកាត់ស្តុបទេពផន មួយផ្លូវរួចបត់ស្ដាំឆ្ពោះទៅត្រង់ផ្សារគីឡូលេខ៤ ប៉ែកខាងក្រោយវិទ្យាល័យសន្ធរមុខ ក្រោយមកទៀតឆ្លងកាត់ទៅកាន់ផ្លូវកម្ពុជាក្រោមវិញ។ នៅពេលក្បួនធ្វើដំណើរកាត់ផ្លូវកម្ពុជាក្រោមត្រង់ឆ្ពោះទៅកើត ជួបមហាវិថីព្រះមុនីវង្ស វិញ បន្ទាប់មកបត់ទៅជើងកាត់ផ្លូវក្រមួនស រួចបត់ឆ្វេងចូលទីលានប្រជាធិបតេយ្យ។
លោក ហូរ វ៉ាន់ បន្តថា សម្រាប់បាតុកម្មនៅថ្ងៃអាទិត្យ ទី២២ ខាងមុខនេះ គឺជាកម្មវិធីពិសេសដែលសមាជិកសភា និងព្រឹទ្ធសភាទាំងអស់របស់គណបក្សសង្គ្រោះជាតិ នឹងទទួលខុសត្រូវរួមគ្នា ២៤ម៉ោង លើ ២៤ម៉ោង នៅទីលានប្រជាធិបតេយ្យជាមួយក្រុមបាតុករ។ ចំណែកក្បួនដង្ហែវិញ នឹងយកមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ទន្ទឹងនឹងនេះ កម្មវិធីរៀបចំរ៉ឺម៉កកង់បីចំនួន ២០គ្រឿង។ លោក ហូរ វ៉ាន់ សង្ឃឹមថា នៅថ្ងៃទី២២ ខាងមុខនេះ អ្នកចូលរួមនឹងមិនក្រោម ៧ម៉ឺននាក់ឡើយ៕
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមពី លោក ម៉ម មុនីរតន៍ ដែលតាមដានក្បួនបាតុកម្មដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
