គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បួង​សួង​តាម​បែប​សាសនា​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2016.06.19
សង្គ្រោះ​ជាតិ បួង​សួង​នៅ​សៀមរាប ២០១៦ ៨៥៥ ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​សាសនា​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

មន្ត្រី​គណបក្ស​ប្រឆាំង បាន​ដើរ​ដល់​ផ្លូវ​ជ្រើស​យក​ជំនឿ​សាសនា​ធ្វើ​ជា​មធ្យោបាយ ជួយ​ជំរុញ​កម្លាំង​ចិត្ត​ឲ្យ​ព្យាយាម​ដោះស្រាយ​បញ្ហា​ឡើង​កម្ដៅ​នយោបាយ​នៅ​ក្នុង​ប្រទេស​ជា​បន្ត​ទៅ​ទៀត។ ការ​ជ្រើស​យក​ពិធី​សាសនា ដើម្បី​ឲ្យ​វត្ថុ​សក្ដិសិទ្ធិ និង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​អតីត​ព្រះមហាក្សត្រ​ច្រើន​ជំនាន់ ជួយ​បន្ទន់​ចិត្ត​អ្នក​នយោបាយ​ឲ្យ​បែរ​មក​គិត​ប្រយោជន៍​ប្រជាជន និង​ប្រទេស​ជាតិ​ជា​ធំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វះ​ស្វែងរក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​មិន​បាន​សម្រេច​រួច​មក។

អ្នក​តំណាង​រាស្ត្រ​ជាច្រើន​រូប ព្រម​ទាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២​ពាន់​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​បាត់ដំបង ជាដើម បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​សាសនា​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មិថុនា។

ការ​ប្រារព្ធ​ពិធី​សាសនា បួង​សួង​សុំ​ឲ្យ​បារមី​នៃ​វត្ថុ​សក្ដិសិទ្ធិ និង​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​សម័យ​អង្គរ ជួយ​ដឹក​នាំ និង​បណ្ដាល​ចិត្ត​អ្នក​នយោបាយ​ឲ្យ​ចេះ​រួបរួម​គ្នា គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​នោះ គឺ​ធ្វើ​ឡើង​នៅ​អាស្រម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដោយ​មាន​ប្រគំ​ភ្លេង​ពិណពាទ្យ​ថ្វាយ​ផង។

«សំឡេង​ភ្លេង»

បន្ទាប់​ពី​ពិធី​បួង​សួង​ខ្លី​នៅ​ឯ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​រួច​មក ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ បាន​នាំ​គ្នា​ទៅ​ធ្វើ​នៅ​មុខ​រាន​ហាល​ផ្នែក​ខាង​លិច​នៃ​ប្រាសាទ​អង្គរវត្ត​ទៀត។

«សំឡេង​បួង​សួង»

គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​បួង​សួង​តាម​បែប​សាសនា​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​បួង​សួង​តាម​បែប​សាសនា​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ប្រធាន​គណៈកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ប៉ុល ហំម។ លោក​ថ្លែង​បន្ទាប់​ពី​បញ្ចប់​ពិធី​សាសនា​នោះ​ថា ការ​ឡើង​កម្ដៅ​នយោបាយ​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច ដាក់​ការ​គាប​សង្កត់​មក​លើ​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​ជា​បន្តបន្ទាប់​នេះ គឺ​ជា​ស្ថានការណ៍​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។ លោក ប៉ុល ហំម បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រឹងប្រែង​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​គ្រប់​រូបភាព ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ឡើយ។ រហូត​ដល់​ពេល​នេះ គណបក្ស​របស់​លោក​ក៏​ស្វែងរក​កម្លាំង​ចិត្ត​តាម​បែប​ពិធី​សាសនា​វិញ​ម្ដង។

លោក ប៉ុល ហំម មាន​ប្រសាសន៍​ទៀត​ថា អ្វី​ដែល​គណបក្ស​របស់​លោក​ធ្វើ​ពេល​នេះ ប្រសិន​បើ​ព្រលឹង​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ លោក​មក​សណ្ឋិត​លើ​ដួង​ចិត្ត​របស់​អ្នក​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន គឺ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សុខសាន្ត៖ «ទីណា​មាន​ការ​ជិះ​ជាន់ ទីនោះ​មាន​ការ​រើ​បម្រះ បើ​ជិះ​ជាន់​តិច​រើ​បម្រះ​ក៏​តិច បើ​ជិះ​ជាន់​ខ្លាំង​រើ​បម្រះ​ក៏​ខ្លាំង»

ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​ចូលរួម​ពិធី​សាសនា​ដែរ​នោះ បាន​រំឭក​ពី​ប្រវត្តិសាស្ត្រ​ថា កាល​ពី​សម័យ​មហា​នគរ ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​នាម​ជ័យវរ្ម័ន​ទី​៧ ដែល​សោយរាជ្យ​នៅ​អង្គរ បាន​ធ្វើ​ឲ្យ​អាណាចក្រ​ខ្មែរ​រុងរឿង​ល្បីល្បាញ ដោយ​ព្រះអង្គ​យល់​ថា ទុក្ខ​របស់​ប្រជារាស្ត្រ គឺ​ជា​ទុក្ខ​របស់​ព្រះអង្គ។ លោក សឺន ស៊ូប៊ែរ្តិ៍ ចង់​ឲ្យ​អ្នក​កាន់​អំណាច​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ខ្មែរ​យក​លំនាំ​តាម​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​ប្រយោជន៍​របស់​ជាតិ និង​មាតុភូមិ៖ «ខ្មែរ​មិន​រួម​ដៃ​គ្នា គឺ​នឹង​បាត់បង់​ទឹក​ដី។ ខ្ញុំ​សូម​អង្វរ​ដល់​មេ​ដឹក​នាំ​ខ្មែរ​ទាំងអស់ គួរ​ចេះ​ពិភាក្សា​គ្នា​និយាយ​គ្នា ដោយ​មិន​ប្រើ​ហិង្សា​ខាង​នយោបាយ»

ពិធី​សាសនា​ដែល​ធ្វើ​ឡើង​នៅ​មុខ​រាន​ហាល​នៃ​ប្រាសាទ​អង្គរវត្ត​ប៉ែក​ខាង​លិច​នោះ បើ​ទោះ​បី​ជា​អាជ្ញាធរ​អប្សរា​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ច្បាប់ ហើយ​គណបក្ស​នេះ​មិន​បាន​ធ្វើ​តាម​ក៏ដោយ ក៏​បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ចប់​សព្វគ្រប់ មិន​មាន​ការ​រំខាន​ពី​អាជ្ញាធរ ឬ​ក៏​ពី​សំណាក់​ក្រុម​ណា​មួយ​ទេ។

«សំឡេង​ព្រះសង្ឃ»

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ពិធី​បែប​នេះ មិន​មែន​ជា​មធ្យោបាយ​នៃ​ការ​ដោះស្រាយ​ខាង​នយោបាយ​ទេ វា​គ្រាន់​តែ​ជា​ការ​ទាញ​យក​ប្រជាភិថុតិ​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​យក​បញ្ហា​នយោបាយ​ទៅ​លាយឡំ​គ្នា​ជាមួយ​នឹង​រឿង​សាសនា។ លោក ផៃ ស៊ីផាន បញ្ជាក់​ថា បញ្ហា​ទំនាស់​នយោបាយ គឺ​គេ​ត្រូវ​តតាំង​មតិ​គ្នា​នៅ​ក្នុង​សភា ឬ​ក៏​តតាំង​ទៅ​តាម​ច្បាប់​នីមួយៗ មិន​មែន​តាម​បែប​ធ្វើ​ពិធី​សាសនា​ទេ៖ «គាត់​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​សកម្មភាព​មហាជន​ងើប​ឡើង​រស់​រវើក ដើម្បី​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ»

ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់​ឃើញ​ដូច​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​នោះ​ទេ គឺ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​ភាព​ហិង្សា​ខាង​នយោបាយ ដែល​អាច​នឹង​ធ្វើ​ឲ្យ​សង្គម​មិន​សុខសាន្ត។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត​ដែល​ចូលរួម​ពិធី​សាសនា​នោះ មាន​ប្រសាសន៍​ថា ការ​មិន​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ គឺ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សុខសាន្ត ព្រម​ទាំង​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​ឲ្យ​ពេញលេញ​ទេ។ បុរស​ដដែល​ចង់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ត្រូវ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អ្នក​មាន​សំឡេង​នៅ​ក្នុង​សភា​ដូច​គ្នា​នេះ៖ «ព្រួយ​បារម្ភ​ដែរ ដោយ​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ ដូចជា​ចាប់​ស្ត្រី​បោះ​ទៅ​លើ​ឡាន ជាដើម គឺ​មិន​គួរ​ឲ្យ​មាន​រូបភាព​ដូច្នេះ​ទេ»

អភិបាល​នៃ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​អះអាង​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប ដោយ​មិន​គោរព​លើ​អភ័យ​ឯកសិទ្ធិ​របស់​សភា​ទេ។ លោក សុន ឆ័យ អះអាង​ថា រហូត​មក​ដល់​ពេល​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប ត្រូវ​បាន​គេ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន ដូចជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្នាក់នៅ​ក្រៅ​ប្រទេស ចំណែក​លោក កឹម សុខា អតីត​អនុប្រធាន​ទី​១ រដ្ឋសភា ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ក្នុង​រឿង​មិន​សមរម្យ ចំណែកឯ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា ត្រូវ​គេ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ លោក អ៊ុំ សំអាន សមាជិក​សភា ក៏​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយសារ​តែ​ការ​រិះគន់​រឿង​ព្រំដែន​ខាង​កើត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។