គណបក្សសង្គ្រោះជាតិ នឹងប្រជុំគណៈកម្មាធិការនាយកដើម្បីសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី ឲ្យត្រូវនឹងអ្វីដែលក្រសួងមហាផ្ទៃ ចង់បាន នៅថ្ងៃទី២ ខែមេសា ស្អែកនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បង្ហើបឲ្យដឹងថា ទោះកិច្ចប្រជុំនោះជ្រើសរើសថ្នាក់ដឹកនាំក្ដី ប៉ុន្តែគណបក្សនៅតែរក្សាប្រធាន និងអនុប្រធានបក្សដែលមានស្រាប់ដដែល។
ការសម្រេចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ ដូចនេះ ក្រោយពីគណបក្សសង្គ្រោះជាតិ បានទទួលលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា បានប្រថាប់ត្រាទទួលស្គាល់លើលក្ខន្តិកៈរបស់គណបក្ស នៃការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា។
ប៉ុន្តែយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ក្រសួងមហាផ្ទៃ នៅតែយល់ថា ការជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស មិនផ្អែកតាមលក្ខន្តិកៈចាស់របស់គណបក្សនោះទេ។ លោកបញ្ជាក់ថា ដូច្នេះគណបក្សត្រូវរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃទី២ ខែមេសា ដើម្បីរកដំណោះស្រាយ៖ «លក្ខន្តិកៈគាត់ទទួលយកហើយ ប៉ុន្តែគ្រាន់តែថាការរើសប្រធាន អនុប្រធានហ្នឹងគាត់ថានៅមិនទាន់ស្របតានលក្ខន្តិកៈគណបក្ស។ ចំណុចហ្នឹងហើយដែលជាចំណុចនៅខុសគ្នា»។
លោក យឹម សុវណ្ណ បដិសេធមិនប្រាប់ថា តើដំណោះស្រាយនោះជាអ្វីឡើយ។
ប្រការ៤៧ នៃលក្ខន្តិកៈចាស់របស់គណបក្សសង្គ្រោះជាតិ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស អាណត្តិនៅតិចជាង ១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីប្រធានស្ដីទី ហើយគណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានថ្មីមួយរូបក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត (៥០+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល។ អាណត្តិនៅលើស ១៨ខែ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវកំណត់ពេលរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មីក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។
កាលពីថ្ងៃទី២ ខែមីនា គណបក្សសង្គ្រោះជាតិ បានធ្វើសមាជវិសាមញ្ញមួយ ជ្រើសរើសលោក កឹម សុខា ជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី ដែលលាលែង ហើយគណបក្សនេះ ជ្រើសរើសអនុប្រធានបីរូបជំនួសលោ កឹម សុខា រួមមានលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យដឹងបន្ថែមថា គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នឹងប្រជុំសម្រេចរើសអនុប្រធានបក្សសាជាថ្មី ដើម្បីឲ្យត្រូវតាមការចង់បានរបស់គណបក្សក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា ទោះមានកិច្ចប្រជុំម្ដងទៀតក្ដី ប៉ុន្តែអនុប្រធានទាំងបីរបស់គណបក្សដែលមានស្រាប់ មិនមានការផ្លាស់ប្ដូរចេញទេ ចំណែកលោក កឹម សុខា ដែលជាប្រធានគណបក្ស ក៏នៅដដែលដែរ៖ «ស្របតាមលក្ខន្តិកៈយើង ព្រោះកាលយើងធ្វើគណៈកម្មាធិការនាយកគាំទ្របេក្ខភាពអនុប្រធានតាំងពីថ្ងៃ១ ខែមីនា»។
ទាក់ទងរឿងនេះ អាស៊ីសេរីបានសុំការបំភ្លឺពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ដែលកាន់សំណុំរឿងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏សុំមិនឆ្លើយតបដែរ ដោយលោកបញ្ជាក់ថា លោកកំពុងជាប់បំពេញការងារនៅក្រៅប្រទេស។
ទាក់ទងរឿងនេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការដែលក្រសួងមហាផ្ទៃ ប្រកាសថា ទទួលស្គាល់លើលក្ខន្តិកៈរបស់គណបក្ស នៃការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ជាសញ្ញាវិជ្ជមានមួយហើយ។ លោកបន្តទៀតថា អ្វីដែលកើតឡើងមកលើគណបក្សសង្គ្រោះជាតិ គឺគូបដិបក្ខចង់ឃើញឲ្យគណបក្សសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនដឹកនាំបក្សតែប្រធានម្នាក់ និងអនុប្រធានម្នាក់៖ «កាលណាប្រធានតែមួយ ពេលដែលមានវិបត្តិណាមួយដែលចំទៅបុគ្គលដែលជាអ្នកដឹកនាំ គឺវាអាចរំខាន»។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា គណបក្សប្រឆាំងនៅតែបន្តជួបឧបសគ្គបន្តទៀតនៅពេលខាងមុខ ដូច្នេះគណបក្សនេះតែត្រូវរៀបចំខ្លួនតម្រូវតាមលក្ខន្តិកៈ ហើយគណបក្សត្រូវធ្វើការជាក្រុម និងមានប្រជាធិបតេយ្យផ្ទៃក្នុងបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
