គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ទីស្នាក់ការ​បក្ស

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ទី​៨ សីហា ថា គណបក្ស​នឹង​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ចាប់​ពី​ពេល​នេះ​ត​ទៅ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៨ សីហា ថា បក្ស​ប្រឆាំង​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ហើយ​ការ​ចូលរួម​របស់​បក្ស​ប្រឆាំង គឺ​ធ្វើ​តាម​រយៈ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​ប្រមូល​ផ្តុំ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស និង​មាន​ការ​ថ្លែង​សារ ជាដើម។

លោក អេង ឆៃអ៊ាង ថ្លែង​ថា «យើង​ប្រកាស​ជំហរ​របស់​យើង​គាំទ្រ ហើយ​យើង​ចូលរួម​តាម​រយៈ​យើង​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ ពាក់​អាវ​ពណ៌​ខ្មៅ ដើម្បី​តស៊ូ​មតិ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​នយោបាយ និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ក៏ដូចជា​មន្ត្រី​អាដហុក ( ADHOC ) ដែល​កំពុង​ជាប់​ពន្ធនា គារ និង​ដើម្បី​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ»

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​អំណាច​អ្វី​ឡើយ ដូច​នេះ​អ្វី​ដែល​គណបក្ស​នេះ​អាច​ធ្វើ​បាន គឺ​មាន​តែ​ការ​ប្រើប្រាស់​សតិសម្បជញ្ញៈ មនសិការ ឬ​សម្ដី​ដើម្បី​តស៊ូ​មតិ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​គាប​សង្កត់​មក​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​អភ័យ​ឯកសិទ្ធិ​របស់​តំណាង​រាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។