មេដឹកនាំគណបក្សប្រឆាំងថ្លែងថា បញ្ហាតុលាការពុករលួយ បទល្មើសនេសាទ បញ្ហាព្រៃឈើ និងដីធ្លីដែលកំពុងតែកើតមានធ្ងន់ធ្ងរនៅក្នុងខេត្តកំពង់ឆ្នាំង នឹងមិនអាចដោះស្រាយចេញឡើយ ដរាបណាគណបក្សសង្គ្រោះជាតិ មិនទាន់បានកាន់អំណាចដឹកនាំរដ្ឋាភិបាល។ ចំណែកអាជ្ញាធរបានចាត់ទុក្ខការលើកឡើងរបស់មេបក្សប្រឆាំងនេះថា គឺគ្រាន់តែចង់កេងចំណេញផ្នែកនយោបាយ ខណៈដែលខ្លួនកំពុងប្រឹងប្រែងក្នុងការដោះស្រាយ និងលុបបំបាត់បញ្ហាទាំងនោះ។
ស្ទើរគ្រប់ទីកន្លែងដែលមេដឹកនាំ និងសកម្មជនរបស់គណបក្សប្រឆាំងទៅដល់ គឺតែងតែលើកឡើងពីបញ្ហាសង្គម និងភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ដើម្បីប្រកូកប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹង។ បញ្ហានេះបានធ្វើឲ្យមន្ត្រីក្នុងជួរគណបក្សកាន់អំណាច និងអាជ្ញាធរមួយចំនួនមិនសប្បាយចិត្តនោះទេ ក៏ប៉ុន្តែអ្វីដែលគណបក្សប្រឆាំងបានលើកឡើង វាហាក់ត្រូវទៅនឹងស្ថានភាពជាក់ស្ដែង និងបញ្ហាសង្គមដែលកំពុងកើតមានចំពោះប្រជាពលរដ្ឋ។
អ្នកវិភាគស្ថានការណ៍សង្គមបានលើកឡើងថា ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សុទ្ធតែចង់កេងចំណេញពីប្រជាពលរដ្ឋ ដោយម្ខាងព្យាយាមលាក់បាំងបញ្ហា និងម្ខាងទៀតខំគាស់កកាយបញ្ហាឡើង។ យ៉ាងណាប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាមិនប្រាកដថាទាល់តែមានការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំរដ្ឋាភិបាលនោះទេ ប៉ុន្តែទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្លាស់ប្ដូរយុទ្ធសាស្ត្រនៃការដោះស្រាយបញ្ហាជាថ្មី។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៤ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនប្រមាណជា ៤ពាន់នាក់នៅខេត្តកំពង់ឆ្នាំង ថា លោកបានមើលឃើញបញ្ហាកើតមានធ្ងន់ធ្ងរនៅក្នុងខេត្តនេះជាច្រើន ដូចជា ភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ បទល្មើសនេសាទ និងបញ្ហាព្រៃឈើជាដើម។
លោក កឹម សុខា៖ «អយុត្តិធម៌សង្គមដែលកើតមាននៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងនេះ មិនអាចដោះស្រាយបានទេ ដរាបណាគណបក្សសង្គ្រោះជាតិ មិនទាន់បានទៅដឹកនាំរដ្ឋាភិបាល មែនឬមិនមែនបងប្អូនៗ?»។
ទាក់ទងនឹងបញ្ហានេះប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក ម៉ែន ធឿន មានប្រសាសន៍ថា នៅតាមស្ថាប័ននីមួយៗពិតជាមានមន្ត្រីខិលខូច ក៏ប៉ុន្តែមិនអាចបូកសរុបទាំងអស់នោះទេ។
លោកបន្តថា មន្ត្រីខិលខូច និងអ្នកប្រព្រឹត្តអំពើពុករលួយមួយចំនួនតូចកំពុងតែដេកភ័យខ្លួន ខណៈដែលរដ្ឋាភិបាលពង្រឹងយន្តការអនុវត្តច្បាប់កាន់តែខ្លាំង៖ «យើងឃើញថា អាការដោះស្រាយខាងតុលាការហ្នឹងមួយចំនួនក៏បានសមស្របទៅ មួយចំនួនមិនពេញចិត្តរបស់ប្រជាពលរដ្ឋ។ អាអ្នកខិលខូចហ្នឹងវាតិចអាអ្នកគេល្អវាច្រើន ប៉ុន្តែអាខិលខូចតិចក៏វាបង្កឥទ្ធិពលដល់បញ្ហានយោបាយនៅក្នុងខេត្ត បញ្ហានយោបាយនៅក្នុងប្រទេសដែរ ដើម្បីឲ្យគណបក្សរបស់គាត់លើកឡើងវាយបានមួយសេរីហ្នឹង គឺដោយសាររឿងអ៊ីចឹង»។
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលកើតមាននៅក្នុងខេត្តកំពង់ឆ្នាំង គឺបញ្ហាប្រព័ន្ធតុលាការមិនឯករាជ្យ។ ស្ថាប័ននេះត្រូវបានគេរិះគន់ថា ធ្វើការងារ ឬជំនុំជម្រះរឿងក្ដីទៅតាមខ្សែញាក់របស់អ្នកមានលុយនិងមានអំណាច ដោយសារតែកន្លងមកគេឃើញមានអ្នកនយោបាយ សកម្មជនដីធ្លី និងតំណាងសហជីព ត្រូវបានតុលាការកោះហៅទៅសាកសួរនិងខ្លះត្រូវបានតុលាការចេញដីកាចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
តំណាងអ្នកភូមិឡពាង និងជាសកម្មជនដីធ្លី លោក រាជ សីម៉ា មានប្រសាសន៍ថា បច្ចុប្បន្នរូបលោកនិងអ្នកភូមិចំនួន ១៧នាក់ផ្សេងទៀត កំពុងតែជាប់បណ្ដឹងនៅតុលាការ ហើយមានប្រជាពលរដ្ឋចំនួន ៦នាក់ធ្លាប់ជាប់ពន្ធនាគារតាមអំណាចនៃការប្ដឹងផ្ដល់របស់ជំទាវ ជា ខេង ម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ភាគច្រើនមានការឆ្អែតឆ្អន់នឹងចំណាត់ការដោះស្រាយរបស់តុលាការខេត្ត៖ «យើងឃើញហើយដូចតុលាការបច្ចុប្បន្ន គឺតុលាការខេត្តកំពង់ឆ្នាំង មិនដែលឃើញតុលាការហ្នឹងមានវិធានការមកលើបណ្ដឹងរបស់ពលរដ្ឋប្ដឹងក្រុមហ៊ុនទេ ដូចជាករណីការឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅឡពាង»។
ប្រសិនបើគេងាកមកមើលបទល្មើសនេសាទ និងព្រៃឈើវិញ ក៏មិនសូវចាញ់រឿងប្រព័ន្ធតុលាការអយុត្តិធម៌ប៉ុន្មានដែរ។ ស្ទើររាល់ថ្ងៃវិទ្យុអាស៊ីសេរី ទទួលបានពាក្យប្ដឹងតាមរយៈទូរស័ព្ទទាក់ទងនឹងបទល្មើសនេសាទនៅតាមបណ្ដាស្រុកមួយចំនួន ដូចជា ស្រុកជលគីរី កំពង់ត្រឡាច កំពង់លែង និងស្រុកបរិបូរណ៍ជាដើម។ ចំណែកបទល្មើសព្រៃឈើវិញ មានចេញពីស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យជាដើម។ ហើយគ្រប់ទីតាំងនៃការប្រព្រឹត្តបទល្មើសទាំងអស់នោះ គេនៅតែឃើញកើតមានជាហូរហែ ហើយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធចេះតែឆ្លើយថា បានចុះបង្ក្រាបជាបន្ទាប់។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម លោក កែម ឡី ថ្លែងថា បើទោះបីជាមានការផ្លាស់ប្ដូរសមាសភាពដឹកនាំក្នុងជួរដ្ឋាភិបាល ក៏បញ្ហានៅតែមិនអាចដោះស្រាយចេញប្រសិនបើពុំមានយុទ្ធសាស្ត្រថ្មី និងបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនោះទេ។
លោកបន្តថា តាមពិតរដ្ឋាភិបាលក៏អាចដោះស្រាយបញ្ហាទាំងនោះបានដែរ ប្រសិនបើមានសុឆន្ទៈពិតប្រាកដក្នុងការធ្វើកំណែទម្រង់៖ «វាមានជ្រុងបីដែលអាចធ្វើកិច្ចការឲ្យសម្រេច គឺជ្រុងទី១ ចេញពីប្រជាពលរដ្ឋដើម្បីផ្ដល់យោបល់ ចូលរួមពេញលេញក្នុងសកម្មភាពលប់បំបាត់ការរំលោភសិទ្ធិដីធ្លី និងបទល្មើសនេសាទអីហ្នឹង។ ជ្រុងទី២ គឺអាជ្ញាធរដែនដីហ្នឹង ចាប់ផ្ដើមយកចិត្តទុកដាក់ស្រឡាញ់ប្រជាពលរដ្ឋ ព្រោះអី ៩០ភាគរយអាជ្ញាធរដែនដីធ្វើកិច្ចការដើម្បីបក្សមិនមែនដើម្បីប្រជាពលរដ្ឋទេ ហើយជ្រុងយុទ្ធសាស្ត្រទី៣ វាស៊ីសងទៅនឹងយុទ្ធសាស្ត្រថ្មីៗ»។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលើកឡើងថា បទល្មើសនានា និងអយុត្តិធម៌សង្គមកើតចេញពីអំពើពុករលួយ។ បញ្ហានោះគឺប្រទេសកម្ពុជា នៅតែមានភាពធូររលុងក្នុងការអនុវត្តច្បាប់ ដោយសារមានការអនុវត្តខុសគ្នារវាងអ្នកមានលុយ និងមានអំណាច ជាមួយនឹងប្រជាពលរដ្ឋទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
