ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ឧសភា បានដឹកនាំក្បួនដង្ហែឃោសនាការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុង ស្រុក ខណ្ឌ នៅថ្ងៃចុងក្រោយនៅខេត្តកំពង់ចាម ដែលមានមនុស្សជាង ១ម៉ឺននាក់ចូលរួម។
ការហែក្បួននោះមិនមានការរារាំងណាមួយកើតឡើងឡើយ។ លើសពីនេះ អាជ្ញាធរខេត្តទាំងអស់ហាក់មានការសហការយ៉ាងល្អក្នុងការសម្រួលដល់ដំណើរការនៃក្បួនឃោសនាទៀតផង។ ការហែក្បួន និងការជួបជុំអ្នកគាំទ្របក្សរបស់ខ្លួន មេដឹកនាំបក្សប្រឆាំងទាំងពីរក៏បានថ្លែងសារនយោបាយដូចសព្វមួយដង ទាក់ទងនឹងបញ្ហាពុករលួយ បក្ខពួកនិយម ការកាន់អំណាចផ្តាច់ការរបស់មេដឹកនាំបច្ចុប្បន្ន ការបម្រើគោលនយោបាយឱ្យអ្នកមានអំណាច ការបម្រើគោលនយោបាយឱ្យបរទេស ដោយមិនបានគិតគូរផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែជឿជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខ បក្សសង្គ្រោះជាតិ នឹងដឹកនាំរដ្ឋាភិបាល ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកុម្មុយនីស្តធំៗពីរ ពោល គឺប្រទេសវៀតណាម និងប្រទេសចិន កំពុងតែមានជម្លោះនឹងគ្នានោះ ដែលអាចធ្វើឱ្យអំណាចរបស់បក្សប្រជាជន នឹងអាចរង្គោះរង្គើក្នុងពេលឆាប់ៗ៖ «ដើម្បីបញ្ចប់នូវជម្លោះខ្មែរនិងខ្មែរ ដើម្បីបញ្ចប់ការបង្ហូរឈាមខ្មែរនិងខ្មែរ ហើយដើម្បីឱ្យខ្មែរចេះរួបរួមគ្នា កសាងប្រទេសទាំងអស់គ្នា។ ហើយសភាពការណ៍បច្ចុប្បន្ននេះល្អណាស់បងប្អូន ទាំងនយោបាយអន្តរជាតិ និងនយោបាយជាតិ។ នយោបាយអន្តរជាតិ ប្រទេសកុម្មុយនីស្តដែលក្បែរៗយើងទាំងអស់នេះ កំពុងតែហែកហួរគ្នាហើយ។ ដូច្នេះ គ្មាននរណាមានពេលមកជួយ ហ៊ុន សែន ទៀតទេបងប្អូន។ ជយោ! សង្គ្រោះជាតិ យើង»។
ក្បួនដង្ហែចេញពីទីស្នាក់ការបក្សសង្គ្រោះជាតិ មកជួបជុំគ្នានៅមាត់ទន្លេ បន្ទាប់មកក៏ហែសំដៅមកផ្សារក្រុងកំពង់ចាម។ ក្បួនដង្ហែត្រូវបានរំសាយ បន្ទាប់ពីមេបក្សទាំងពីរបានចូលជួបអាជីវករក្នុងផ្សារកំពង់ចាម ចប់នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។