មេ​បក្ស​ប្រឆាំង​អះអាង​ថា​មាន​កម្លាំង​បង្កប់​រំខាន​ដល់​គម្រោង​ជួប​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​លប់​ចោល​គម្រោង​ជួប​ជុំ​សកម្មជន​នៅ​ឃុំ​ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ថ្ងៃ​អង្គារ ទី​២១ មករា។ ការ​រំសាយ​ការ​ជួប​ជុំ​ភ្លាមៗ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​អះអាង​ថា ដោយសារ​មាន​កម្លាំង​សមត្ថកិច្ច និង​ក្រុម​ជន​ស៊ីវិល​ដែល​ជា​កម្លាំង​បង្កប់​របស់​រដ្ឋាភិបាល ព្យាយាម​ធ្វើ​សកម្មភាព​អុកឡុក​ការ​ជួប​ជុំ​នោះ។

0:00 / 0:00

គណបក្ស​ប្រឆាំង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២១ មករា ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ហេតុផល​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹក​នាំ មិន​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រើយស្លា នោះ​ថា ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដោយ​ហិង្សា​រវាង​ប្រជាពលរដ្ឋ ជាមួយ​កម្លាំង​របស់​រដ្ឋាភិបាល។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឃើញ​ក្រុម​របស់​អ្នក​កាន់​អំណាច​មួយ​ក្រុម បាន​រៀប​ចំ​ផែន​ការ​បង្ក​រឿង ក្នុង​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​ឈាន​ទៅ​ដល់​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ។

ក្រៅ​ពី​នេះ​ទៀត លោក​មាន​ការ​សង្ស័យ​ថា ការ​រំខាន​នេះ​ហាក់​ជា​មាន​ការ​រៀប​ចំ​អន្ទាក់​មួយ ឲ្យ​រូប​លោក និង​លោក កឹម សុខា ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នោះ៖ «ព្រោះ​ថា​ដូច​មាន​ការ​ធានា លោក ស ខេង បាន​អះអាង​ថា វា​អត់​អី​ទេ គេ​អនុញ្ញាត​ឲ្យ​ធ្វើ ប៉ុន្តែ​អត់​អីៗ​ហ្នឹង អត់​ស្រួល​ទេ កាល​ពី​ថ្ងៃ​៣០ មីនា ១៩៩៧ ខ្ញុំ​ក៏​បាន​ទទួល​លិខិត​ពី លោក ស ខេង កាល​នោះ​មាន​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង និង យូ ហុកគ្រី ទាំង​ពីរ​នាក់​ហ្នឹង​ចុះ​ហត្ថលេខា​លើ​លិខិត​ជា​លាយលក្ខណ៍អក្សរ ប្រាប់​ថា ឲ្យ​ធ្វើ​ចុះ ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​រដ្ឋសភា​ចាស់​នោះ ប្រាប់​ថា ធ្វើ​ចុះ​អត់​អី​ទេ ស្រាប់​តែ​ម្ចាស់​ថ្លៃ​អើយ​គ្រាប់​បែក​បួន​គ្រាប់​អ៊ីចឹង មិន​ធម្មតា​ទេ។ អ៊ីចឹង បាន​ខ្ញុំ​កំពុង​តែ​សង្ស័យ​ហ្នឹង ព្រឹក​មិញ​គេ​ថា​អត់​អី​ទេ ឲ្យ​ធ្វើ​ចុះ ប៉ុន្តែ​ដឹក​មនុស្ស​ពី​ក្រៅ​សុទ្ធ​តែ​អង្គរក្ស ហ៊ុន សែន មួយ​ពាន់​នាក់​ចូល​មក គេ​ច្បាស់​ជា​មាន​គម្រោង​អាក្រក់​អ្វី​មួយ​ហើយ អ៊ីចឹង​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​បាន​ជ្រាប​រឿង​នេះ»

សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា ការ​រំខាន​នោះ​កើត​មុន​មួយ​ថ្ងៃ និង​ថ្ងៃ​នៃ​គម្រោង​របស់​មេ​ដឹក​នាំ​ចុះ​ជួប​ប្រជាពលរដ្ឋ ដោយ​ជំហាន​មុន​ដំបូង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ ក្រោយ​មក​ដោយ​មាន​ការ​តវ៉ា ទើប​កម្លាំង​ប្រដាប់​អាវុធ​ដក​ចេញ ហើយ​ជំនួស​មក​វិញ​ដោយ​កម្លាំង​ស៊ីវិល ដោយ​មាន​ចង​ខ្សែ​ក្រហម​សម្គាល់​ផង ហើយ​ថា ក្រុម​នោះ​មិន​មែន​ជា​អ្នក​ស្រុក​ស្អាង នោះ​ទេ គឺ​ជា​កម្លាំង​ដែល​គេ​បញ្ជូន​ពី​ភ្នំពេញ​ទៅ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​មេ​ដឹក​នាំ​របស់​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

យ៉ាង​ណា​ក្តី លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​អះអាង​ថា ទោះ​បី​ជា​មាន​ការ​ប៉ុនប៉ង​រំខាន​ដល់​ការ​ជួប​ជុំ​សកម្មជន​របស់​គណបក្ស​យ៉ាង​ណា​ក្តី ក៏​លោក​នៅ​តែ​មាន​គម្រោង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​បន្ត​ទៀត​ដោយ​សន្តិវិធី៖ «យើង​នៅ​តែ​បន្ត​សកម្មភាព​នយោបាយ​តស៊ូ​នយោបាយ​ដោយ​អហិង្សា គឺ​យើង​ជៀស​ដាច់​ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា យើង​ចង់​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ដោយ​សន្តិវិធី ហើយ​យើង​ចង់​យក​បញ្ហា​មក​ដោះស្រាយ យើង​អត់​យក​ហិង្សា​មក​ដោះស្រាយ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ទេ សកម្មភាព​យើង​នៅ​តែ​បន្ត​ចុះ​តាម​ខេត្ត​ត​ទៅ​ទៀត»

ការ​ជួប​ជុំ​សកម្មជន​តាម​បណ្ដា​ខេត្ត​ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា មាន​ការ​រំខាន​ខ្លាំងក្លា​ជាង​គេ​នោះ គឺ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​របស់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឈរ​ជា​តំណាង​រាស្ត្រ​នៅ​ទីនោះ និង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។