ការចុះជួបជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះ បានធ្វើឡើងស្រដៀងគ្នាទៅនឹងយុទ្ធនាការស្វែងរកសំឡេងគាំទ្រពីម្ចាស់ឆ្នោត ដែលបានបញ្ចប់ទៅកាលពីខែកក្កដា។ ក្នុងពេលនោះ មេដឹកនាំទាំង ២រូប បានប្រកាសថានឹងមិនផ្លាស់ប្ដូរជំហរទាមទារយុត្តិធម៌ក្នុងការបោះឆ្នោតឡើយ នៅពេលដែលចូលទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែកញ្ញា។
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនពាន់នាក់ អ្នកខ្លះមកខេត្តផ្សេងៗ និងអ្នករស់នៅក្នុងខេត្តបាត់ដំបង ដំបូងឡើយបានទៅប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រុមអ្នកគាំទ្រដែលមានការចូលរួមពីព្រះសង្ឃផងនោះ បាននិមន្តដង្ហែកាត់តាមដងផ្លូវសាធារណៈកាត់តាមទីផ្សារជាច្រើនកន្លែង ឆ្ពោះទៅកាន់បរិវេណរូបសំណាកលោកតាដំបងគ្រញូង ដើម្បីជួបជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា។
នៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង ដែលមានកងកម្លាំងប៉ូលិសជាច្រើននាក់ ឈរការពារផងនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយសំដៅទាក់ទាញអ្នកគាំទ្ររបស់ខ្លួន ឲ្យប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា។ លោកបន្តថា នៅថ្ងៃទី១៤ ខែកញ្ញា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងចូលគាល់ព្រះមហាក្សត្រ។ លោកអះអាងថា នឹងប្រកាន់ជំហរទាមទារឲ្យព្រះមហាក្សត្ររកយុត្តិធម៌ទាក់ទងនឹងលទ្ធផលបោះឆ្នោត ហើយបើសិនរកដំណោះស្រាយមិនបាន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនជជែកពីរឿងផ្សេងនោះឡើយ៖ «រូបខ្ញុំ សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយរួបទៀត នឹងទៅចូលគាល់ព្រះមហាក្សត្រ ហើយយើងនឹងទូលព្រះអង្គថា យើងអត់សុខចិត្តទេ ដរាបគ្មានដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ទាក់ទងនឹងលទ្ធផលបោះឆ្នោតមិនចាំបាច់ជជែករឿងអីផ្សេងទៀតទេ អត់ចង់ដឹងទេ»។

១-ព្រះសង្ឃកំពុងនិមន្តចេញពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ទួលតាឯក ឆ្ពោះផ្សារបឹងឈូក ខេត្តបាត់ដំបង។

២-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងនាំគ្នាឈរស្តាប់ការថ្លែងរបស់ លោក សម រង្ស៊ី និង លោក កឹម សុខា នៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង។

៣-ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងជិះម៉ូតូកាត់តាមផ្សារបឹងឈូក ដើម្បីធ្វើដំណើរទៅជួប លោក សម រង្ស៊ី និង លោក កឹម សុខា។

៤-លោក ស្រី មូរ សុខហួរ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង កំពុងបំពាក់បូនៅខាងមុខទីស្នាក់ការ។

៥-លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន។
រីឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការងារសំខាន់ដំបូង គឺទាមទារឲ្យមានការផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យមានវិទ្យុ និងទូរទស្សន៍សម្រាប់គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ និងរៀបចំប្រព័ន្ធតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយឲ្យមានភាពឯករាជ្យ៖ «ឥឡូវនេះពេលនេះ ទី១ យើងរកយុត្តិធម៌ ទី២ យើងត្រូវធ្វើអ្វីដែលមានការផ្លាស់ប្ដូរដូចក្ដីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ គណបក្សសង្គ្រោះជាតិ យើងនៅខាងបងប្អូនខ្មែរជានិច្ច យើងអត់អាចលក់ឧត្ដមគតិ គ្មានអ្នកណាមកទិញយើងបានទេ ទិញមិនបាន សម្លុតក៏មិនខ្លាច ហើយបំបែកក៏មិនបានដែរ»។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីរនាក់ ក្រោយពីថ្លែងសារនយោបាយនៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង រួចហើយ ក៏បន្តដំណើរទៅកាន់ទីប្រជុំជនខាងមុខបរិវេណផ្សារថ្មី ក្នុងខេត្តបាត់ដំបង មុខពេលពួកគេចេញដំណើរឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង សង្កេតឃើញថា ការចុះជួបជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះ បានធ្វើឡើង ដោយមានរូបភាពប្លែកខុសពីការគ្រោងទុក និងពុំបានគោរពទៅតាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្តបាត់ដំបង នោះឡើយ។ ទោះជាយ៉ាងនេះក្ដី លោកសង្កេតឃើញថា កងកម្លាំងសមត្ថកិច្ចប៉ូលិសជាច្រើននាក់ ត្រូវបានគេបញ្ជូនការពារ និងធ្វើចរាចរណ៍ជូនដល់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយប្រុងប្រយ័ត្ន និងពុំមានការរារាំងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
