មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យមេដឹកនាំខ្មែរទាំងអស់ ត្រូវបង្រួបបង្រួមគ្នាឡើងវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍប្រទេស ពីព្រោះខ្មែរបែកបាក់គ្នានេះ ធ្វើឲ្យប្រទេសប្រឈមនឹងមហន្តរាយ។ ការផ្ញើសារនយោបាយចង់ឲ្យមានការបង្រួបបង្រួមគ្នានេះ នៅខណៈដែលស្ថានភាពជាប់គាំងនយោបាយ កំពុងអូសបន្លាយមានរយៈពេលជិត ៧ខែមកហើយ ហើយគណបក្សទាំងពីរមិនទាន់ចុះសម្រុងគ្នានៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា បញ្ហាជាប់គាំងនយោបាយនឹងត្រូវដោះស្រាយបានក្នុងពេលឆាប់ៗខាងមុខ ដើម្បីធ្វើឲ្យកម្ពុជា មានឯកភាពជាតិតែមួយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនជាង ១ពាន់នាក់ នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ កុម្ភៈ ថា ការបង្រួបបង្រួមគ្នានៅពេលនេះ គឺមិនទាន់ហួសពេលទេសម្រាប់អ្នកនយោបាយខ្មែរគ្រប់ភាគី។ លោក សម រង្ស៊ី បានរំឭកពីអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គចង់ឲ្យមេដឹកនាំខ្មែរមានការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិខ្មែរតែមួយ។
«សំឡេង»
លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជាថ្មីថា លោក និងលោក សម រង្ស៊ី មិនបែកបាក់គ្នានោះឡើយ។ ពួកលោកទាំងពីរសុខចិត្តបូជាជីវិត ដើម្បីបុព្វហេតុជាតិ និងដើម្បីដោះស្រាយវិបត្តិសង្គមសព្វថ្ងៃ។
«សំឡេង»
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំការចរចាតំណាងឲ្យខាងគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា មានប្រសាសន៍ថា បើសិនជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មានឆន្ទៈពិតប្រាកដនោះ គឺការចរចានឹងកើតឡើងម្ដងទៀត ដើម្បីឈានទៅដល់ការរួបរួមគ្នា។
«សំឡេង»
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ កុម្ភៈ ដោយស្វាគមន៍ និងស្នើសុំគណបក្សសង្គ្រោះជាតិ ចាត់តំណាងរបស់ខ្លួនជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំយន្តការបន្ត សម្រាប់កិច្ចដំណើរការកំណែទម្រង់ការបោះឆ្នោតខាងមុខ តាមស្មារតីកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នេះ គឺឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១២ កុម្ភៈ ដែលបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវ កែទម្រង់លើការបោះឆ្នោត មានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា ទាំងអស់។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានបរាជ័យក្នុងការចរចាអស់រយៈពេលជាច្រើនដងមក ហើយគណបក្សសង្គ្រោះជាតិ បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មជាច្រើនលើក ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ រហូតដល់អាជ្ញាធររដ្ឋាភិបាលប្រដាប់ដោយអាវុធបានបោសសម្អាតបង្ក្រាបកាលពីថ្ងៃទី៤ មករា។
ទោះបីជាយ៉ាងនេះក្ដី មកទល់ពេលនេះ មេដឹកនាំគណបក្សទាំងពីរបានលើកពីការបើកទ្វារចំហរៀងៗខ្លួន ក្នុងការជួបជុំគ្នាចរចារកដំណោះស្រាយនយោបាយ តែជាក់ស្ដែង ការងាកមករកគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ហាក់នៅឃ្លាតពីគ្នាឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា មូលហេតុអ្វីដែលគណបក្សសង្គ្រោះជាតិ មិនព្រមចូលជួបចរចាគ្នានោះ ដោយសារតែគណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាលឯកបក្ស បានបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ក្នុងការធ្វើបាតុកម្មជាដើម។ ក៏ប៉ុន្តែ បញ្ហាមិនចុះសម្រុងគ្នារវាងគណបក្សទាំងពីរនេះ អាចផ្លាស់ប្ដូរនៅនាទីចុងក្រោយក៏ថាបាន ពីព្រោះមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរជាថ្មីអំពីការចង់បង្រួបបង្រួមជាតិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
