បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ធ្នូ ថា គណៈកម្មការនេះនឹងចែកជា ៦ក្រុម ហើយក្នុងមួយក្រុមៗមានសមាជិកប្រហែល ២០នាក់ មានតួនាទីចាត់ចែង និងទទួលខុសត្រូវក្រុមបាតុករ ២៤ម៉ោង លើ ២៤ម៉ោងតាមវេនរបស់ខ្លួនដែលប្រចាំការ។
អ្នកស្រីបន្តថា ក្រុមនីមួយៗមានតួនាទីរ៉ាប់រងផ្នែកសន្តិសុខ សុខាភិបាល ស្បៀងអាហារ ចំពោះក្រុមបាតុករដែលមកធ្វើបាតុកម្ម។
ស្របពេលនេះដែរ បក្សសង្គ្រោះជាតិ បានសង់រោងស្នាក់នៅបន្ថែមទៀត ក្នុងបរិវេណទីលានប្រជាធិបតេយ្យ សម្រាប់ក្រុមបាតុករស្នាក់នៅ។
ក្រុមបាតុករបក្សសង្គ្រោះជាតិគ្រោងហែក្បួនបាតុកម្មនៅម៉ោង ៤ល្ងាច ថ្ងៃទី១៨ ធ្នូ នេះ តែមន្ត្រីបក្សមិនទាន់បានប្រាប់ឲ្យដឹងអំពីទិសដៅនៃការហែក្បួននៅឡើយទេ។ ក៏ប៉ុន្តែក្នុងគណនេយ្យហ្វេសប៊ុក (Facebook) របស់ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្សាយផែនទីបង្ហាញផ្លូវហែក្បួនបាតុកម្មថា ក្បួនហែចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវលេខ៥១ គឺផ្លូវប៉ាស្ទ័រ រហូតដល់កែងផ្លូវព្រះសីហនុ រួចបត់ស្ដាំ រហូតដល់កែងមហាវិថីមុនីរ៉េត ត្រង់ភ្លើងស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្ដាំ រហូតដល់រង្វង់មូលនាងគង្ហីង បត់ឆ្វេងតាមផ្លូវ១៦៩ មុខវិទ្យាល័យបាក់ទូក រហូតដល់កែងផ្លូវកម្ពុជាក្រោម បត់ស្ដាំឆ្ពោះទៅផ្លូវព្រះមុនីវង្ស រួចបត់ឆ្វេងទៅផ្លូវក្រមួនស ហើយចូលទីលានប្រជាធិបតេយ្យវិញ។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់លោក ម៉ម មុនីរតន៍ អំពីសកម្មភាពថ្ងៃបាតុកម្មទី១៨ ធ្នូ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។