"កំណែទម្រង់​គោលនយោបាយ​របស់​បក្ស​ប្រឆាំង​អាច​ឆ្លើយ​តប​នឹង​ពលរដ្ឋ​ក្រីក្រ​៩០​ភាគរយ"

0:00 / 0:00

អ្នក​វិភាគ​នយោបាយ និង​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម យល់​ថា កំណែទម្រង់​គោលនយោបាយ​របស់​គណបក្ស​ប្រឆាំង អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​កម្ពុជា ប្រមាណ ៩០​ភាគរយ។ អ្នក​វិភាគ​ថា គ្រប់​គណបក្ស​នយោបាយ បើ​លើក​យក​គោលនយោបាយ​របស់​ខ្លួន​មក​ប្រកួតប្រជែង​គ្នា​ជា​ជាង​ឈ្លោះ​ប្រកែក​គ្នា អាច​ធ្វើ​ឲ្យ​ជាតិ​រីក​ចម្រើន​ឆាប​រហ័ស​បាន។

ការ​អនុម័ត​សេចក្ដី​ព្រាង​គោលនយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ពីរ​ឆ្នាំ​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ​អាច​ជួយ​ស្ដារ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ប្រាក់​ចំណូល​ទាប ហើយ​ការ​បញ្ចេញ​គោលនយោបាយ​បែប​នេះ ល្អ​ជាង​ការ​ប្រើ​អំណាច​ដើម្បី​បង្ហាញ​ពី​ភាព​ចាស់​ទុំ​របស់​អ្នក​នយោបាយ​ខ្មែរ។

អ្នក​វិភាគ​នយោបាយ​ម្នាក់ លោក ឡុង គឹមឃន មាន​ប្រសាសន៍​ថា នៅ​ក្នុង​គោលនយោបាយ​ថ្មី​របស់​គណបក្ស​ប្រឆាំង បាន​ផ្ដោត​លើ​ចំណុច​បី​សំខាន់ៗ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ឬ​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​បាន​ធូរធារ ការ​អភិវឌ្ឍ​នានា​ត្រូវ​គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​ប្ដេជ្ញា​ចិត្ត​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង។ គោល​នយោបាយ​ល្អ អាច​កសាង​សង្គម​មួយ​ឲ្យ​ស៊ីវិល័យ និង​ថ្លៃថ្នូរ៖ «យើង​ពិនិត្យ​ឃើញ​ថា ធាតុ​ជា​ច្រើន​នៅ​ក្នុង​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ឃើញ​កំពុង​យក​មក​អនុវត្ត​ម្ដង​មួយៗ​ដោយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន។ ទាក់ទង​ដូចជា​ដំឡើង​បៀវត្ស​ឲ្យ​មន្ត្រី​រាជការ ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល ឬ​កំណត់​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ ហើយ​ក្រៅ​ពី​ហ្នឹង​ទៀត ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ»

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​មិន​អាច​​យក​គោលនយោបាយ​របស់​ខ្លួន​ដែល​បាន​ធ្វើ​យក​ទៅ​អនុវត្ត​ផ្ទាល់ ប៉ុន្តែ​បក្ស​ប្រឆាំង​មាន​ឱកាស​តតាំង ឬ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​រយៈ​តំណាងរាស្ត្រ​របស់​ខ្លួន​ដែល​មាន​សំឡេង ៥៥​រូប។ ការ​អនុវត្ត​ត្រឹមត្រូវ​របស់​គណបក្ស​កាន់​អំណាច​តាម​ការ​ជំរុញ​របស់​បក្ស​ប្រឆាំង គឺ​ជា​ប្រយោជន៍​របស់​ពលរដ្ឋ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក មាស នី យល់​ថា ដើម្បី​ភាព​រីកចម្រើន ឬ​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​សង្គម​មួយ​ដែល​​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​នយោបាយ​គ្រប់​រូប​មិន​ត្រូវ​ប្រកាន់​ថា លួច​គោលនយោបាយ ឬ​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ សំខាន់​អ្នក​នយោបាយ​ត្រូវ​ពិចារណា​លើក​យក​គន្លឹះ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើកឡើង​មក​អនុវត្ត​សាកល្បង៖ «ពេល​គណបក្ស​នីមួយ​ៗ​ព្យាយាម​បង្ហាញ​នូវ​គោលនយោបាយ ជា​ជាង​បង្ហាញ​អំណាច​ដាក់​គ្នា ជា​ជាង​យក​ប្រៀប​តាម​ការ​ប្រើ​កម្លាំង​បាយ ខ្ញុំ​គិត​ថា វា​ជា​ផ្នែក​មួយ​មួយ​នៃ​ភាព​ចាស់​ទុំ​របស់​អ្នក​នយោបាយ​ដែល​ខ្មែរ​គ្រប់​រូប​ចង់​ឃើញ។ បើ​យើង​មើល​ពី​គោលនយោបាយ​ទៅ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​ក៏​យើង​មើល​ទៅ​សម​ភ្នែក​ម្យ៉ាង​ទៅ សង្គ្រោះ​ជាតិ​សម​ម្យ៉ាង​ទៅ របស់​គណបក្ស​ដទៃ ក៏​សម​របស់​គេ​ម្យ៉ាង​ទៅ ប៉ុន្តែ​សំខាន់​គឺ​ថា តើ​គណបក្ស​នីមួយៗ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ ឬ​យក​គោលនយោបាយ​ទៅ​អនុវត្ត​បាន​ប៉ុណ្ណា»

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា គណៈកម្មការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​លើ​សេចក្ដី​ព្រាង​ចក្ខុវិស័យ​គោលនយោបាយ​ចំនួន ៧​ចំណុច ដែល​កើត​ចេញ​ពី​ទស្សនៈ​នយោបាយ​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ បក្ស​ប្រឆាំង​បាន​ប្រើ​ពេល​ជិត ២​ឆ្នាំ ដើម្បី​រៀបចំ​សិក្ខាសាលា ៦​លើក​ ស្ដីពី​សេចក្ដី​ព្រាង​នេះ ហើយ​គ្រោង​ដាក់​ជូន​សមាជ​ជាតិ​របស់​បក្ស​អនុម័ត​ចុង​ក្រោយ​នៅ​ថ្ងៃ​មុខ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា ក្រោយ​ពី​សមាជ​ថ្នាក់​ជាតិ​សម្រេច​លើ​សេចក្ដី​ព្រាង​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ក្នុង​គោលនយោបាយ​នោះ​ក៏​មាន​ការ​បង្ហាញ​ពី​នីតិវិធី​គ្រប់គ្រង​ថវិកា​ជាតិ​ដែល​ត្រូវ​ពលរដ្ឋ​យល់​ដឹង ហើយ​តំណាងរាស្ត្រ​របស់​លោក​នឹង​ចូល​រួម​ពិភាក្សា និង​អនុម័ត​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ ផង​ដែរ៖ «ដោយ​យល់​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ឆ្នាំ​២០១៧ ខាង​មុខ​មាន​សារសំខាន់​ណាស់! ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ពលរដ្ឋ និង​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​របស់​រដ្ឋ ឬ​ការ​ចំណាយ​ប្រាក់​របស់​រដ្ឋ​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពលរដ្ឋ​បង់​ពន្ធ គឺ​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​សំខាន់​នេះ»

ត្រង់​ចំណុច​នេះ អ្នក​វិភាគ​បញ្ហា​សង្គម លោក មាស នី សង្កេត​ឃើញ​ថា រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​ខ្នះខ្នែង​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ដែរ ប៉ុន្តែ​ធ្វើ​ឡើង​ដោយ​ត្រដាបត្រដួស៖ «រាល់​ថ្ងៃ​គណបក្ស​កាន់​អំណាច​ខំ​ព្យាយាម​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ដែរ ប្រណាំង​ទៅ​ជាមួយ​អ្វី​ដែល​ជា​គោល​នយោបាយ ឬ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បាន​តាំង​ពី​ពេល​មុន។ ដោយសារ​លទ្ធភាព​រក​ប្រាក់​មិន​បាន អ៊ីចឹង​មាន​តែ​បង្ខំ​ចិត្ត​ទៅ​ខ្ចី​លុយ​ពី​ប្រទេស​ជិត​ខាង​មក ដើម្បី​យក​មក​បង្គ្រប់​តម្រូវ​ការ​ហ្នឹង»

អ្នក​វិភាគ​នយោបាយ និង​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម យល់​ថា ការ​ដែល​អ្នក​នយោបាយ​ខ្មែរ​មិន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​កម្លាំង​បាយ ឬ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ ហើយ​ងាក​មក​ប្រកួត​ប្រជែង​គោល​នយោបាយ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា ឬ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​ដែល​កំពុង​កើត​មាន និង​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។