អ្នក​នាំ​ពាក្យ៖ មន្ត្រី​បក្ស​ប្រឆាំង​អាច​ស្បថ​ចូល​ប្រជុំ​សភា​សប្ដាហ៍​ក្រោយ

ដោយ កែវ និមល
2014.07.30
រដ្ឋ​សភា ៣០៥ រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA

សមាជិកសភា​មក​ពី​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​ចូល​ស្បថ ដើម្បី​ចូល​ប្រជុំ​សភា​នៅ​ឡើយ​ទេ ក្រោម​ហេតុផល​ថា ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​កិច្ចការ​វិសោធនកម្ម​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា វិសោធនកម្ម​លើ​ច្បាប់​បោះ​ឆ្នោត និង​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​បាន​ចប់​ឆាប់​រហ័ស​ដូច​គ្រោងទុក។

តើ​ពេល​ណា​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​២ អាច​ចូល​ប្រជុំ​សភា​ជាមួយ​គ្នា​បាន?

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​អាច​ស្បថ និង​ចូល​ប្រជុំ​សភា​បាន​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​របៀបវារៈ​សម័យប្រជុំ​សភា​ឲ្យ​បាន​ច្បាស់លាស់។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ចរចា​មក​ពី​គណបក្ស​ទាំង​២ បាន​ព្រមព្រៀង​លើ​លទ្ធផល​ខ្លះៗ ក្នុង​គោលដៅ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត និង​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ហើយ​មាន​បញ្ហា​មួយ​ចំនួន​ទាមទារ​បន្ត​ពិភាក្សា​នៅ​ក្នុង​សម័យប្រជុំ​សភា​ពេញ​អង្គ៖ «ផ្នែក​ខាង​ធ្វើ​បទបញ្ជា​ផ្ទៃក្នុង យើង​បាន​ឯកភាព​គ្នា​មួយ​ចំនួន មួយ​ចំនួន​ទៀត​ពិភាក្សា​នៅ​ពេល​ក្រោយ។ ដូច្នេះ​អាច​បើក​ផ្លូវ​ឲ្យ​ការ​ចូល​ប្រជុំ​សភា​នេះ​បាន។ នៅ​ខាង​ក្រុម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំពុង​ព្រាង និង​មាន​ការងារ​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ ហើយ​ខាង​ច្បាប់​បោះ​ឆ្នោត យើង​កំពុង​ព្យាយាម​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ។ ដូច្នេះ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀតខ្ញុំ​គិត​ថា​យ៉ាង​ហោច​មួយ​សប្ដាហ៍​ទៀត​ដែរ»

លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ចំណោម​បញ្ហា​ធ្វើ​វិសោធនកម្ម​នោះ ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះ​ឆ្នោត​មាន​ភាព​ស្មុគស្មាញ​ជាង​គេ​បន្តិច ពីព្រោះ​វា​ទាក់ទង​ការ​រៀបចំ​ច្បាប់​អង្គការ​បោះ​ឆ្នោត​ឡើង​វិញ និង​ត្រូវ​ការ​ពេល​វេលា​សិក្សា​ស្រាវជ្រាវ​បន្ថែម​ឲ្យ​បាន​ស៊ី​ជម្រៅ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​ដោយ​លើក​យក​បួន​ចំណុច​ដើម្បី​កែប្រែ ដូចជា​ការ​រៀបចំ​សមាសភាព​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ យន្តការ​ពិនិត្យ និង​ដោះស្រាយ​ពាក្យ​បណ្ដឹង ការ​រៀបចំ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី និង​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ប្រធានបទ​ដែល​ត្រូវ​លើក​យក​ទៅ​ដាក់​ក្នុង​អង្គ​សិក្ខាសាលា ដើម្បី​សុំ​យោបល់​ពី​ភាគី​ពាក់ព័ន្ធ។

​ចំពោះ​ពេល​វេលា​ស្បថ​ដើម្បី​ចូល​ប្រជុំ​សភា​នោះ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា គេ​អាច​ធ្វើ​នៅ​ពេល​ណា​ក៏បាន ប៉ុន្តែ​គេ​ត្រូវការ​ផែនការ​សកម្មភាព​ជាក់លាក់ ក្រោយ​ពេល​ចូល​ប្រជុំ​ហើយ ថា​តើ​គណបក្ស​ទាំង​ពីរ​លើក​យក​បញ្ហា​ណា​មក​ធ្វើការ​ដោះស្រាយ​ជាមួយ​គ្នា?៖ «វា​ជា​ការ​ពិត ស្បថ​ចូល​ពេល​ណា​ក៏បាន ក៏ប៉ុន្តែ​ស្បថ​ហើយ​តើ​ធ្វើ​អី? សំខាន់​ត្រូវ​មាន​ប្រជុំ​វិសាមញ្ញ ហើយ​មាន​របៀបវារៈ​មួយ​ច្បាស់លាស់ដើម្បី​បោះ​ឆ្នោត​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​តាម​បញ្ជី​គណៈកម្មការ​ជំនាញ​នានា របស់​រដ្ឋ​សភា ដែល​ជា​គណៈ​អចិន្ត្រៃយ៍​របស់​រដ្ឋ​សភា​នោះ ហើយ​បន្ទាប់​មក​ទៀត មាន​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​សំខាន់​ណាស់​ត្រូវ​កំណត់​ថ្ងៃ​ប្រជុំ និង​មាន​របៀប​វារៈ​ច្បាស់​លាស់​សិន»

ទាក់ទង​ជាមួយ​លទ្ធផល​របស់​ក្រុម​ចរចា​គណបក្ស​ទាំង​ពីរ​លើ​វិសោធនកម្ម​នានា​នោះ លោក ឈាង វុន សមាជិកសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចរចា​របស់​គណបក្ស​ទាំង​២ ធ្វើ​ការងារ​ជាមួយ​គ្នា​បាន​លទ្ធផល​ល្អ ហើយ​មាន​ប្រយោជន៍​ចំពោះ​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ជា​មួយ​ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ និង​គ្នា​យើង ១០​នាក់​ផ្សេង​ទៀត គឺ​ទាំង​អស់ ១២​នាក់​នោះ គឺ​បាន​ទទួល​ជោគជ័យ​ហើយ ហើយ​រឿង​ផ្សេងៗ​ទៀត​នៅ​សេសសល់ យើង​យក​ទៅ​សម្រេច​គ្នា​ក្រោយ​ចំណុច​ខ្លះ​នៅ​សេសសល់​នៅ​ក្នុង​យន្តការ​រដ្ឋ​សភា»

​ចំពោះ​ពេល​វេលា​ស្បថ​ដើម្បី​ចូល​ប្រជុំ​សភា​នោះ លោក ឈាង វុន មាន​ប្រសាសន៍​ថា វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​សមាជិក​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ។

​ផ្អែក​តាម​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​រៀបចំ​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា ដោយ​បែងចែក​តួនាទី​ដឹកនាំ​នៅ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​តាម​រូបមន្ត ៧ ទល់ ៦ ដោយ​ត្រូវ​បង្កើត​ថែម​គណៈកម្មការ​ជំនាញ​ថ្មី​មួយ​ទៀត​ជា​គណៈកម្មការ​ទី​១០ របស់​រដ្ឋ​សភា មាន​ឈ្មោះ​ថា គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ។

​គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​បែងចែក​តំណែង​ប្រធាន​រដ្ឋ​សភា​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុ​ប្រធាន​ទី​១​បាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គណៈកម្មការ​ទាំង​១០ របស់​រដ្ឋ​សភា​ត្រូវ​ចែក​ជា​ពីរ ដើម្បី​គ្រប់គ្រង​ម្នាក់ ៥​ស្មើ​គ្នា។ ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​មាន​ការ​ចរចា​ស្រុះស្រួល​គ្នា​មក មាន​ការ​ដោះលែង​បេក្ខជន​សមាជិក​សភា​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨​នាក់ ពី​មន្ទីរ​ឃុំឃាំង​ព្រៃ​ស និង​មាន​ការ​ចរចា​ឯកភាព​គ្នា​ជ្រើសរើស​អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ជា​បេក្ខជន​ទី​៩ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

​លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​​សង្គម មាន​ប្រសាសន៍​រិះគន់​កិច្ច​ព្រមព្រៀង​នោះ​ថា វា​គ្រាន់តែ​ជា​កិច្ច​ព្រមព្រៀង​មួយ​បម្រើ​ផលប្រយោជន៍​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ៖ «ហើយ​ចង់​កែ​ស្អី បើ​គណបក្ស​ប្រជាជន​គាត់​មិន​ចង់ គឺ​គ្មាន​ទៅ​កែ​កើត​ទេ។ ពីព្រោះ​យន្តការ​នៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍ គឺ ៥០% បូក ១។ អ៊ីចឹង ៧​នាក់​គ្រប់ គាត់​ចង់​កែ​អី​ក៏​អត់​បាន​ដែរ។ យន្តការ​សម្រេច​ចិត្ត​នៅ​ក្នុង​សភា​ពេញ​អង្គ គឺ ៥០% បូក ១ អ៊ីចឹង ៦២​នាក់​គឺ​គ្រប់។ បើ​គណៈកម្មការ​ជំនាញ​ទាំង ៥​នោះ វា​ឯករាជ្យ ហើយ​ធ្វើ​អី​ក៏ដោយ​ក៏​ត្រូវ​ឆ្លង​គណៈ​អចិន្ត្រៃយ៍​ដែរ ហើយ​ឆ្លង ៥០% បូក ១ មិន​មែន​ធ្វើ​អី​ស្រេច​ចិត្ត​បាន​ទេ។ បើ​ទោះ​ជា​គណៈកម្មការ​នោះ​លើក​ច្បាប់​មក កែ​ស្អាត​ម៉េច​ក៏ដោយ ដល់​ដាក់​ក្នុង​សភា​ពេញ​អង្គ គេ​អនុម័ត ៥០% បូក ១ តែម្តង ក៏​គាត់​មិន​ដឹង​ធ្វើ​អី​ដែរ បាន​តែ​ចេញ​មក​ក្រៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន»

​លោក សម រង្ស៊ី ធ្លាប់​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ថា កិច្ច​ព្រមព្រៀង​នោះ ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ភាព​តានតឹង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ហើយ​ម្យ៉ាង​ទៀត ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជម្រើស​ផ្សេង។

លោក សម រង្ស៊ី បញ្ជូន​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ទៅ​លោក ស ខេង

ដោយ សុ ជីវី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ​បាន​បញ្ជូន​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ទៅ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក សម រង្ស៊ី បាន​ភ្ជាប់​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ និង​បង្កើត​ជំពូក​ថ្មី​មួយ​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត។ សេចក្ដី​ព្រាង​វិសោធនកម្ម​នោះ ត្រូវ លោក សម រង្ស៊ី អះអាង​ថា គឺ​ស្រប​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

ស្រប​គ្នា​នេះ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា គេ​អាច​កំណត់​ថ្ងៃ​ណា​មួយ​ក្នុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ​ក្នុង​ការ​រៀបចំ​ពិធី​សច្ចាប្រណិធាន សម្រាប់​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ៥៥​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​កំណត់​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ថ្មី​នេះ។

ក្នុង​សេចក្ដី​ព្រាង​ជំពូក​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ បាន​លើក​ឡើង​ពី​អភ័យ​ឯកសិទ្ធិ​នៃ​សមាជិក គ.ជ.ប ស្វ័យភាព​ការងារ និង​ថវិកា​នៃ​ស្ថាប័ន​នេះ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។