តំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះពិនិត្យបញ្ហាព្រំដែនដែលពលរដ្ឋរស់នៅទីនោះអះអាងថា វៀតណាម បានធ្វើផ្លូវ និងបោះបង្គោលព្រំដែនចូលដីខ្មែរកាលពីព្រឹកថ្ងៃទី៣ ខែឧសភា។ ក្រៅពីការចុះពិនិត្យព្រំដែននេះ តំណាងរាស្ត្រក៏បានជួបសំណេះសំណាលជាមួយពលរដ្ឋមានជម្លោះដីធ្លី និងសកម្មជនបក្សនយោបាយនៅក្រុងបាវិត និងកំពង់រោទិ៍ ព្រមទាំងបានទទួលយកញត្តិរបស់ពលរដ្ឋស្ដីពីបញ្ហារំលោភដីធ្លី បញ្ហាខ្វះប្រឡាយទឹកធ្វើកសិកម្មជាដើម។
តំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលបានចុះពិនិត្យស្ថានភាពតាមព្រំដែន សន្យាថា នឹងរកមធ្យោបាយដោះស្រាយ និងជំរុញទៅរដ្ឋាភិបាលអោយមានវិធានការលើករណីព្រំដែន និងការបោះបង្គោលព្រំដែនក្នុងដីខ្មែរនៅស្រុកចន្ទ្រា។
តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងនៅថ្ងៃទី៣ ខែឧសភា ថា វៀតណាមពិតជាបានធ្វើផ្លូវចូលដីខ្មែរ។ លោកលើកឡើងថា វៀតណាមបានធ្វើផ្លូវខ្សែទី១ ចូលដីខ្មែរដែលនៅឆ្ងាយពីបង្គោលព្រំដែនសព្វថ្ងៃច្រើនគីឡូម៉ែត្រ ដែលកសាងតាំងពីឆ្នាំ១៩៩៣។ ឯផ្លូវខ្សែទី២ កាន់តែខិតចូលដីខ្មែរជាបន្តទៀត ហើយផ្លូវខ្សែទី៣នេះ ដែលវៀតណាមកំពុងសាងសង់កាន់តែខិតចូលដីខ្មែរទៀតរហូតបច្ចុប្បន្ន។ លោកបន្តថា បង្គោលព្រំដែនលេខ ១៩៧ ដែលវៀតណាម បានបោះជាឯកតោភាគីតាំងពីឆ្នាំ២០០៩ នោះត្រូវបានពលរដ្ឋបានអះអាងថា ចូលដីខ្មែរច្រើនគីឡូម៉ែត្រ។
លោកថានឹងរកយន្តការដោះស្រាយបញ្ហានេះ ថែមទាំងជំរុញទៅរដ្ឋាភិបាលអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ទាក់ទិនការរំលោភកិច្ចព្រមព្រៀងព្រំដែនកម្ពុជា យោងតាមច្បាប់អន្តរជាតិ៖ «ខ្ញុំយល់ថា បើគ្មានការចរចាទ្វេភាគីនៅឡើយ មិនគួរមានភាគីណាមួយរំលោភ ឬចូលមកភាគីមួយទៀតទេ ត្រូវគោរពកិច្ចព្រមព្រៀងហ្នឹងសិន ហើយឲ្យមានដំណោះស្រាយរួមសិនមុននឹងបោះបង្គោល ឬមុននឹងធ្វើផ្លូវ...» ។
កាលពីថ្ងៃទី២៦ ខែមេសា តំណាងអាជ្ញាធរស្រុកថាន់ហ្វា (Thanh Hoa) ខេត្តឡុងអាង (Long Ang) ជាម្ចាស់គម្រោងធ្វើផ្លូវក្រវាត់ព្រំដែននេះ បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា ផ្លូវនេះគឺអាជ្ញាធរវៀតណាម កសាង ស្ថិតក្នុងទឹកដីវៀតណាមទេ ថែមទាំងបានកំណត់បង្គោលព្រំដែនជាមួយភាគីកម្ពុជា រួចរាល់អស់ហើយ។
លោកថា ផ្លូវមួយខ្មែរនេះគឺជាផ្លូវត្រួតពិនិត្យព្រំដែន មានន័យថា ផ្លូវនេះឆ្ងាយពីបង្គោលព្រំដែនពី ១០០ ទៅ ៥០០ម៉ែត្រ។ ចំណែកបញ្ហាព្រំដែន គឺមានការព្រមព្រៀងរួចរាល់អស់ហើយ៖ «អំពីគម្រោងការនៅលើភូមិសាស្ត្រស្រុកខ្ញុំ យើងមានវិនិយោគផ្លូវមួយខ្សែ ដែលហៅថា ផ្លូវត្រួតពិនិត្យព្រំដែន ក៏ប៉ុន្តែយើងធ្វើលើទឹកដីវៀតណាម នោះទេ មានន័យថា ផ្លូវនេះមានចម្ងាយពីបង្គោលព្រំដែនយ៉ាងតិចបំផុតក៏ពី ១០០ ដល់ ៥០០ម៉ែត្រដែរ ម្ដេចថាយើងធ្វើចូលដីខ្មែរបាន។ បង្គោលនេះជាបង្គោលផ្លូវការហើយ ចរចារួចហើយ នេះជាផ្លូវការហើយ»។
ផ្ទុយពីការលើកឡើងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង អះអាងថា បង្គោលព្រំដែនមិនទាន់បានបោះជាផ្លូវការនៅឡើយទេ។
ក្នុងករណីនេះពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-វៀតណាម ស្រុកចន្ទ្រា លោក លី តាំម អះអាងថា វៀតណាមមកបោះបង្គោលព្រំដែនចូលដីខ្មែរតាំងពីក្នុងទសវត្សរ៍៨០ រហូតឆ្នាំ២០០៩ និងបន្តរំលោភដល់បច្ចុប្បន្នតាមរយៈការកសាងផ្លូវតាមព្រំដែន។
លោកអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន ដើម្បីភាពកក់ក្ដៅរបស់ពលរដ្ឋរស់នៅទីនេះ និងការពារកុំឲ្យវៀតណាម រំលោភបន្តទៀត៖ «បើតាមខ្ញុំមើលទៅ ព្រំដែនខ្មែរពីមុនមិនមែននៅហ្នឹងទេ! កាលពីឆ្នាំ១៩៨៦ ដល់ទឹកដីកម្ពុជា ហ្នឹង ហើយខ្ញុំដឹងក្តី ព្រំដែននៅស្រះធំខាងកើត កាលនោះមានបង្គោល១ ដល់ពេលយូរៗទៅវាដកបង្គោលហ្នឹងចោល...»។
អ្នកវិភាគផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី យល់ថា ការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយរបស់តំណាងរាស្ត្រ ហើយដាក់សំណើជាកញ្ចប់រួមគ្នាទៅកាន់រដ្ឋាភិបាល លោកសង្ឃឹមថា អាចទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីវៀតណាម៖ «ជាទូទៅបើខ្ញុំវិញ ខ្ញុំត្រូវរៀបចំជាឯកសារក្នុងនាមជារដ្ឋាភិបាលមួយ ដើម្បីរកផែនទីស្របច្បាប់។ ផែនទីស្របច្បាប់តម្កល់នៅអង្គការសហប្រជាជាតិហើយរកភាគីទី៣...»។
ពលរដ្ឋអះអាងថា វៀតណាមនៅតែបន្តធ្វើផ្លូវត្រួតពិនិត្យព្រំដែននៅក្នុងស្រុកចន្ទ្រា នេះ រយៈពេល ១ខែមកហើយ នៅតែមិនទាន់មានការអន្តរាគមន៍ជាផ្លូវការពីរដ្ឋាភិបាលខ្មែរទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។