តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ថា តាម​ច្បាប់​បក្ស​កាន់អំណាច​គួរ​ត្រូវ​រំលាយ​ចោល

ដោយ អាស៊ីសេរី
2017.10.22
សួន រីដា ២០១៧ ៦២២ លោក សួន រីដា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​សន្និសីទ​កាសែត​និយាយ​ពី​ការ​វិវឌ្ឍ​នយោបាយ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
Photo: RFA

តំណាងរាស្ត្រ​មួយ​រូប​របស់​គណបក្ស​ប្រឆាំង បាន​ចេញ​មុខ​ចោទប្រកាន់​ទៅ គណបក្ស​ប្រជាជន​កម្ពុជា ថាបើ​ផ្អែក​តាមច្បាប់​គណបក្ស​កាន់​អំណាច​ទៅវិញ​ទេ ដែល​ត្រូវ​រំលាយ​ចោល។ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា ថា គណបក្ស​កាន់អំណាច​មាន​ដើម​កំណើត​មកពី​វៀតណាម បាន​កាត់​ដី​ឲ្យ​វៀតណាម និង​ធ្លាប់​បង្កើត​ឱ្យ​មាន​អបគមន៍ ដូច្នេះ​ហេតុផល​ទាំងនោះ​សម​ល្មម​នឹង​រំលាយ​ចោល។

មូលហេតុ​ដែល​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្សប្រឆាំង​លោក សួន រីដា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម លោក សុខ គង់ និង​ជនជាតិ​ថៃ លោក លី យ៉ុងផាត់ ធ្វើជា​សមាជិក​ព្រឹទ្ធសភា។ បំផ្លាញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឃុបឃិត​ជាមួយ​អតីត​មេដឹកនាំ​ខ្មែរក្រហម បើកឱកាស​ឱ្យ​ជនជាតិ​ចិន និង​វៀតណាម ជា​ឈ្មួញ​ទុច្ចរិត​បំផ្លាញ​ធនធានធម្មជាតិ និង​ចំណុច​ចុងក្រោយ​គឺ​លោក ហ៊ុន សែន ស្រែក​ជេរ​អន្តរជាតិ ដែល​ជា​បណ្ដា​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​នាំចូល​សំលៀកបំពាក់ ស្បែកជើង ដែល​ជា​ហេតុ​នឹង​បង្កើត​ឱ្យ​មាន​ចលាចល​សេដ្ឋកិច្ច​សង្គម និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធ្លាក់​ចុះ។ លោក​ថា ហេតុផល​នេះ​ទាំងនេះ បើ​ផ្អែក​តាមច្បាប់​គណបក្ស​នយោបាយ​មាត្រា​ទី​៦​ថ្មី និង​៤៤​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​រំលាយ​ចោល។

ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដូចនេះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​ការ​រំលាយ​ចោល ព្រោះ​រដ្ឋាភិបាល​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​នេះ។

ទាក់ទង​ការ​ចោទ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ សួន រីដា មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា ថា លោក​មិន​គាំទ្រ​ការ​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ដូច្នេះ​ទេ ព្រោះ​មិន​ចំណេញ​ដល់​ជាតិ។ ប៉ុន្តែ​លោក​ថា នេះ​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​មាន​បញ្ហា​នយោបាយ​គណបក្ស​ទាំងពីរ​តែ​រក​ចំណុច​ខ្សោយ​របស់​គូប្រកួត​មក​វាយ​ប្រហារ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ញឹកញាប់​មុន​ការ​សម្រេច​របស់​តុលាការ​ថា គណបក្សប្រឆាំង​នឹង​ត្រូវ​រំលាយ​ចោល ទោះ​សហគមន៍​អន្តរជាតិ​កំពុង​ថ្កោលទោស​លោក​យ៉ាង​ក៏​ណា​ពី​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

ជាថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នៅ​ពេល​លោក ហ៊ុន សែន ជួប​ជាមួយ​កម្មករ​កម្មការិនី​នានា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​ថា ៩៩​ភាគរយ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ចោល។ សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) បាន​ដក​ស្រង​សម្ដី​លោក ហ៊ុន សែន មក​ផ្សាយ​បន្ត​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ បើ​សមាជិក​សភា មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​របស់​គណបក្ស​នេះ មក​ចុះចូល​ជាមួយ​គណបក្ស​លោក នឹង​ទុក​ដំណែង​ឲ្យ​នៅ​ដដែល។ លោក ហ៊ុន សែន អួតអាង​ថា នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​លោក។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា សង្កេត​ឃើញ​ថា បើ​មើល​ទៅលើ​សន្ទុះ​អន្តរជាតិ​ដែល​ប្រតិកម្ម​នៅ​ពេល​នេះ គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ត្រូវ​រំលាយ​ចោល​នោះ​ទេ។ លោក​ថា អ្វី​ដែល​កើត​មក​លើ​គណបក្សប្រឆាំង​ផ្ទួនៗ​បែបនេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​គណបក្ស​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ និង​គ្មាន​មេ​ដឹក​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​អន្តរជាតិ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​គណបក្សប្រឆាំង​នៅ​ពេល​នេះ ជា​រដ្ឋប្រហារ​ត្រជាក់​ដើម្បី​កម្ទេច​គូប្រកួត​មុន​ការបោះឆ្នោត។ នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​តែងតែ​ចេញ​មក​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា បញ្ឈប់​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ចំណែក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស គ្រោង​នឹង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​យាង​ទ្រង់​ធ្វើជា​អាជ្ញាកណ្ដាល​សម្របសម្រួល​បញ្ចប់​វិបត្តិ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។