តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ដែលត្រូវបានបាតុករដៃដល់គាំទ្រគណបក្សប្រជាជនកម្ពុជា វាយឲ្យរបួស ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប្រទេសថៃ មិនទាន់ត្រូវបានគ្រូពេទ្យអនុញ្ញាតចេញពីមន្ទីរពេទ្យនៅឡើយទេ។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលចូលរួមដំណើរជាមួយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ទៅសួរសុខទុក្ខលោក ញ៉យ ចំរើន និងលោក គង់ សភា នៅប្រទេសថៃ។ លោកសរសេរនៅទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៧ ខែវិច្ឆិកា ថា លោក ញ៉យ ចំរើន និងលោក គង់ សភា កំពុងនៅឈឺគ្រាំក្នុងទ្រូង និងត្រចៀកនៅឈឺស្ដាប់មិនទាន់ឮច្បាស់។ ដូច្នេះលោកថា គ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យលោកទាំង២ ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ។
ដំណើរទៅសួរសុខទុក្ខលោក ញ៉យ ចំរើន និងលោក គង់ សភា ដឹកនាំដោយលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា គឺធ្វើឡើងតាមការចាត់តាំងរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន។
លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករដៃដល់មួយហ្វូងព្រួតគ្នាវាយឲ្យរបួសធ្ងន់កាលពីថ្ងៃទី២៦ ខែតុលា ក្រោយពេលលោកទាំងពីរធ្វើដំណើរចេញពីប្រជុំនៅរដ្ឋសភា។ ក្រុមបាតុករគឺជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលទាមទារឲ្យរដ្ឋសភាដក លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា ចេញពីតំណែង។
លោក ញ៉យ ចំរើន និងលោក គង់ សភា ធ្លាប់បញ្ជាក់ថា ពួកលោកនៅព្រួយបារម្ភពីសន្តិសុខផ្ទាល់ខ្លួន ពេលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពីសម្រាកព្យាបាលនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
