មន្ត្រី​​​បក្ស​ប្រឆាំង​​នឹង​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​៨ សីហា

0:00 / 0:00

លោក សុន ឆ័យ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ថ្ងៃ​ទី​៥ សីហា មុន​ពេល​ចូល​ធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​ថា ក្រោយ​ពី​ធ្វើ​សច្ចាប្រណិធាន​ហើយ សមាជិក​សភា ៥៥​រូប មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា។

លោក​បញ្ជាក់​ថា ការ​ចូល​ធ្វើ​សច្ចាប្រណិធាន និង​ប្រជុំ​សភា​នេះ មិន​មែន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាល់ច្រក ឬ​មាន​ការ​គំរាមកំហែង​ណា​មួយ​ឡើយ។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា រាល់​បញ្ហា​នានា​ដែល​នៅ​សេសសល់​មិន​ទាន់​ដោះស្រាយ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ចំពោះ​ករណី​យុវជន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ឃុំ​ខ្លួន ហើយ​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​នោះ លោក សុន ឆ័យ បាន​ចាត់​ទុក​ថា នោះ​ជា​បញ្ហា​នយោបាយ ហើយ​រឿង​នេះ​ត្រូវ​ដោះស្រាយ​តាម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​កន្លង​មក​ស្រាប់​ហើយ។

បន្ថែម​លើ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​បន្ទាប់​ពី​​​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​នេះ​ថា លោក​​​សង្ឃឹម​ថា យុវជន​ទាំង ៣​នាក់ នឹង​ត្រូវបាន​​ដោះលែង​ឆាប់ៗ​នេះ។

នៅ​ថ្ងៃ​ទី​៥ សីហា នេះ​ដែរ នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ជូន​ដំណឹង​ចំពោះ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា នៅ​អង្គារ ទី​៦ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​ព្រឹក ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា នឹង​បន្ត​ការ​ពិភាក្សា​លើ​បញ្ហា​សេសសល់​បន្ត​ទៀត នៅ​វិមាន​រដ្ឋ​សភា​បន្ទប់​លេខ​២៧។សមាសភាព​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ឈាង វុន ចំណែក​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។