តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​សួរ​អំពី​ចំណូល​ពី​អាជីវកម្ម​ខ្សាច់

ក្រុម​អ្នក​តំណាងរាស្ត្រ​ភាគ​តិច​ក្នុង​រដ្ឋ​សភា ជួប​ពិភាក្សា​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្ដោត​សំខាន់​លើ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ជំនួប​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​វិច្ឆិកា ដឹក​នាំ​ដោយ​លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុន ឆ័យ បញ្ជាក់​ថា កិច្ច​ពិភាក្សា​នោះ ក្រុម​អ្នក​តំណាងរាស្ត្រ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្វែង​យល់​ពី​កិច្ច​ការពារ​បរិស្ថាន និង​ផ្ដល់​ព័ត៌មាន​ជុំវិញ​រឿង​នេះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ថា ព័ត៌មាន​ទាំង​នេះ គឺ​ជា​ឯកសារ​បន្ថែម​ទៀត​ក្នុង​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​គណៈកម្មការ​នៃ​រដ្ឋ​សភា​កោះ​ហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មក​សួរ​នាំ​ទាក់ទង​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​ជាតិ ដែល​បាន​មក​ពី​អាជីវកម្ម​ខ្សាច់ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​មិន​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន៖ «យើង​ឯកភាព​គ្នា​ថា នឹង​ត្រូវ​កោះ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​មក​សាកសួរ​ផ្ទាល់​មាត់​ហើយ​នឹង​ប្រមូល​ឯកសារ​មួយ​ចំនួន​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ដែរ...»

លោក​បន្ត​ថា ក្រុម​តំណាងរាស្ត្រ​នឹង​ទទួល​យក​នូវ​ក្ដី​កង្វល់​របស់​សង្គម​ស៊ីវិល ស្ដីពី​អាជីវកម្ម​បូម​ខ្សាច់​សមុទ្រ​នៅ​ខេត្ត​កោះកុង ដែល​កំពុង​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ធនធាន​ធម្មជាតិ ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ព្រម​ទាំង​បញ្ហា​ពុករលួយ​ក្នុង​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៅ​ពិភាក្សា​ក្នុង​រដ្ឋ​សភា ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​នេះ។

លោក សុន ឆ័យ សង្ឃឹម​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​នឹង​ចូល​សហការ​ជាមួយ​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន​​ដូច​គ្នា​នេះ​ដែរ ដើម្បី​ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ និង​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​មួយ​ប្រកប​ដោយ​តម្លាភាព និង​សមធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។