មន្ត្រី​បក្ស​ប្រឆាំង​ទៅ​សួរ​សុខទុក្ខ​​សកម្មជន​ជាប់​ឃុំ​​នៅ​ព្រៃស

0:00 / 0:00

នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​អ្នក​តំណាងរាស្ត្រ​មួយ​ក្រុម ចូល​សួរ​សុខទុក្ខ​សកម្មជន​ដីធ្លី ព្រះ​សង្ឃ និង​សកម្មជន​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា កម្លាំង​នគរបាល​​មួយ​ក្រុម​អម​ដោយ​បារាស់​ផង ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មុខ​ពន្ធនាគារ​ព្រៃស ក្នុង​គោល​ដំណង​រារាំង​មិន​ឲ្យ​ចូល​ជួប​អ្នក​ជាប់​ឃុំ ប៉ុន្តែ​របាំង​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​ទៅ​វិញ ក្រោយ​មាន​ការ​សម្របសម្រួល។

ថ្វី​បើ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ជា​ញឹកញាប់​ហើយ​ក្ដី តែ​ការ​ចូល​ជួប​អ្នក​ជាប់​ឃុំ​លើក​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ព្រះសង្ឃ ៣​អង្គ និង​សកម្មជន​គណបក្ស​ប្រឆាំង ៤​រូប​ផ្សេង​ទៀត ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ​ប្រឆាំង​ការ​ឃុំ​ខ្លួន ដែល​ក្រុម​អ្នក​ជាប់​ឃុំ​ចាត់​ទុក​ថា ជា​សាលក្រម​ដែល​ពុំ​បាន​ផ្អែក​លើ​អង្គហេតុ​ត្រឹមត្រូវ និង​ថែម​ទាំង​ជា​សេចក្ដី​សម្រេច​ដែល​អនុវត្ត​ក្រោម​សម្ពាធ​ឥទ្ធិពល​នយោបាយ​ទៀត​ផង។

ក្នុង​លិខិត​ដែល​សរសេរ​ដោយ​ផ្ទាល់ដៃ​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក មាជ សុវណ្ណារ៉ា ដែល​ហៅ​ខ្លួន​ឯង​ថា ជា​អ្នក​ទោស​នយោបាយ បញ្ជាក់​ថា លោក​នឹង​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ នៅ​ក្នុង​បន្ទប់​ឃុំឃាំង បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លិខិត​ដដែល​បញ្ជាក់​ដែរ​ថា គោលបំណង​នៃ​កូដកម្ម​នេះ គឺ​ចូល​រួម​ទាមទារ​អោយ​បញ្ចប់​និទ្ទណ្ឌភាព​ក្នុង​សង្គម និង​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ។

លោក ហូរ វ៉ាន់ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ជា​មួយ​លោក សម រង្ស៊ី ទៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ឲ្យ​ដឹង​ថា យុទ្ធនាការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ គឺ​ពុំ​មែន​មាន​តែ​លោក មាជ សុវណ្ណារ៉ា ម្នាក់​ទេ ពោល​គឺ​នៅ​មាន​ព្រះ​សង្ឃ ៣​អង្គ និង​សកម្មជន​គណបក្ស​នយោបាយ ៣​រូប​ផ្សេង​ទៀត ក៏​ចូល​រួម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ​ដែរ៖ «ក្រៅ​ពី​នោះ​យើង​បាន​ជួប​សកម្ម​ជន​របស់​យើង។ ខាង​បុរស​ចំនួន ៧​នាក់​ហើយ ក្នុង​នោះ​មាន​មាន​ព្រះ​សង្ឃ​ដែល​ឯករាជ្យ»

បន្ថែម​ពី​លើ​នេះ លោក ហូរ វ៉ាន់ បញ្ជាក់​ថា ការ​សួរ​សុខទុក្ខ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ទាំង​លោក សម រង្ស៊ី និង​តំណាងរាស្ត្រ​ដទៃ​ទៀត បាន​ជួប​សន្ទនា​ដែរ​ជាមួយ​សកម្មជន​ដីធ្លី​ជា​ស្ត្រី​នៅ​មណ្ឌល​កែប្រែ ម១។ លោក​បន្ត​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​ជាប់​ឃុំ​ដែល​បាន​ជួប​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​រឿង​នេះ។

លោក មាជ សុវណ្ណារ៉ា ត្រូវ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ជុំវិញ​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ដោយ​ឡែក សកម្មជន​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​មុន និង​ក្រោយ​គ្នា​បន្តបន្ទាប់។ ការ​ចាប់​ខ្លួន​អ្នក​ទាំង​នេះ ក្រោម​ហេតុផល​បង្ក​ឲ្យ​ស្ទះ​ផ្លូវ​សាធារណៈ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​មន្ត្រី​ពន្ធនាគារ​ព្រៃស​បាន​​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

បើ​ទោះ​ជា​បែប​ណា លោក ចាន់ សុវ៉េត មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) យល់​ឃើញ​ថា ប្រសិន​បើ​ការ​ធ្វើ​កូដកម្ម​បង្អត់​អាហារ​របស់​អ្នក​ជាប់​ឃុំ​ទាំង​នេះ ប្រែ​ក្លាយ​ទៅ​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​វិញ លោក​ថា អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ គឺ​នាយកដ្ឋាន​នៃ​ពន្ធនាគារ​តែម្ដង៖ «ពួក​គេ​​មាន​ជំងឺ​ឈឺថ្កាត់ ឬ​ក៏​ពួក​គេ​អាច​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​លើ​បញ្ហា​ប្រការ​ណា​មួយ​នោះ អ្នក​ទទួល​ខុស​ត្រូវ​គឺ​ពន្ធនាគារ​នេះ​ឯង»

យ៉ាង​ណា​ការ​ទទួល​ខុសត្រូវ​ក្នុង​សំណុំ​រឿង​ទាំង​នេះ ហាក់​មាន​សង្ឃឹម​តិចតួច​ណាស់​ពី​រដ្ឋាភិបាល ឬ​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ទៀត។ មាន​រឿង​ច្រើន​ណាស់​មក​ហើយ ដែល​សំណុំរឿង​ប្រហាក់ប្រហែល​នេះ​ត្រូវ​បិទ ដោយ​ពុំ​មាន​អ្នក​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ម្ដង​ណា​ឡើយ។

តួ​យ៉ាង​ដូច​ជា​កម្មករ​ត្រូវ​មាន​ស្លាប់ និង​របួស​នៅ​ផ្លូវ​វ៉េងស្រេង ដោយ​ការ​បាញ់​បង្ក្រាប​ដោយ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល ការ​ស្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​កោះពេជ្រ និង​យុវជន​ស្លាប់​ក្នុង​ពេល​បាញ់​កាំជ្រួច ក្នុង​ថ្ងៃ​ខួប​១០​ឆ្នាំ​នៃ​ការ​ឡើង​សោយរាជ្យ​របស់​ព្រះ​មហាក្សត្រ​មុន​ពិធី​បុណ្យ​​អុំទូក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។