បក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​រាល់​កិច្ច​សន្យា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ជូន​បណ្ដា​ប្រទេស​នានា ឬ​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី និង​ក្រុម​វិនិយោគ​ជាដើម ឲ្យ​បាន​ដឹង​ថា បក្ស​នេះ​មិន​ទទួល​ស្គាល់ និង​ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​រាល់​កិច្ច​សន្យា​ផ្តល់​​ប្រាក់​កម្ចី ឬ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ​ផ្សេងៗ ដែល​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥។ ប៉ុន្តែ ជំហរ​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍ និង​ចាត់​ទុក​ជា​សារ​គ្មាន​ន័យ។

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​តុលា បាន​ចេញ​លិខិត​ចំហ​របស់​ខ្លួន ផ្ញើ​ជូន​បណ្ដា​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី និង​ក្រុមហ៊ុន​វិនិយោគ​នានា ស្ដីពី​ការ​ផ្តល់​ប្រាក់​កម្ចី និង​ការ​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ទី​៥។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​ថា មិន​ទទួល​ស្គាល់ និង​ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​រាល់​កិច្ច​សន្យា​ផ្តល់​ប្រាក់​កម្ចី ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការ​ទិញ​លក់ ការ​ដោះ​ដូរ និង​ការ​ជួល​អចលនទ្រព្យ​ដែល​ជា​​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដែល​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ដោយ​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​បាន​បើក​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ហើយ​នៅ​មាន​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ប្រហាក់​ប្រហែល​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ជុំវិញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ ហេតុ​នេះ​ហើយ ទាំង​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ដោយ​ខ្លួន​ឯង មិន​ទាន់​មាន​ដំណោះស្រាយ​ក្នុង​ការ​ស៊ើប​អង្កេត និង​ស្វែង​រក​ការ​ពិត​នៃ​ការ​បោះ​ឆ្នោត​នោះ គឺ​ជា​រដ្ឋសភា​ឯក​បក្ស និង​ជា​រាជ​រដ្ឋាភិបាល​អធម្មនុញ្ញភាព ពោល​គឺ​មិន​ស្រប​ច្បាប់។ ហេតុ​ដូច្នេះ ការ​ចុះ​កិច្ច​សន្យា​ផ្តល់​ប្រាក់​កម្ចី ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការ​ទិញ​លក់ ការ​ដោះ​ដូរ និង​ការ​ជួល​អចលនទ្រព្យ​ដែល​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល ក៏​មិន​ស្រប​ច្បាប់​ដែរ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សួរ​ព័ត៌មាន​បន្ថែម​ពី​មន្ត្រី​នាំ​ពាក្យ​ទាំង​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​មាន​លេខ​ទូរស័ព្ទ​ភ្ជាប់​ជាមួយ​លិខិត​ចំហ​បាន​ទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​អង្គារ ដោយ​ទូរស័ព្ទ​រោទ៍​ច្រើន​សា ប៉ុន្តែ​មិន​មាន​អ្នក​លើក​ទទួល។

ទាក់ទិន​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មិន​ចាប់​អារម្មណ៍​ទៅ​លើ​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នេះ​ទេ។ លោក​ថ្លែង​បែប​ចំអក​ថា សារ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​ជា​សារ​ដើម្បី​ស្រែក​បំពង​សំឡេង​ឲ្យ​កង​រំពង ប៉ុន្តែ​គ្មាន​​ខ្លឹមសារ៖ «អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​កិច្ច​សន្យា​ទាំង​ឡាយ​ទាំង​ពួង យើង​យល់​ឃើញ​ថា កម្រិត​ទៅ​តាម​ច្បាប់។ ច្បាប់​ខ្លះ​ត្រូវ​ការ ៥០ភាគ​បូក ១ ច្បាប់​ខ្លះ​ត្រូវ​ការ ២​ភាគ​៣ នៃ​ចំនួន​ប្រជាពលរដ្ឋ។ ដូច្នេះ យោង​ទៅ​តាម​ច្បាប់ និង​យោង​ទៅ​តាម​ទម្ងន់​នៃ​អំណាច​ច្បាប់។ ដូច្នេះ នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ក្លាយ​ទៅ​ជា​គណបក្ស​មួយ ដែល​ទទួល​បាន​ការ​ចាត់​តាំង​ពី​ព្រះមហាក្សត្រ ទៅ​អង្គុយ​នៅ​រដ្ឋសភា​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​ឮ​សំឡេង​ដើម្បី​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណឹង​ទេ ពីព្រោះ​មិន​ទាន់​បាន​ស្បថ ឬ​ការ​តែង​តាំង​ពី​ព្រះមហាក្សត្រ​នៅ​ឡើយ​ទេ»

បញ្ហា​នេះ​ដែរ លោក សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែង​ថា បើ​សិន​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ មិន​អាច​ចរចា​ត្រូវ​គ្នា ហើយ​ខាង​អន្តរជាតិ​លូក​ដៃ និង​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ហើយ​ទាមទារ​ឲ្យ​កម្ពុជា រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ អាច​នឹង​មាន​ផល​ប៉ះពាល់​លើ​កិច្ច​សន្យា​ផ្សេងៗ​រវាង​ភាគី​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល។ ប៉ុន្តែ បើ​គណបក្ស​ទាំង​ពីរ​ចរចា​ត្រូវរ៉ូវ​គ្នា ហើយ​បង្កើត​រដ្ឋាភិបាល​រួម​គ្នា មិន​មាន​បញ្ហា​ចំពោះ​កិច្ច​សន្យា​ដែល​បាន​ធ្វើ​ជាមួយ​រដ្ឋាភិបាល​​​អាណត្តិ​ទី​៥ ​នេះ​ទេ។

លោក សុក សំអឿន៖ «ក៏ប៉ុន្តែ បើ​សិន​ជា​ទៅ​ថ្ងៃ​ក្រោយ​ទៅ គណបក្ស​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា និង​មាន​ការ​ទទួល​ស្គាល់​មិន​អី​ទេ។ វា​លើក​លែង​តែ​មិន​មាន​ការ​ទទួល​ស្គាល់​រហូត ឬ​មាន​បញ្ហា​វិបត្តិ​អី​មួយ ដែល​មាន​លទ្ធផល​មក​ថា មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ហ្នឹង បាន​ជា​ចាត់​ទុក​ជា​មោឃភាព។ ប៉ុន្តែ ករណី​នេះ​ជា​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​មួយ​ចំនួន​រារែក ប៉ុន្តែ​អ្នក​វិនិយោគ​ខ្លះ​គេ​ប្រថុយ ព្រោះ​គិត​ថា វា​មិន​ដែល​ឈ្លោះ​គ្នា​យូរ​ទេ ជួន​​កាល​គេ​​នៅ​ប្រថុយ​បន្ត​ទៀត។ ខ្ញុំ​លើក​ឧទាហរណ៍​ថា បើ​មាន​អន្តរជាតិ​គេ​គាប​សង្កត់ ហើយ​ដ៏​អ៊ីចឹង​ទៅ វា​ត្រូវ​បង្កើត​គណៈកម្មការ​ថ្មី ហើយ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត ក៏​បោះ​ឆ្នោត​ម្តង​ទៀត​អ៊ីចឹង​ទៅ អា​ហ្នឹង​បាន​មាន​បញ្ហា។ តែ​បើ​ចរចា​ត្រូវរ៉ូវ​គ្នា អា​ហ្នឹង​ជា​គ្មាន​បញ្ហា​អី​ទេ គឺ​ត្រូវ​ចប់»

យ៉ាង​ណា​ក៏ដោយ នៅ​ចុង​បញ្ចប់​នៃ​លិខិត​ចំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​រំពឹង​មុតមាំ​ថា បណ្ដា​ប្រទេស​នានា ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី និង​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ នឹង​ជ្រាប​ដោយ​​ឈរ​លើ​គោលការណ៍​​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ជា​ពិសេស​មិន​ចូល​រួម​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​មិន​រំលោភ​លើ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​អវិជ្ជមាន​នៅ​ពេល​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។