គណបក្សសង្គ្រោះជាតិនឹងមិនធ្វើការសុំទោសចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់នៅគុកទួលស្លែង តាមការទទូចទាមទាររបស់អតីតអ្នកទោសទួលស្លែងនោះទេ បើទោះជាឱសានវាទកំណត់ឲ្យសុំទោសត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា។
អគ្គនាយករងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី២ មិថុនា ថា ការសុំទោសធ្វើទៅបានល្គឹកណាមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានធ្វើខុសពិតមែន។ ប៉ុន្តែលោក កឹម សុខា ធ្លាប់បញ្ជាក់ជាច្រើនលើកតាមសន្និសីទកាសែត និងសេចក្ដីថ្លែងការណ៍ខ្លួនជាច្រើនលើកថា មិនបាននិយាយអ្វីប៉ះពាល់ដល់គុកទួលស្លែងនោះឡើយ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «សុំទោសលុះត្រាតែយើងបានធ្វើខុសនូវទង្វើណាមួយ អាហ្នឹងយើងសុំទោស។ប៉ុន្តែឯកឧត្តម កឹម សុខា លោកបានបំភ្លឺម្ដងជាពីរដងជាសាធារណៈហើយ បញ្ជាក់ពីជំហររបស់លោក បញ្ជាក់ពីសំដីរបស់លោកដែលបានថ្លែងទាក់ទងពីបញ្ហាគុកទួលស្លែងនេះ ដូច្នេះខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរលោកអាចជ្រាបបានហើយ»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអតីតអ្នកទោសទួលស្លែង លោក ជុំ ម៉ី ស្នើឲ្យទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួនដែលបាននិយាយថា គុកទួលស្លែងជាគុកសិប្បនិមិត្តដោយកំណត់ឲ្យសុំទោសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅគុកនោះ មិនឲ្យលើសពីថ្ងៃទី៣ ខែមិថុនា។ប៉ុន្តែលោក កឹម សុខា មិនទាន់បានឆ្លើយតបតាមការទាមទារនៅឡើយ។
លោក ជុំ ម៉ី បានព្រមានធ្វើបាតុកម្មមនុស្ស ១ម៉ឺននាក់ប្រឆាំងលោក កឹម សុខា ខណៈលោកកំពុងបេសកកម្មនៅបរទេស។
លោក កឹម សុខា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែឧសភា បញ្ជាក់ថា លោកមិនបាននិយាយថា គ្មានការសម្លាប់មនុស្សនៅក្នុងគុកទួលស្លែង ក្នុងរបបខ្មែរក្រហម ឬគុកទួលស្លែង ជាគុកសិប្បនិម្មិតនោះទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ ជឿថា ការធ្វើបាតុកម្មរបស់លោក ជុំ ម៉ី អាចធ្វើទៅបាន ប្រសិនបើមានអ្នកនៅពីក្រោយខ្នង ហើយការធ្វើបាតុកម្មនោះទៀតសោត ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកមិនបានបញ្ជាក់ថា នរណាជាអ្នកនៅពីក្រោយខ្នងនៃគម្រោងបាតុកម្មនោះទេ។ ប៉ុន្តែទំនងសំដៅទៅលើគណបក្សប្រជាជនកម្ពុជា នៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៣០ ខែឧសភា ថា នៅពេលលោក កឹម សុខា ត្រឡប់មកពីសហរដ្ឋអាមេរិក វិញនោះ ពលរដ្ឋនឹងធ្វើបាតុកម្មប្រឆាំងនឹងលោក ប្រសិនបើលោកនៅតែរឹងមិនសុំទោស។
លោក ហ៊ុន សែន៖ «បើមេដឹកនាំនយោបាយរូបនេះមិនធ្វើការសុំទោសទេ បាតុកម្មទ្រង់ទ្រាយធំនឹងអាចកើតមាន មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញទេ វាអាចកើតមាននៅទូទាំងប្រទេសតែម្ដង ទៅកន្លែងណាក៏មានបាតុកម្មស្វាគមន៍ដែរ ព្រោះការនិយាយដោយមិនទទួលខុសត្រូវ។ ហើយតែគេកាត់តហើយ គឺយកទៅធ្វើខ្លួនឯងទៅ តាមដឹងគឺខ្លួនឯងនៅតែរក្សាខ្សែអាត់ហ្នឹង។ សូមមេត្តាអស់លោកកុំផ្ទេរជម្លោះមកជាមួយខ្ញុំ ឬមេដឹកនាំរដ្ឋាភិបាល ឬគណបក្សប្រជាជនឲ្យសោះ នេះជាជម្លោះរវាងលោកជាមួយប្រជាជនកម្ពុជា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសមាគមក្សេមក្សាន្ត លោក ជុំ ម៉ី និងជាអតីតអ្នកទោសទួលស្លែង បានទេ នៅថ្ងៃទី២ ខែមិថុនា។ ប៉ុន្តែអនុប្រធានសមាគមក្សេមក្សាន្ត លោក ប៊ូ ម៉េង និងជាអតីតអ្នកទោសទួលស្លែងដែរនោះ បញ្ជាក់ថា ការសុំទោស ឬមិនសុំទោសរបស់លោក កឹម សុខា មិនសំខាន់សម្រាប់លោកនោះទេ ព្រោះអ្វីៗទាំងអស់កើតឡើងដោយការរៀបចំរបស់អ្នកនយោបាយ។
លោកបញ្ជាក់ថា ប្រសិនបើមានការធ្វើបាតុកម្មមែននោះ លោកមិនចូលរួមជាមួយលោក ជុំ ម៉ី ឡើយ ព្រោះលោកចង់ឋិតនៅឆ្ងាយពីរឿងនយោបាយ ហើយស្ថិតនៅក្នុងភាពអព្យាក្រឹត៖ «ខ្ញុំនៅអាជ្ញាកណ្ដាលក្នុងនាមខ្ញុំអព្យាក្រឹត។ ការសុំទោស ឬមិនសុំទោសអាហ្នឹងនៅលើគណបក្សដែលគេនិយាយទេ ខ្ញុំប្រហែលជាមិនចូលរួមបាតុកម្មទេ»។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា នៅគ្រាដែលការបោះឆ្នោតឈានជិតមកដល់ ជាទម្លាប់សម្រាប់អ្នកនយោបាយខ្មែរដែលធ្វើការវាយប្រហារគ្នាទៅវិញទៅមករវាងឥស្សរជននយោបាយប្រឆាំង និងបក្សកាន់អំណាច ដើម្បីបង្កើនកម្ដៅនយោបាយ ជាការទាញយកការគាំទ្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែការវាយប្រហារណាមួយដោយសម្ដី ឬសកម្មភាពនោះ បែរជាធ្វើឲ្យការបោះឆ្នោតអាប់អួទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។