មន្ត្រី​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​បាត់​លុយ​ជំនួយ​១០​ម៉ឺន​ដុល្លារ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ខ្លះ ដែល​ផ្សាយ​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​ធ្វើ​ឲ្យ​បាត់​លុយ​ជំនួយ ១០​ម៉ឺន​ដុល្លារ។ ប្រាក់​ជំនួយ​ទាំង​នោះ បាន​មក​ពី​មន្ត្រី​យោធា​ផ្កាយ​មួយ ផ្កាយ​បី និង​ឧកញ៉ា​ក្នុង​ស្រុក​មួយ​ចំនួន។

លោក ញ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នោះ នៅ​ថ្ងៃ​ទី​៣ ធ្នូ ថា ជា​ល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ៖ «យើង​ដឹង​ហើយ​ថា នេះ​ជា​ល្បិច​ដដែល​ជា​ដដែល ជា​ការ​ញុះញង់​បំបែក​បំបាក់​ម្ចាស់​ជំនួយ ជាពិសេស​ម្ចាស់​ជំនួយ​នៅ​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី បំភិត​បំភ័យ​ពួក​គេ​ឲ្យ​អស់​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ»

កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​ចាយ​លុយ​ជំនួយ​ខ្ជះខ្ជាយ ហើយ​មន្ត្រី​ខ្លះ​បាន​យក​ប្រាក់​ជំនួយ​សង់​វីឡា​ផ្ទាល់​ខ្លួន​ទៀត​ផង។ តែ លោក ញ៉ែម បុញ្ញឫទ្ធិ បកស្រាយ​ថា ការ​ពិត​មិន​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ណា​ម្នាក់​ចាយ​វាយ​ប្រាក់​ជំនួយ​ដោយ​មិន​មាន​ការ​សម្រេច​ត្រឹមត្រូវ​ជា​មុន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។