លោក មាជ សុវណ្ណារ៉ា ប្រកាស​ធ្វើ​កូដកម្ម​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ លោក មាជ សុវណ្ណារ៉ា ប្រកាស​ធ្វើ​កូដកម្ម​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ។

ក្នុង​លិខិត​ដែល​សរសេរ​ផ្ទាល់​ដៃ​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា លោក​នឹង​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ លោក​ថា​នឹង​មិន​ទទួល​ទាន​អាហារ មិន​ចេញ​ក្រៅ​បន្ទប់ មិន​ជួប​សន្ទនា​ជាមួយ​ក្រុម​គ្រួសារ ឬ​ភ្ញៀវ​ផ្សេងៗ។

លិខិត​ដដែល​បញ្ជាក់​ដែរ​ថា គោល​បំណង​នៃ​កូដកម្ម​នេះ គឺ​ចូលរួម​ទាមទារ​អោយ​បញ្ចប់​និទ្ទណ្ឌភាព​ក្នុង​សង្គម និង​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។

លោក មាជ សុវណ្ណារ៉ា ត្រូវ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្ដាល​ឲ្យ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់​រង​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។