ប៉ុន្តែ សម្រាប់អ្នកវិភាគឯករាជ្យ បានស្នើដល់មេដឹកនាំបក្សទាំងពីរ ត្រូវងាកមកតុចរចា និងបញ្ឈប់ការបង្ហូរឈាមរវាងខ្មែរគ្នាឯង និងរួមគ្នាអភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
មន្ត្រីគណបក្សប្រឆាំង ឲ្យដឹងថា បន្ទាប់ពីវេទិកាជួបជុំសមាជិកគាំទ្រតាមមូលដ្ឋានត្រូវរងការគំរាមកំហែងពីសកម្មជនបក្សកាន់អំណាច និងកម្លាំងប្រដាប់អាវុធប៉ុន្មានថ្ងៃមកនេះ គណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់មួយនៅល្ងាចថ្ងៃអង្គារ ទី២៨ មករា។
លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍បានបន្តយុទ្ធសាស្ត្រចុះតាមមូលដ្ឋាន ដើម្បីជួបជាមួយម្ចាស់ឆ្នោតជាបន្តទៀតនាថ្ងៃអនាគត៖ «គឺរៀបចំយុទ្ធសាស្ត្រចុះតាមខេត្តមួយចំនួនទៀត ដែលមិនទាន់បានទៅ។ មានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដែលមិនទាន់បានធ្វើ។ យើងយកគោលការណ៍អហិង្សា និងសន្តិវិធី នូវការរៀបចំរបស់យើង គឺជួបជុំជាមួយសកម្មជន និងអ្នកគាំទ្រនៅទីស្នាក់ការខេត្ត។ ដូច្នេះ ជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយនីមួយៗ ក្នុងការធ្វើនយោបាយដោយស្មើភាពគ្នា»។
លោក បុញ្ញឫទ្ធិ ថ្លែងបន្តថា រហូតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជា មិនទាន់បានកំណត់ថ្ងៃជួបចរចាគ្នាជាថ្មីទេ។
កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ អ្នកគាំទ្របក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ ប្រដាប់ដោយដំបងខ្លះផង បានឡោមព័ទ្ធសណ្ឋាគារដែល លោក កឹម សុខា ប្រធានស្តីទីគណបក្សនេះជួលស្នាក់នៅ និងព័ទ្ធទីស្នាក់ការបក្សនៅពេល លោក កឹម សុខា ចុះទៅជួបម្ចាស់ឆ្នោតក្នុងខេត្តកំពង់ចាម។ សកម្មភាពនេះ បានកើតមានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា នៅខេត្តក្រចេះ បានអំពាវនាវដល់អ្នកគាំទ្រឲ្យត្រៀមខ្លួនប្រឆាំងតបតរាល់ទង្វើមានចរិតផ្ដួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោត៖ «ហើយមានអ្នកខ្លះគេនិយាយថា បើគណបក្សប្រជាជន ចេញមក គឺគ្មានមនុស្សប្រហែលជាមួយដំបស្វា! អ៊ីចឹងដឹងហ្ហែ បើ ហ៊ុន សែន ចេញមុខធ្វើ មិនមែនតូចតាចទេ។ ឧបមាថា ខ្ញុំមិនធ្វើទេ ក៏ប៉ុន្តែជាអ្នកបង្ហើបទ្វារ។ ក៏ប៉ុន្តែមានពេលខ្លះវាមិនចាំបាច់ទេ តែមានបងប្អូនខ្លះគេឈឺចាប់ណាស់កន្លងទៅ។ បើសិនជាខ្ញុំប្រើវិធីយកបន្លាជោះបន្លា បក្សប្រឆាំងមានមនុស្សគាំទ្រធ្វើបាតុកម្ម ចុះបក្សកាន់អំណាចក្រែងមានមនុស្សគាំទ្រដែរ ឬបានជាកាន់អំណាចកើត»។
ទាក់ទិនបញ្ហានេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានបង្ហាញការព្រួយបារម្ភខ្លាចកើតមានអំពើហិង្សារវាងសមាជិកគាំទ្រគណបក្សទាំងពីរនាថ្ងៃអនាគត បើសិនជាមេដឹកនាំបក្សទាំងពីរមិនជួបចរចាបញ្ចប់ជម្លោះបោះឆ្នោតឲ្យបានឆាប់ទេ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានផ្តល់វិភាគថា អ្នកនយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ល្មមបញ្ឈប់បង្ហាញកម្លាំងគាំទ្រតែរៀងៗខ្លួនទៀតហើយៗងាកមកតុចរចាបញ្ចប់ជម្លោះបោះឆ្នោតឲ្យបានឆាប់។ លោកបន្តថា ឈាមខ្មែរនឹងបន្តហូរឥតឈប់ឈរនាថ្ងៃអនាគត បើអ្នកនយោបាយខ្មែរមានៈ និងមិនបានតម្កល់ផលប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គលនោះទេ៖ «ទី១សូមឲ្យមើលប្រវត្តិសាស្ត្រ ថាការប្រើប្រាស់កម្លាំងមិនមែនជាដំណោះស្រាយទេ។ ការជួបជាមួយអ្នកគាំទ្រ គឺជួបហើយ ការបង្ហាញកម្លាំង វាសមល្មមហើយ តាំងពីខែសីហា មកដល់ដាច់ខែមករា ឆ្នាំ២០១៤។ ដោយម្ខាងប្រើប្រាស់កម្លាំងប្រជាជន និងម្ខាងទៀតប្រើប្រាស់កម្លាំងបង្ក្រាប គឺឃើញសព្វគ្រប់អស់ហើយៗទិដ្ឋភាពទី២ គឺយើងមើលប្រវត្តិសាស្ត្ររយៈពេល ៣០ឆ្នាំ គ្រាន់តែប្រើកម្លាំង ប៉ុន្តែដល់ពេលដោះស្រាយ គឺដោះស្រាយនឹងចុងប៊ិច។ អ៊ីចឹង សូមឲ្យវិលមកកាន់តុចរចាវិញ ក្នុងរូបភាពណាមួយ ដើម្បីឲ្យមានភាពសុខសាន្ត»។
ការបោះឆ្នោតនីតិកាលទី៥ បានចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសនៈសភាចំនួន៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ មិនយល់ព្រមទទួលយកលទ្ធផលនេះឡើយ ដោយចោទថាមានការបន្លំសន្លឹកឆ្នោត និងបន្តតវ៉ាទាមទារយុត្តិធម៌លើលទ្ធផលបោះឆ្នោត រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
