សកម្មជននៃគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តព្រះវិហារ កំពុងស្វែងរកជំនួយផ្នែកច្បាប់ដើម្បីការពារខ្លួនពីការគាបសង្កត់ និងគំរាមកំហែងមកលើរូបគាត់។ ការស្វែងរកជំនួយផ្នែកច្បាប់ដើម្បីការពារខ្លួននេះ ធ្វើឡើងនៅក្រោយពេលដែលសកម្មជនរូបនោះដឹងថា ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធ បានដាក់ពាក្យប្ដឹងរូបគាត់ពីបទបរិហារកេរ្តិ៍។
មន្ត្រីទំនាក់ទំនងសាធារណៈ និងការងារបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មួយរូប បានចោទប្រកាន់ក្រុមប្រឹក្សាសង្កាត់កំពង់ប្រណាក មកពីគណបក្សកាន់អំណាចថា គឺជាអ្នកនៅពីក្រោយខ្នងនៃការជំរុញ ព្រមទាំងជួយរៀបចំឯកសារឱ្យប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធប្ដឹងរូបគាត់ពីបទបរិហារកេរ្តិ៍។
ការជំរុញឱ្យប្ដឹងរឿងព្រហ្មទណ្ឌនោះ គឺធ្វើឡើងបន្ទាប់ពីរូបគាត់បានដាក់ពាក្យប្ដឹងទៅក្រុមប្រឹក្សាសង្កាត់ ឱ្យលុបឈ្មោះប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះចេញពីបញ្ជីបោះឆ្នោតរបស់ (គ.ជ.ប) ដោយសារតែគាត់ដឹងថា អ្នកទាំងពីរនាក់គឺជាជនជាតិវៀតណាម។
សមាជិកគណៈកម្មាធិការទំនាក់ទំនងសាធារណៈ និងការងារបោះឆ្នោតនៃគណបក្សសង្គ្រោះជាតិ ខេត្តព្រះវិហារ គឺលោក រ៉ុង ជាន។ លោកអះអាងនៅរសៀលថ្ងៃច័ន្ទ ទី១៦ ខែមករា ថា លោកបានប្ដឹងតវ៉ាទៅសាលាសង្កាត់កំពង់ប្រណាក កាលពីថ្ងៃទី១៣ ខែមករា ឱ្យលុបឈ្មោះប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធ ឈ្មោះ ទៀប ពៅ និងឈ្មោះ ចាន់ សុគន្ធ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយសារតែលោកដឹងថា អ្នកទាំងពីរមិនមែនជាពលរដ្ឋខ្មែរទេ។ នៅថ្ងៃទី១៤ ខែមករា ក្នុងពេលកាត់ក្ដី គឺចៅសង្កាត់កំពង់ប្រណាក បានច្រានចោលបណ្ដឹងតវ៉ានោះដោយថា ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធ គឺមានឯកសារគ្រប់គ្រាន់សម្រាប់ចុះឈ្មោះបោះឆ្នោត។
លោក រ៉ុង ជាន បញ្ជាក់ថា ចៅសង្កាត់កំពង់ប្រណាក មកពីគណបក្សកាន់អំណាច មិនត្រឹមតែមិនព្រមលុបឈ្មោះអ្នកទាំងពីរចេញពីបញ្ជីអ្នកចុះឈ្មោះបោះឆ្នោតទេ គឺថែមទាំងនៅពីក្រោយខ្នង និងជ្រោមជ្រែងឱ្យដាក់ពាក្យប្ដឹងប្រឆាំងរូបលោកពីបទបរិហារកេរ្តិ៍ទៀតផង៖ «គេមិនលុបឈ្មោះហ្នឹងចោលទេ ថែមទាំងគេដាក់ពាក្យប្ដឹងខ្ញុំទៀត។ ក្នុងនោះមានក្រុមការងារសង្កាត់កំពង់ប្រណាក នៃគណបក្សកាន់អំណាច គាត់ឱ្យយោបល់ និងជួយសរសេរពាក្យបណ្ដឹងឱ្យប្រជាពលរដ្ឋនោះផង»។
ក៏ប៉ុន្តែក្រុមប្រឹក្សាសង្កាត់កំពង់ប្រណាក បានបដិសេធចោលចំពោះការចោទប្រកាន់ដែលថា អាជ្ញាធរគឺជាអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះ។
ចៅសង្កាត់កំពង់ប្រណាក លោក កុក ឈួន មានប្រសាសន៍ថា ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះ គឺជាជនជាតិខ្មែរមកពីភូមិជ័រ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានលិខិតឆ្លងដែនសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅខេត្តព្រះវិហារ ត្រឹមត្រូវ មិនមែនជាជនជាតិវៀតណាម ទេ។
លោកចៅសង្កាត់បញ្ជាក់ថា ប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធនោះ ពិតជាបានដាក់ពាក្យប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិមែន ប៉ុន្តែអាជ្ញាធរមិនបាននៅពីក្រោយខ្នងនៃការប្ដឹងនោះទេ៖ «កុំនិយាយដូច្នោះ ខ្ញុំអត់បាននៅពីក្រោយខ្នងទេ។ ចុះឯងប្ដឹងគេក៏បាន ដល់ពេលគេប្ដឹងវិញ ម៉េចក៏មិនបាន»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា រូបលោកមិនទាន់បានដឹងរឿងប្ដឹងផ្ដល់ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិនោះនៅឡើយទេ ហើយលោកនឹងស្រាវជ្រាវបញ្ហានេះនៅពេលឆាប់ៗ។
នេះជាករណីទី២ហើយ ដែលសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រជាពលរដ្ឋប្ដឹងទៅតុលាការដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ក្នុងរឿងចុះឈ្មោះបោះឆ្នោត។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រធានយុវជនគណបក្សសង្គ្រោះជាតិ ក្រុងសៀមរាប ឈ្មោះ សៀក ចំណាប់ ក៏ត្រូវបានតុលាការខេត្តសៀមរាប កោះហៅទៅសាកសួរជុំវិញបទបរិហារកេរ្តិ៍ដែរ បន្ទាប់ពីគាត់បង្ហោះរូបស្ត្រីម្នាក់ឈ្មោះ ភាព តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយអះអាងថា ជាជនជាតិវៀតណាម ទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់នគរធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។