មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជួប​អ្នក​ជាប់​ឃុំ​២៣​នាក់​ទោះ​តុលាការ​មិន​អនុញ្ញាត

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ថ្ងៃ​ទី​៣០ មករា ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​សួរ​សុខ​ទុក្ខ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ជាប់​ឃុំ ២២​នាក់​ទៀត ដែល​កំពុង​ជាប់​គុក​ត្រពាំងផ្លុង តាម​ថ្ងៃ​កំណត់ ទោះ​បី​សាលាដំបូង​រាជធានី មិន​ឆ្លើយ​តប​តាម​ការ​ស្នើ​សុំ​ក៏​ដោយ។

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​នៅ​ថ្ងៃ​ទី​៣០ មករា ថា៖ «យើង​បាន​ដាក់​លិខិត​កាល​ពី​ម្សិលម្ង៉ៃ (២៨ មករា) តែ​មក​ទល់​ពេល​នេះ​យើង​មិន​ឃើញ​មាន​ចម្លើយ​ទេ។ តែ​ទោះបី​មាន ឬ​មិន​មាន (ចម្លើយ) ក៏​យើង​ទៅ​ដែរ។ យើង​បាន​រៀបចំ​ទិញ​សម្ភារៈ​អស់​ហើយ»។

នៅ​ដើម​សប្ដាហ៍​នេះ លោក សុន ឆ័យ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង សុំ​អនុញ្ញាត​ចូល​ជួប​អ្នក​ជាប់​ឃុំ ២៣​នាក់ នៅ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ដើម្បី​សួរ​សុខទុក្ខ​និង​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ថ្នាំពេទ្យ​ដល់​ពួកគេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក ជីវ កេង បាន​ទេ នៅ​ថ្ងៃ​ទី​៣០ មករា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម ដោយសារ​ទូរស័ព្ទ​របស់​លោក​រោទ៍​តែ​គ្មាន​អ្នក​ទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។